អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាង ដែលអាចម៍ផ្កាយទំហំ ៣០គីឡូម៉ែត្រ បានបុកផែនដីកាលពី ៣,៤ពាន់លានឆ្នាំមុន

(អូស្ត្រាលី)៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអូស្ត្រាលី បានបង្ហាញភស្តុថា អាចម៍ផ្កាយដធំ មហិមាមួយទំនងជាបុកផែនដី កាលពីរាប់ពាន់លានឆ្នាំមុន ហើយវាធំធេងជាងអ្វីដែលមនុស្សនឹង សត្វធ្លាប់ជួបប្រទះកន្លងមកទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។

ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ក្នុងរដ្ឋធានី កង់បេរ៉ា បានរកឃើញ បំបែងកែវជាច្រើនហៅថា “spherules” នៅតំបន់ភាគខាងលិចប្រទេស ហើយពួក គេទាំងនោះប្រាកដជាត្រូវបានបង្កើតឡើង តាមរយៈការស្ល ដោយកម្តៅខ្លាំងបំផុតនៅពេលដែល មានអាចម៍ដ៏ធំមួយធ្លាក់ទង្គិចលើផែនដី។ នេះបើតាមការថ្លែងរបស់បណ្ឌិត Andrew Glikson របស់ ANU។

ការធ្លាក់នៃអាចម៍ផ្កាយដ៏ធំខាងលើនេះ ទំនងជាបានបង្កគ្រោះរញ្ជួយដីផែនដីខ្លាំងជាងការរញ្ជួយ ពីស្រទាប់ផែនដីខ្លួនឯងរាប់សិបដងទៅទៀត ហើយវាទំនងជាបានបង្កជារលកយក្សស៊ូណាមិ ដែលអាចកម្ទេចតំបន់ទាំងឡាយ នៅជុំវិញកន្លែងអាចម៍ផ្កាយធ្លាក់នោះទៀតផង។
មហន្តរាយខាងលើនេះទំនងជា បានកើតឡើងកាលពី ៣,៤៦ពាន់លានឆ្នាំមុន ដែលអាចម៍ផ្កាយ នោះអាចមានអង្កត់ផ្ចិត ៣០គីឡូម៉ែត្រ ធំជាងជំនាន់ដែលបានវាយប្រហារពពួកសត្វ ដាយណូស័រ កាលពី ៦៥លានឆ្នាំមុនរហូតដល់ទៅ ៣ដងឯណោះ។

គួរបញ្ជាក់ថា តាមការសិក្សារបស់អូស្ត្រាលីកន្លងមក គេបានរកឃើញការវាយប្រហារដោយអាចម៍ ផ្កាយមកលើផែនដីចំនួន ១៧លើកធំៗ កាលពីអំឡុង ២,៥ពាន់លានឆ្នាំមុន។ ការសិក្សានេះ នឹងអាចផ្តល់ជាលទ្ធផលសម្រាប់ការរុករក វត្ថុធាតុនានាដែលបានកកើតលើផែនដី និង ដើម្បីការពារផែនដីពីការប៉ះទង្គិចនានាដោយអាចម៍ផ្កាយ នៅថ្ងៃអនាគត៕

អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាង ដែលអាចម៍ផ្កាយទំហំ ៣០គីឡូម៉ែត្រ បានបុកផែនដីកាលពី ៣,៤ពាន់លានឆ្នាំមុន

ប្រភពៈ freshnewsasia