ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​​លើក​ទី​២ ជិត​ចូល​មក​ដល់​នៅ​មុខ​ទី​លានជល់ដំរី

ខេត្តសៀមរាប ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខែ​ពិសាខ នៅ​ឯ​វាល​ព្រះ​មេរុ ស្ថិត​នៅ​ខាងជើង​ព្រះ​បរមរាជវាំង​នៃ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ តែ​ឆ្នាំ​ខ្លះ​ព្រះរាជ​ពិធី​នេះ​ក៏​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ដែរ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​។ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ​បរិភោគ​របស់ «​គោ​ឧសភរាជ​»​។

ម្យ៉ាងទៀត​ក៏​ជា​ការ​ដាស់តឿន​ក្រើនរំឭក​ដល់​ប្រជានុរាស្ត្រ​ខ្មែរ​ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យ​បានដឹង​ថា រដូវវស្សា​បាន​ចូល​មក​ដល់​ហើយ​។  ដោយឡែក​នៅ​ឆ្នាំវក អដ្ឋស័ក ព​.​ស​.២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទី​លានជល់ដំរី ក្រុង​អង្គរធំ នឹង​ក្លាយជា​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ជា​ថ្មី​ម្តងទៀត ដែល​នេះ​ជា​លើក​ទី​២​ហើយ (​លើក​ទី​១​នៅ​ឆ្នាំ​២០១១) សម្រាប់​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ​នៅ​លើ​ទឹកដី​អង្គរ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​នាម​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​មាន​តួនាទី​គ្រប់គ្រង និង​រៀបចំ​រមណីយដ្ឋាន​អង្គរ បាន​សហការ​រៀបចំ​ទីតាំង​សង់​ព្រះ​ពន្លាជ័យ វេទិកា ជម្រក​គោ​ឧសភរាជ និង​ទីកន្លែង​សម្រាប់​ដង្ហែ​ស្តេច​នាគ និង​មេ​ហួ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​រៀប ចំ​ពិធីបុណ្យ​ជាតិ​-​អន្តរជាតិ សាលាខេត្ត​សៀមរាប និង​គ្រឹះស្ថាន​អង្គ​រលើ​ការងារ​រៀបចំ​ព្រះ​ស្រែ ដាំ​ស្មៅ ស្រោច​ស្មៅ រៀបចំ​បង្គន់​អនាម័យ រៀបចំ​ស្តង់​តាំង​ពិ​ព័រ​ណ៌​ការងារ​នានា ចង​បដា​ពាក្យស្លោក​រក្សា​សណ្តាប់ធ្នាប់ និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ក្រុមការងារ និង​ប្រជាពលរដ្ឋ​រួម​ទាំង​ប្រទេស ដែល​បាន​មក​ចូលរួម ពី​តាម​បណ្តា​ខេត្ត​/​ក្រុង គ្រប់​កិច្ចការ​ដែល​បម្រើ​ឱ្យ​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​នេះ​បាន​យ៉ាង​រលូន​ផង​ដែរ​៕