ទំនៀមទម្លាប់​ទាក់ទិន​ការ​ស្លាប់​របស់​ជនជាតិ​ព្នង

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់ វប្បធម៌​ពី​បុរាណ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ខេត្តមណ្ឌលគិរី នៅ​តែ​រក្សា​បាន​មក​ដល់​បច្ចុប្បន្ន ។ ទោះបីជា​ទំនៀមទម្លាប់​ខ្លះ​វា​បង្ក​ការ​លំបាក​ដល់​ពួក​គេ​ក៏​ដោយ ក៏​មិន​អាច​បោះបង់​ទាំងស្រុង​បាន​ឡើយ ។

ទំនៀម​នៅ​ពេល​មាន​មនុស្ស​ស្លាប់ ជនជាតិ​ដើម​ព្នង​បាន​បែងចែក​ជា​ពីរ គឺ​ការ​ស្លាប់​ដោយ​ជំងឺ និង​ការ​ស្លាប់​ដោយ​តៃហោង ។ ការ​ស្លាប់​ទាំង​ពីរ​ប្រភេទ​នេះ គឺ​មានការ​សែនព្រេន​ខុស​គ្នា ។ 

ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សម្រាប់​ប្រពៃណី​ជនជាតិ​ព្នង​ដែល​បន្សល់​ទុក​តាំងពី​ដូនតា​របស់​ពួក​គេ​មក​យល់​ឃើញ​ថា ការ​ស្លាប់​ដោយ​ឧបទ្ទវហេតុ​ណាមួយ មិនមែន​ស្លាប់ ដោយសារ​ជំងឺ គឺ​គេ​ចាត់​ទុក​ថា​ជន​នោះ​ជា​មនុស្ស​ចង្រៃ​ក្នុងភូមិ ដូច្នេះ​គ្រួសារ​សព​ត្រូវ​ចាត់ទុកជា​គ្រួសារ​ចង្រៃ និង​ត្រូវ​បណ្ដេញ​ចេញពី​ភូមិ​រយៈពេល​បី​ឆ្នាំ ។ ក្រោយ​ការ​ស្លាប់ ភ្លាម​ៗ​ដោយ​ឧបទ្ទវហេតុ​របស់​សមាជិកគ្រួសារ​នោះ គ្រួសារ​សព​ត្រូវ​រៀបចំ​ពិធីសែនព្រេន​ដ៏​ធំ​មួយ​ជូន​អ្នក​ភូមិ ដើម្បី​ឧទ្ទិស​ដល់​អារក្ស អ្នកតា សុំ​ការ​អភ័យទោស ឈប់​បន្ត​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​តៃហោង​ក្នុងភូមិ​តទៅ​ទៀត ។ បើ​ពុំ​ដូច្នោះ​ទេ​ញាតិ​ជិតខាង​នឹង​មិន​ចូលរួម​ពិធី​បុណ្យសព​ឡើយ ហើយ​អ្នក​ភូមិ​នឹង​មិន​ឲ្យ​គ្រួសារ​នោះ​ត្រលប់​ចូល​ភូមិ​វិញ​ជា​រៀង​រហូត ។

ការ​រៀបចំ​សែនព្រេន​បួងសួង​ដល់​អារក្សអ្នកតា​នោះ តម្រូវ​ឲ្យ​គ្រួសារ​សព​ដាក់​សែន ឬ​បូជា​សាច់​ស្រស់​ដូច​ជា​ជ្រូក មាន់ ទា ឆ្កែ គោ ក្របី ស្រា​ពាង​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ​សម្ភារ​ទាំងអស់​របស់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​តៃហោង រួម​ទាំង​ផ្ទះ ឬ​វត្ថុ​មាន​តម្លៃ​ណា​ក៏​ដោយ​ក៏​ត្រូវ​យក​ដុត​កម្ទេច​ទាំងអស់ ដោយ​ជនជាតិ​ព្នង​យល់​ឃើញ​ថា​របស់​ដែល​ជន​រង​គ្រោះ​ធ្លាប់​ប្រើ​ក៏​អាច​នាំ​ភាព​ចង្រៃ​ដែរ ។

ជនជាតិ​ព្នង​រស់នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​ឲ្យ​ដឹង​ថា មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ទំនៀមទម្លាប់​មួយ​នេះ​នៅ​តែ​ត្រូវ​បាន​ជនជាតិ​ព្នង​ប្រកាន់ខ្ជាប់​ដដែល ។ ជនជាតិ​ព្នង​ក្នុង​តំបន់​ខ្លះ​អនុវត្ត​ទំនៀមទម្លាប់​មួយ​នេះ​បាន​ទាំងស្រុង រីឯ​ជនជាតិ​ព្នង​ខ្លះ​ទៀត​ពុំ​អាច​អនុវត្ត​បាន​ទាំងស្រុង​ទេ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​ការ​រៀបចំ​ដាក់​សែនព្រេន​ដូច​ជា គោ ក្របី ជ្រូក មាន់​ទា នោះ គឺ​ចំណាយ​អស់ប្រាក់​ច្រើន ។ បើ​ពួក​គេ​ប្រកាន់​យក​ទម្លាប់​នេះ​ខ្ជាប់ខ្ជួន​ពេក គឺ​ដូច​ជា​ធ្វើបាប​ដល់​គ្រួសារ​សព​ខ្លាំង​ពេក ដូច្នេះ​ជនជាតិ​ព្នង​ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​តំបន់​ខ្លះ​បាន​ប្រែក្លាយ​ពី​ការ​ដាក់​សែន​គោ ក្របី ជ្រូក មាន់​ទា ឆ្កែ ជាដើម​នោះ មក​ត្រឹម​ការ​ដាក់​សែន ឬ​បូជា ត្រឹម​មាន់​ទា ជាមួយ​ស្រា​ពាង ប៉ុណ្ណោះ ។ លើស​ពី​នេះ​មិន​បណ្ដេញ​គ្រួសារ​សព​ចេញពី​ភូមិ ឬ​ដុត​ផ្ទះ​ចោល​ទៀត​ទេ ដោយ​ពួក​គេ​គ្រាន់តែ​ធ្វើ​ផ្ទះ​ឈើ​តូច​មួយ​ដើម្បី​ដុត​ចោល រួម​នឹង​សម្ភារ​ខ្លះ​របស់​ជន​ជន​រង​គ្រោះ​ប៉ុណ្ណោះ មិន​ដុត​ផ្ទះ​ទាំងមូល ឬ​សម្ភារ​ទាំងអស់​របស់​ជន​រង​គ្រោះ​ទេ ព្រោះ​វា​ជា​ការ​ដាក់បន្ទុក​ឲ្យ​គ្រួសារ​សព​ខ្លាំង​ពេក ។ ទោះជា​យ៉ាងណា​ក្ដី​ជនជាតិ​ដើម​ភាគតិច​ព្នង​ភាគច្រើន​ក្នុង​ខេត្ត​មណ្ឌល​គិរី មួយ​ភាគ​តូច​នៅ​តែ​អនុវត្ត​ទម្លាប់​ដែល​បន្សល់​ទុក​ពី​ដូនតា​របស់​ពួក​គេ​ស្ទើរ​ទាំងស្រុង ។

ជនជាតិ​ដើម​ភាគតិច​ព្នង​បញ្ជាក់​ថា ចំពោះ​ជនជាតិ​ព្នង​ដែល​ស្លាប់​ដោយ​ជម្ងឺ ឬ​ចាស់​ស្លាប់​នោះ គឺ​មិន​តម្រូវ​ឲ្យ​គ្រួសារ​សែន​គោ ក្របី ជ្រូក មាន់​ទា ទេ ដោយ​ការ​សែនព្រេន​នោះ​គឺ​ធ្វើ​ទៅ​តាម​លទ្ធភាព​ប៉ុណ្ណោះ ហើយនឹង​មាន​ញាតិ​ជិតខាង​ទៅ​កំដរ​ផ្ទះ​សព​រហូត​ដល់​ថ្ងៃ​យក​សព​ទៅ​បញ្ចុះ ឬ​អាច​បន្ត​រៀបចំ​ពិធី​ហូប​ស្រា​ពាង​ជាដើម​នៅផ្ទះ​សព​ដល់​៧​ថ្ងៃ ៕