វិធី​ការពារ​ភ្នែក និង ​កម្លាំង​ខ្សែ​ចក្ខុ​របស់​កុមារ

6 Videos


ការថែរក្សាសុខភាពភ្នែកមានសារសំខាន់ណាស់សម្រាប់កុមារដែលអ្នកម្តាយមិនគួរមើលរំលង ហេតុនេះយើងសូមណែនាំវិធីការពារនិងព្យាបាលបញ្ហាភ្នែកមួយចំនួនដែលអ្នកម្តាយគ្រប់រូបគួរយល់ដឹង ៖

វិធី​ការពារ​ភ្នែក និង ​កម្លាំង​ខ្សែ​ចក្ខុ​របស់​កុមារ

តើគួរធ្វើដូចម្តេចខ្លះដើម្បីការពារសុខភាពភ្នែក ?

– ទទួលទានអាហារសុខភាពក្នុងពេលមានគភ៌ និងបន្ទាប់ពីសម្រាលដើម្បីជាគំរូល្អដល់កូន ។
– ផ្តល់អាហារសម្បូរជីវជាតិដល់កុមារ ដូចជា បន្លែ ផ្លែឈើ ធញ្ញជាតិ និងកុំភ្លេចបន្ថែម ត្រីយ៉ាងតិចមួយពេលក្នុងមួយសប្តាហ៍។ អាហារទាំងនេះសម្បូរសារធាតុប្រឆាំងអុកស៊ីដកម្មនិងជីវជាតិសំខាន់ៗដូចជា វីតាមីនសេ វីតាមីនអឺ ស័ង្កសី អាស៊ីតខ្លាញ់អូមេហ្គា៣ និងលូទីន ។
– ប្រយ័ត្នកុំឱ្យក្មេងលេងរបស់ស្រួចៗ និងឱ្យលេងរបស់ដែលជំនួយដល់ការវិវត្តភ្នែក ។
– ពិនិត្យមើលកែវភ្នែករបស់ទារកថាតើមានភាពមិនប្រក្រតីឬយ៉ាងណា ដូចជាមានប្រឡាក់គ្រាប់ភ្នែកស្រលៀងឬស្រឡេវ ។
– ការពារភ្នែកពីពន្លឺថ្ងៃដោយពាក់វ៉ែនតា មួក ឬបាំងឆ័ត្រ ។

តើគួរធ្វើដូចម្តេចទើបសុខភាពភ្នែកវិវត្តទៅភាពកាន់តែប្រសើរឡើង

– កុំដាក់របស់លេងជិតឬឆ្ងាយពេក(ប្រមាណជា ៨ទៅ១២អ៊ីញពីក្មេង) ។
– លើកទឹកចិត្តឱ្យកុមារវារដោយខ្លួនឯងជាបច្ច័យមួយដល់ការរៀនប្រើភ្នែក ។
– និយាយបង្ហាញទិសឬរៀបរាប់ពីនេះពីនោះនៅពេលកុមារវារឬដើរដើម្បីឱ្យក្មេងរំពៃភ្នែកតាមការនិយាយរបស់អ្នក។
– ឱ្យកូនមើលរបស់លេង ហើយប្រាប់ឱ្យមើលល្អិតល្អន់ ។
– ឱ្យក្មេងលេងល្បែងជំនួយដល់ភ្នែកដូចជា ផ្គុំអក្សរឬរូប ផ្គុំដុំឈើ គូររូប ផាត់ពណ៌ លេងដីឥដ្ឋ ជាដើម ។

តើគួរទៅជួបជាមួយពេទ្យចក្ខុញឹកញាប់ប៉ុណ្ណា ? ចំណុចនេះ គួរជួបសួរពេទ្យចក្ខុដោយផ្ទាល់ !

តើគួរធ្វើយ៉ាងណានៅក្នុងករណីសង្គ្រោះបឋម ?

– ក្នុងករណីមានវត្ថុធាតុរាវចូលភ្នែកគួរហាមកុមារកុំឱ្យធ្មេចភ្នែកឬព្រិចភ្នែក ហើយលាងទឹកឬឱនដាក់ភ្នែកក្នុងទឹកប្រមាណ២០នាទី ប្រសិនបើមិនបាត់គួរនាំទៅពេទ្យ ដោយបង្ហាញរបស់ដែលចូលភ្នែកកុមារ ។
– ក្នុងករណីប៉ះត្រូវរបស់ទាលឬដើរបុកអ្វីមួយត្រូវសង្កេតថាតើមានឈាមហូរឬអត់ហើយទាញត្របកភ្នែកដើម្បីពិនិត្យមើលប្រស្រីភ្នែកប្រសិនបើមានបញ្ហាមិនប្រក្រតីត្រូវទៅជួបពេទ្យ ។
– ក្នុងករណីឈឺភ្នែកហើយក្មេងចេះតែញីមិនឈប់ឬប្រាប់ថាមើលមិនច្បាស់គួរទៅជួបពេទ្យដោយយកក្រណាត់សើមត្រជាក់គ្រប់ភ្នែក១៥នាទី ជារៀងរាល់១ម៉ោងម្តង ឬស្អំទឹកកក ។
– ក្នុងករណីបុកត្រូវរបស់ស្រួចកុំប្រើកម្លាំងសង្កត់លើភ្នែកឬត្របកភ្នែក យកអ្វីគ្រប់ឬបិទភ្នែកហើយយកទៅពេទ្យជាបន្ទាន់ដើម្បីឱ្យពេទ្យដកចេញ ៕ លក្ខិណា

  • វិធី​ការពារ​ភ្នែក និង ​កម្លាំង​ខ្សែ​ចក្ខុ​របស់​កុមារ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង