៥ យ៉ាង​ដើម្បី​រក្សា​អារម្មណ៍ល្អ ទោះជា​នឿយហត់​នឹង​មើល​កូន​យ៉ាងណាក៏ដោយ

6 Videos


សម្រាប់មនុស្សស្រីអារម្មណ៍តែងផ្លាស់ប្តូរញឹកញាប់ច្រើនដងក្នុងមួយថ្ងៃៗហើយប្រសិនបើអ្នកជាមាតានៃកូនតូចរពឹសទៀតនោះអារម្មណ៍កាន់តែឆាប់មួម៉ៅនិងងាយប៉ះទង្គិច។ ការចិញ្ចឹមកូនពុំមែនជាកិច្ចការងាយស្រួលនោះទេព្រោះកិច្ចការនេះត្រូវការកម្លាំងចិត្ត កម្លាំងកាយ កម្លាំងបញ្ញា ក្តីស្រឡាញ់ និងការអត់ឱនខ្ពស់។ ដូចនេះប្រសិនបើអ្នកកំពុងជួបនឹងបញ្ហាតានតឹងជារៀងរាល់ថ្ងៃ វក់វីនឹងកិច្ចការផ្ទះផង ចង្ក្រានជើងឆ្នាំងផង នៅមានការងារចិញ្ចឹមជីវិតហើយនៅមានកូនតូចៗត្រូវមើលថែជាប្រចាំខានមិនបានទៀតនោះអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានជាមុនសិន ។ ការខឹង គឺជាបញ្ហាចៀសពុំរួចគ្រាន់តែយើងត្រូវចេះបង្ហាត់ចិត្តបង្វឹកអារម្មណ៍ថាតើគួរឬអាចខឹងបានត្រឹមណាដើម្បីកុំឱ្យអារម្មណ៍ហូរហៀជះចេញមកដូចភ្លើងកំពុងឆេះ ព្រោះកូនពិតជានៅតូចអាចងាយប៉ះពាល់និងបង្កើតជាគំរូមិនល្អទៅថ្ងៃអនាគតសម្រាប់កូន ។ តើគួរធ្វើយ៉ាងណាទើបអាចទប់ស្កាត់បង្ក្រាបអារម្មណ៍ខ្លួនឯងបាននោះ? សូមសាកល្បងវិធីទាំង ៥ ខាងក្រោម ៖

៥ យ៉ាង​ដើម្បី​រក្សា​អារម្មណ៍ល្អ ទោះជា​នឿយហត់​នឹង​មើល​កូន​យ៉ាងណាក៏ដោយ

១. រៀនកត់សម្គាល់អារម្មណ៍របស់ខ្លួនឯងជារៀងរាល់ថ្ងៃ : នៅពេលរងនូវសម្ពាធផ្លូវចិត្តពីកូនម្តងៗ ដូចជា កូនរពឹសពេក កូនប្រើពាក្យមិនគប្បី កូនស្រែកលំអុក ឬយំខ្លាំងដោយសារចង់បានអ្វីមួយ អ្នកគួររម្ងាប់ចិត្តខ្លួនឯងជាមុន ដោយប្រាប់ខ្លួនឯងថា “មកពីកូននៅក្មេងទើបមិនទាន់យល់ក្តីរាក់ជ្រៅ” ដូចនេះ អ្នកមិនត្រូវតបទាំងកំរោលនោះទេ។

២. បញ្ឈប់អារម្មណ៍ស្ត្រេស : បញ្ហាស្ត្រេស៍អាចបណ្តាលឱ្យផ្ទុះកំហឹង ៨០% ប្រសិនបើអ្នកមិនចេះគ្រប់គ្រងបានល្អ។ អ្នកគួររិះរកវិធី និងឆ្លៀតពេលកាត់ស្ត្រេស៍ឱ្យបានដើម្បីបង្ការអារម្មណ៍បែបនេះ ហើយជាពិសេសនោះត្រូវឆ្លៀតពេលនាំកូនតូចដើរលំហែឱ្យបានញឹកញាប់ផង។

៣. បង្ហាត់ចិត្តខ្លួនឯង : តើអ្នកពិតជាមានអារម្មណ៍ពិបាកចិត្ត ឬខ្លាចណាស់មែនទេ? កុំទុកវាក្នុងចិត្តរហូតគរដូចភ្នំ ហើយលែងអាចរ៉ាបរងបាន។ បើមិនអាចឆ្លៀតពេលញឹកញាប់ទេ អ្នកអាចម្តងម្កាលនិយាយជាមួយមិត្តយល់ចិត្ត ឬបុគ្គលដែលអ្នកទុកចិត្តជាងគេ ដើម្បីរៀបរាប់អំពីទុក្ខលំបាករបស់ខ្លួនឱ្យរសាយចេញអស់ពីទ្រូង។ អ្នកគួរចេះស្រលាញ់ខ្លួនឯងទោះជាក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នោះទើបពិភពលោកស្រលាញ់អ្នកវិញ។

៤. ដោះស្រាយបញ្ហាដែលបណ្តាលឱ្យអ្នកខឹង : គួររៀនសម្គាល់ដោយខ្លួនឯងថាតើអ្នកខឹងនឹងរឿងអ្វីខ្លះ ដោយសារមូលហេតុអ្វី ហើយព្យាយាមរកវិធីដោះស្រាយវា កុំឱ្យកើតឡើងដដែលៗ មួយថ្ងៃជាមួយថ្ងៃ ជួបតែរឿងរំខានចិត្តដដែល។ ការផ្លាស់ប្តូរគឺចាប់ផ្តើមចេញពីខ្លួនយើង ហើយប្រសិនបើអ្នកចាប់ផ្តើមផ្លាស់ប្តូរ នោះអ្នកនឹងឃើញថាអ្នកជុំវិញខ្លួនក៏កែប្រែឥរិយាបថចំពោះអ្នកដែរ។

៥. កង្វល់ពីអតីត : តើអ្នកមានកង្វល់ជាប់ខ្លួនដែលមិនទាន់រសាយចេញដែរឬទេ? ប្រសិនបើបែបនេះ អ្នកចាំបាច់ត្រូវប្រឈមមុខដោះស្រាយ។ វិធីដែលល្អ គួរជួបជាមួយអ្នកយល់ចិត្ត ឬអ្នកប្រឹក្សាផ្លូវចិត្ត។ សូមកុំយកដានងងឹតពីអតីតកាលមកជះលើក្មេងមួយរូបដែលប្រៀបដូចជាក្រដាសស មិនដឹងអ្វីសោះនោះ ៕ លក្ខិណា