ស្វែងយល់ពីប្រវត្តិ និងអត្ថន័យ «បុណ្យពិសាខបូជា» ក្នុងព្រះពុទ្ធសាសនា

(ភ្នំពេញ)៖ ពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យ ព្រះពុទ្ធសាសនាដទៃទៀត ដូចជាបុណ្យមាឃបូជា ជាដើម។ បុណ្យនេះ ត្រូវប្រារព្ធឡើងចំថ្ងៃ១៥កើត ខែពិសាខជារៀងរាល់ឆ្នាំ ហើយសម្រាប់នៅឆ្នាំនេះ បុណ្យពិសាខបូជា ត្រូវប្រារព្ធឡើងចំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

តើអ្វីជាពិធីបុណ្យពិសាខបូជា?

បើយោងតាម សេចក្តីពន្យល់របស់វចនានុ ក្រមខ្មែរ អំពីអត្ថន័យនៃពាក្យ «ពិសាខបូជា» បានឲ្យដឹងថា ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការ បូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសមាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ។ បុណ្យនេះ ធ្វើឡើងដើម្បីរំព្ញកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ជាបុណ្យ កុសលសម្រាប់ពុទ្ធសាសនា។

ហេតុអ្វីចាំបាច់ប្រារព្ធពិធីបុណ្យពិសាខបូជា?

បុណ្យពិសាខបូជា ត្រូវបានពុទ្ធសាសនិក ទាំងគ្រហស្ថ ទាំងបព្វជិត ប្រារព្ធ ធ្វើនៅថ្ងៃ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃខែមហាមង្គល ដែលមានប្រវត្តិទាក់ទងនឹងរឿងខាងក្រោម៖

.កាលដែលព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនីក្រោមដើម សាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ពេញបូរមីខែពិសាខ ក្នុងឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ។ ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចយាងឈានជើងដើរបាន៧ជំហាន ឆ្ពោះទៅកាន់ ឧត្តរទិស (ទិសខាងជើង) ហើយស្រែកនូវ អាសភិវាចារ គឺវាចារដ៏ឧត្តមថា៖ «អគោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស អយមន្តិមា ជាតិ នត្ថិទានំ បុនព្ភវោ»។ ប្រែថា «អាត្មាអញ ជា បុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញ ជាបុគ្គល ប្រសើរបំផុត លើលោក នេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ»។

.ក្រោយពីព្រះពុទ្ធជាម្ចាស់ ទ្រង់សាងព្រះផ្នួស ហើយធ្វើទុក្ករកិរិយា អស់៦ឆ្នាំ ទ្រង់បានត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥កើត ខែពិសាខ ក្នុងឆ្នាំរកា មុនពុទ្ធសករាជ៤៥ឆ្នាំ។

លុះត្រាស់ដឹងហើយទ្រង់បានឧទាននូគាថាថា៖ «អនេកជាតិសំ សារំ សន្ធាវិស្សំ អនិព្វិសំគហការំ គរេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោសិបុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្តា គហកូដំវិសំខតំ វិសំខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា»។ ប្រែថា «អាត្មាអញ កាលមិនទាន់បានជួបប្រទះ ពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះ គឺតណ្ហា អ្នកធ្វើ ផ្ទះគឺអត្តភាពហើយអន្ទោលទៅកាន់សង្សារ មានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗរមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា ឥឡូវនេះយើងបានឃើញ អ្នកច្បាស់ហើយ, អ្នកឯងនឹងធ្វើនូវផ្ទះ គឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយ, ឆ្អឹងជំនីរ គឺកិលេស ទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងទៀតសោត យើងក៏បានបំបាត់ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែល មានសង្ខារទៅប្រាសហើយ, យើងបានដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហា ទាំងឡាយហើយ»។

.ក្រោយពីបានបំពេញពុទ្ធកិច្ចទាំង៥ អស់រយៈពេល៤៥វស្សាមក (ពុទ្ធកិច្ចទាំង៥ មានកិច្ចពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេលរសៀលទ្រង់សម្តែងនូវព្រះ ដល់ពុទ្ធបរិស័ទ, កិច្ចក្នុងបឋមយាមទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ, កិច្ចក្នុង មជ្ឈឹមយាម ទ្រង់ដោះប្រសនាដល់ទេវតា, កិច្ចក្នុងបច្ចិមយាម ទ្រង់ប្រមើលមើល ឧបនិស្ស័យសត្វ) ព្រះពុទ្ធទ្រង់ចូលបរិព្វាន ក្រោមសាលព្រឹក្សទាំងគូ ដោយ អនុបាទិ សេសនិព្វានក្នុងនគរកុសិនារា។

កាលនោះមុននឹងព្រះពុទ្ធទ្រង់ បរិនិព្វាន ពួកមល្លក្សត្រ ទាំងឡាយបានកន្សែងសោយសោកា តានតឹង ឱរាលើកដៃទាំងពីរឡើង ពោបូបាច់ដួលទៅលើប្រថពី បម្រះននៀល ហាក់បីដូចជាបាក់ដៃជើង សោយសេចក្តី សោយស្តាយព្រះជិនស្រី លោកាចារ្យថា៖ ព្រះមានព្រះភាគជាម្ចាស់ឆាប់ បរិនិព្វានពេកណាស់ ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុង លោកអន្តរាយដោយឆាប់រហ័សពេក ហើយ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅ ព្រះអន្ទមកត្រាស់ផ្តែរផ្តាំបណ្តាំ ចុងក្រោយថា៖ «យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា»។ ប្រែថា «ធម៌ និងវិន័យណា ដែលតថាគតបាន សម្តែងហើយ បានបញ្ញត្តទុកហើយដល់អ្នកទាំងឡាយ ធម៌និងវិន័យនោះ នឹងជាសាស្តានៃអ្នក ទាំងឡាយក្នុងកាលអំណើះពី តថាគតទៅ»

ដោយហេតុដ៏អស្ចារ្យទាំង៣ខាងលើនេះ សុទ្ធតែចំថ្ងៃ១៥កើត ពេញបូរមី ខែពិសាខ នេះហើយ (ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធបរិស័ទនាំគ្នាប្រារព្ធ ពិធីបុណ្យពិសាខបូជានេះឡើង។

តាមទំនៀមទំលាប់ ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តិទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបាន ជាគេឃើញនៅគ្រប់វត្តអារាម មានអុចគ្រឿង ប្រទីបជ្វាលាបូជា ភ្លឺព្រោងព្រាត ហើយមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការៈ បូជាមាន ផ្កាភ្ញី ទៀន ធូបជាដើម ទៅប្រជុំ គ្នាយ៉ាងអធឹកអាធ័ម។

នៅយប់នោះរហូតដល់ភ្លឺ គេនាំគ្នាស្តាប់ទេសនាអំពី ពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង។ ប៉ុន្តែបច្ចុប្បន្នការសំដែង ធម្មទេសនា ពុំបានបន្តរដល់ភ្លឺទៀតឡើយ។

តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើក្រោយ ព្រះពុទ្ធបរិនិព្វាន ច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសសិរីលង្កាបាន ប្រារព្ធពិធីបុណ្យនេះ យូរយារណាស់មកហើយ។ ចំណែកប្រទេសថៃ និងប្រទេសខ្មែរយើង ទើបតែចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩នេះ៕

ស្វែងយល់ពីប្រវត្តិ និងអត្ថន័យ «បុណ្យពិសាខបូជា» ក្នុងព្រះពុទ្ធសាសនា

ស្វែងយល់ពីប្រវត្តិ និងអត្ថន័យ «បុណ្យពិសាខបូជា» ក្នុងព្រះពុទ្ធសាសនា

ប្រភពៈ freshnewsasia