កែច្នៃ «​ស្រទបស្លា​» ជា​ «ចាន» ​សម្រាប់​នាំចេញ​

ប្រទេសកម្ពុជាយើងមានធនធានធម្មជាតិរាប់មិនអស់ត្រង់ថាយើងមិនបានប្រើប្រាស់ធនធានធម្មជាតិទាំងនោះឲ្យបានអស់លទ្ធភាពនៅឡើយនាពេលកន្លងទៅ ។ ប៉ុន្តែពេលនេះមានសិប្បកម្មមួយឈ្មោះថា «AT Univers» ជាសិប្បកម្មដំបូងគេមួយនៅកម្ពុជាដែលផលិតចានចេញពីស្រទបស្លាដែលគេមិនដែលគិតដល់នោះដើម្បីនាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ ។

កែច្នៃ «​ស្រទបស្លា​» ជា​ «ចាន» ​សម្រាប់​នាំចេញ​

លោក អុន បឿន អ្នកគ្រប់គ្រង់សិប្បកម្មផលិតផលចានចេញពីស្រទបស្លានៅកម្ពុជានេះបានឲ្យដឹងថាសិប្បកម្មនេះបានចាប់ផ្ដើមបើកផលិតចានចេញពីស្រទបស្លានៅដើមខែឧសភា ឆ្នាំ២០១៦ នេះ ។ ដោយមានការរួមសហការជាមួយជនជាតិកូរ៉េហើយមានទីតាំងស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកកំពង់សៀម ខេត្តត្បូងឃ្មុំ ។ រោងចក្រនេះអាចផលិតចានក្នុង១ថ្ងៃបានចាប់ពី ២០០០ ទៅ ៣០០០ ចាន ដោយមានបុគ្គលិកប្រមាណជា ២២ នាក់ ។ សម្រាប់ការលក់វិញសិប្បកម្មនេះមានគម្រោងបោះដុំ លក់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសផងដែរ។ សម្រាប់តម្លៃនៃការលក់ឬនាំចេញ វិញលោកមិនទាន់បានកំណត់នៅឡើយទេ។

លោក អុន បឿន បានមានប្រសាសន៍ថាគោលបំណងដែលជំរុញឲ្យសិប្បកម្មរបស់លោកបង្កើតចានចេញពីស្រទបស្លានេះឡើងគឺដើម្បីលើកស្ទួយផលិតផលក្នុងស្រុកក៏ដូចជាឲ្យប្រជាពរដ្ឋខ្មែរយើងប្រើប្រាស់ផលិតផលដែលគ្មានជាតិគីមី ។ ពិសេសគឺជួយដល់ប្រជាពរដ្ឋដើម្បីឲ្យពួកគាត់មានចំណូលពីការលក់ស្រទបស្លានិងមានការងារធ្វើនិងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ ៕ សុថាត់