«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

6 Videos


ទេសភាពដ៏ស្រស់ត្រកាលនៃទឹកជ្រោះតាតៃ ពិតជាទាក់ទាញភ្ញៀវទេសចរជាតិ និង បរទេសឱ្យចង់មកទស្សនាទីនេះ ព្រោះតែតាតៃមានការអភិរក្សធម្មជាតិ មានសត្វព្រៃ និង ទឹកជ្រោះតាតៃដ៏ស្រស់ត្រកាល ដែលធ្វើឱ្យក្លាយជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរឱ្យចង់មកទស្សនាក្រៃលែង ជាពិសេសភ្ញៀវទេសចរចូលចិត្តមកទស្សនាទេសភាពទឹកធ្លាក់តាតៃ ព្រមទាំងទស្សនាព្រៃព្រឹក្សាដ៏ខៀវស្រងាត់នៃតំបន់ជុំវិញនោះ ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

អ្នកទេសចរនឹងបានឃើញសត្វព្រៃ និង ធនធានធម្មជាតិបៃតងអមសងខាងផ្លូវទៅកាន់ទឹកជ្រោះតាតៃ ដែលកាន់តែធ្វើឱ្យដំណើររបស់ភ្ញៀវមានភាពរីករាយបន្ថែមទៀត ។ ការធ្វើដំណើរត្រូវចំណាយពេលប្រហែល សែសិបប្រាំនាទីពីទីរួមខេត្តកោះកុង លើចម្ងាយផ្លូវប្រមាណជាង ២០ គីឡូម៉ែត្រទើបទៅដល់ទឹកធ្លាក់តាតៃ ដែលមានទីតាំងនៅក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ។ រុក្ខជាតិ និង សត្វព្រៃនៃតំបន់ជិតៗនោះ ធ្វើឱ្យទឹកជ្រោះនេះក្លាយជាកន្លែងដែលគេចូលចិត្តទស្សនាជាទីបំផុត ។ ពីមួយថ្ងៃទៅមួយថ្ងៃរាល់ទិដ្ឋភាពធម្មជាតិដែលមាននៅទឹកធ្លាក់តាតៃកំពុងទាក់ទាញកំណើនភ្ញៀវទេសចរយ៉ាងច្រើនឱ្យទៅទស្សនា ។ អ្វីដែលមាននៅទីនេះគឺប្រៀបបាននឹងឋានសួគ៌ធម្មជាតិធ្វើឱ្យអារម្មណ៍របស់យើង រំភើបរីករាយមួយរំពេច ហើយបានក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិ និង កែច្នៃគំរូមួយរបស់ខេត្តកោះកុង ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

អ្នកទេសចរដែលនិយមចូលចិត្តទៅលេងនៅតាមតំបន់ទឹកធ្លាក់ធម្មជាតិ តែងតែនឹកឃើញដល់រមណីយដ្ឋានធម្មជាតិសហគមន៍តាតៃជាក់ជាមិនខាន ព្រោះនៅទីនោះជាកន្លែងកម្សាន្តមួយប្រកបដោយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និង មានប្រភពទឹកថ្លាត្រជាក់ធ្លាក់មិនចេះរីងស្ងួត ។ នៅជុំវិញទឹកធ្លាក់តាតៃនេះដែរ គេឃើញមានហែហមអមដោយព្រៃធម្មជាតិមានដើមរុក្ខជាតិទឹកតូច ធំដុះបែកមែកសាខាដែលទាំងនេះជាចំណីចក្ខុសម្រាប់ក្រុមអ្នកទេសចរ ។ ចំណែកនៅឯមាត់ជ្រោះវិញមានជម្រាលថ្មដាធំទូលាយសម្រាប់អង្គុយកម្សាន្ត ស្តាប់ស្នូរទឹកធ្លាក់ចូលទៅក្នុងផ្ទៃអាងលាន់ឮសូរខ្ទ័រ បែកពពុះសក្បុស ត្រដុសនឹងផ្ទាំងថ្ម លម្អដោយធម្មជាតិចម្រុះ ឆ្លុះរំលេចចេញជាទេសភាពពណ៌បៃតង អន្ទងចិត្តអ្នកចិត្តទេសចរឱ្យលង់ មិនចង់ឈានជើងចាកចេញពីទីនេះឡើយ ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

ការទៅព្រៃកោងកាងនៃទឹកដីខេត្តកោះកុង ជាដំណើរទស្សនាចរមួយប្រកបដោយភាពសប្បាយរីករាយសម្រាប់លោកអ្នក និង ពោរពេញទៅដោយភាពស្និទ្ធស្នាលបំផុត ដោយបន្សល់ទុកនូវកម្រងអនុស្សាវរីយ៍ផ្អែមល្ហែមមិនអាចបំភ្លេចបានឡើយ ។ ទឹកធ្លាក់តាតៃត្រូវបានអ្នកដែលធ្លាប់បានទៅដល់ទីនោះចាត់ទុកជាតំបន់លម្ហែកាយធម្មជាតិមួយដែលមានទេសភាពស្អាតប្លែកណាស់ ។ រាល់ទេសភាពទាំងឡាយដែលបានបណ្តែតខ្លួនបង្អួតមនុស្សម្នានៅទឹកធ្លាក់តាតៃនោះជាឱសថទិព្វសម្រាប់ព្យាបាលផ្លូវចិត្តផ្លូវអារម្មណ៍របស់ភ្ញៀវទេសចរឱ្យមានភាពស្រស់ស្រាយរសាយអស់នូវទុក្ខកង្វល់ផងដែរ ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងម្នាក់បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់តាតៃ មានចម្ងាយ ២០ គីឡូម៉ែត្រពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤៨ ស្ថិតនៅក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ហើយតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនេះដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាជាង ៨០ គ្រួសារ ដោយប្រកបរបរកសិកម្ម នេសាទ និង ប្រមាញ់ ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

ទឹកជ្រោះតាតៃមានកម្ពស់ពីរជាន់ ពោលគឺជាន់ទីមួយមានកម្ពស់ពី ៥ ទៅ ៦ ម៉ែត្រ ហូរធ្លាក់តាមជម្រាលថ្ម និង ជាន់ទីពីរមានកម្ពស់ ១២ ទៅ ១៥ ម៉ែត្រ ដែលសព្វថ្ងៃសហគមន៍ទឹកធ្លាក់តាតៃត្រូវបានរៀបចំឱ្យក្លាយទៅជារមណីយដ្ឋានគំរូរបស់ខេត្ត កោះកុងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដោយនៅទីនោះមានបឹងកាឡូសម្រាប់ជួលស្នាក់នៅប្រកបដោយភាពរ៉ូមែនទិក មានបម្រើសេវាកម្មម្ហូបអាហារយ៉ាងសម្បូរបែប រួមទាំងការជិះទូកទស្សនាទេសភាពយ៉ាងស្រស់ត្រកាលផ្សេងៗទៀត ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

ដោយសារតែសហគមន៍អេកូទេសចរណ៍ធម្មជាតិ ទឹកធ្លាក់តាតៃមានសោភណភាពស្រស់បំព្រងប្រៀបបាននឹងនារីក្រមុំនោះ ទើបធ្វើឱ្យកំណើនតួលេខភ្ញៀវទេសចរកើនឡើងគួរឱ្យកត់សម្គាល់ ។
ចំពោះការធ្វើដំណើរកម្សាន្តមកកាន់សហគមន៍អេកូទេសចរណ៍តាតៃនៅខេត្ត កោះកុងទោះជាលក្ខណៈក្រុមគ្រួសារ ឬ ការជួបជុំមិត្តភក្តិក្តី តែងតែទទួលបាននូវភាពសប្បាយរីករាយស្និទ្ធស្នាល និង ពោរពេញទៅដោយកម្រងអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ ព្រោះតែតាតៃជាឋាននិម្មិតនៃធម្មជាតិមួយគ្មានពីរដែលបានធ្វើឱ្យដួងចិត្តអ្នកទេសចរចងចាំមិនភ្លេច ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

តាតៃមានឈ្មោះដើមថា ទឹកជ្រោះតាឥសី ដែលមានរឿងនិទានតំណាលតៗ គ្នាថា មានបុរសម្នាក់ឈ្មោះ តាតៃ បានទៅរកចាប់ត្រីនៅម្តុំក្បាលឆាយទឹកជ្រោះ ព្រោះជាតំបន់តភ្ជាប់ទឹកសាប និង ទឹកប្រៃ ចៃដន្យពេលនោះក៏មានបាតុភូតធម្មជាតិខ្យល់ព្យុះភ្លៀងខ្លាំង បណ្តាលឱ្យក្មេងម្នាក់ជាកូនរបស់គាត់បាត់ខ្លួននៅទីនោះ ។ លុះក្រោយមកអស់រយៈពេល ៤ ទៅ ៥ ថ្ងៃ គេក៏រកឃើញក្មេងនោះនៅកន្លែងដដែលគាត់ក៏សួរនាំ កូនគាត់ ហើយក្មេងនោះក៏ឆ្លើយថា មានមនុស្សម្នាក់បាននាំគេទៅដល់កន្លែងមួយ ស្រាប់តែមនុស្សនោះបានក្លាយទៅជាខ្មោចព្រាយបិសាច មានបំណងសម្លាប់រូបគេ ប៉ុន្តែក៏លេចមនុស្សម្នាក់ដូចជាតាឥសីចេញមកជួយរូបគេ ហើយក៏បាននាំរូបគេត្រឡប់មកវិញ ។

«​តា​តៃ​» រមណីយដ្ឋាន​ទេពនិម្មិត​មួយ​គ្មាន​ពីរ

ឪពុកម្តាយក្មេងមានជំនឿថា នៅទីនោះមាន«អ្នកសច្ចំ» ឬ តាឥសីមកជួយសង្គ្រោះកូនគាត់ និង ក្រោយមកក្បាលឆាយទឹកជ្រោះនេះក៏បានក្លាយជាឈ្មោះ «ជ្រោះឥសី» ឬ «ជ្រោះតាតៃ» ជារៀងរហូតមកដល់សព្វថ្ងៃនេះ ៕