តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

6 Videos


ពិភពលោកពិតជាធំធេងខ្លាំងណាស់ ដោយមានបង្កប់តំបន់ទេសចរណ៍បែបធម្មជាតិប្លែកៗអស្ចារ្យ ធ្វើឱ្យអ្នកដែលបានឮគេនិយាយ អន្ទះសាចង់ទៅឃើញផ្ទាល់នឹងភ្នែកថា តើរូបរាងពិតប្រាកដរបស់ទីកន្លែងទាំងនោះ ពិតជាមានក្នុងលោកនេះមែនឬ ? សម្រាប់លេខនេះ«ប្រជាប្រិយ»បាននាំមកនូវចំណីចក្ខុយ៉ាងស្រស់ស្អាត និង ភាពអស្ចារ្យរបស់តំបន់ទេសចរណ៍ចំនួន ៨ កន្លែងដើម្បីជួយបំបាត់អារម្មណ៍ធុញថប់ និង ជួយបង្កើនជម្រើសក្នុងឱកាសវិស្សមកាលរយៈពេលវែង ។

១ – ផ្លូវពណ៌បៃតង

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

ប្រទេសជាច្រើនខំប្រឹងកសាងផ្លូវអយស្ម័យយានឱ្យកាន់តែទំនើប តែសម្រាប់ផ្លូវអយស្ម័យយានដែលមានដាំដើមឈើពោរពេញដោយស្លឹកពណ៌បៃតង និង មានប្រវែងជិត ៣.០០០ ម៉ែត្រ ( ១.៨ ម៉ាល ) ពិតជាកម្រមានណាស់ ។ ផ្លូវមួយនេះមិនមែនបង្កើតឡើងដើម្បីតែភាពប្លែករបស់ធម្មជាតិនោះទេ តែវាជាកន្លែងស្បថស្បែបញ្ជាក់ពីចិត្តស្មោះរបស់គូស្នេហ៍ដែលបានស្រឡាញ់គ្នា ។ ផ្លូវអយស្ម័យយាននេះស្ថិតនៅប្រទេសអ៊ុយក្រែន ហើយប្រជាជនដែលរស់នៅប្រទេសអឺរ៉ុបប៉ែកខាងកើតបានហៅផ្លូវនេះថា «ផ្លូវនៃក្តីស្រឡាញ់» ។

២ – អាណាចក្រផ្កាទូលីប

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

ផ្កាទូលីប ត្រូវបានគេស្គាល់ថាមានប្រភពចេញពីបណ្តាប្រទេសនៅអាស៊ីកណ្តាល ហើយមានប្រទេសចំនួនបីដែលបានយកផ្កានេះធ្វើជាតំណាងប្រទេសជាតិ ក្នុងនោះមានដូចជាប្រទេសអ៊ីរ៉ង់ ប្រទេសទួគីរ និង ប្រទេសហូល្លង់ ។ បើអ្នកចង់ដឹងឱ្យប្រាដកថា តើផ្កាទូលីបមានប៉ុន្មានពណ៌ និង ប៉ុន្មានប្រភេទ អ្នកអាចទៅកម្សាន្តក្នុងអាណាចក្រផ្កាទូលីបនៅប្រទេហូល្លង់ ។ ប្រសិនបើមើលពីលើចុះមកក្រោម អ្នកប្រាកដជាឃើញរាល់ជួរនីមួយៗសុទ្ធតែមានពណ៌ខុសប្លែកពីគ្នាប្រៀបដូចជាឥន្ទធនូក្រាលលើទីវាលដ៏ធំល្វឹងល្វើយ ។

៣ – សួនផ្កាហ៊ីតាឈិ

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

នៅជប៉ុនគេបានបង្កើតសួនផ្កាដែលមានទំហំ ៣,៥ ហិក-តារ នៅទីក្រុងហ៊ីតាឈិណាកា ។ នៅទីនោះភ្ញៀវទេសចរអាចចូលគយគន់ផ្កាជាច្រើនប្រភេទ ដែលរីកស្គុសស្គាយពេញមួយឆ្នាំ ។ តំបន់នេះបានទាក់ទាញភ្ញៀវ ទេសចរដែលមកកម្សាន្តម្តងហើយចង់មកម្តងទៀត ព្រោះរាល់រដូវនីមួយៗសុទ្ធតែមានប្រភេទផ្ការីកខុសៗគ្នា ប៉ុន្តែក្នុងចំណោមរដូវផ្កាទាំងអស់មានតែផ្កាណេម៉ូហ្វីឡាសពណ៌ខៀវ ( ពលុេ ណមៀផហិលាស ) ដែលអាចបង្ហាញភាពអស្ចារ្យរបស់វា ព្រោះពេលបានមកដល់តំបន់ផ្កានេះហើយ ភ្ញៀវទេសចរនឹងមានអារម្មណ៍ថាខ្លួនឯងកំពុងតែដើរលើមហាសមុទ្រពណ៌ខៀវដ៏ធំធេងដែលមើលមិនឃើញកោះត្រើយ ។

៤ – សមុទ្រឫស្សីនៅជប៉ុន

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

ឫស្សីជាដើមឈើដែលមើលទៅមិនគួរឱ្យទាក់ទាញទាល់តែសោះ តែបើអ្នកបានទៅកម្សាន្តនៅសមុទ្រឫស្សីស្ថិតនៅក្នុងស្រុកអារ៉ាស៊ីយ៉ាម៉ា ទីក្រុងតូក្យូ ប្រទេសជប៉ុន អ្នកប្រាកដជាប្តូរទស្សនៈនេះជាមិនខាន ហើយប្រាកដជាចង់មកកម្សាន្តទីនេះម្តងហើយម្តងទៀត ។ ពេលដែលអ្នកឈានជើងចូលដល់ព្រំដែនសមុទ្រឫស្សី អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅ ក្រោមសមុទ្រពណ៌បៃតង ហើយបើបានបន្តដំណើរចូលទៅកាន់តែជ្រៅកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកំដរដោយតន្ត្រីធម្មជាតិប្រគំដោយស្លឹកឫស្សី ប៉ះកកិតគ្នាបន្លឺស្នូរ ជួនឮតិចជួនឮខ្លាំងទៅតាមកម្លាំងវាយោបោកបក់ ។

៥ – ភ្នំធៀនជី ប្រទេសចិន

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

ភ្នំធៀនជី មានទីតាំងស្ថិតនៅក្នុងខេត្តហូណានប្រទេសចិនដែលគ្របដណ្តប់លើផ្ទៃដី ៦៧ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ ១.២៦២ ម៉ែត្រ ។ ទិដ្ឋភាពមើលពីខាងលើហាក់ដូចជាសសរមេឃដែលមើលមិនឃើញបាតឃើញតែពពករសាត់ ធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងធ្វើដំណើរកម្សាន្តនៅលើឋានសួគ៌ ។ ដើម្បីគយគន់ទេសភាពកំពូលភ្នំនេះឱ្យបានសព្វកន្លែង អ្នកអាចជិះរថខ្សែភ្លើង ដែលមានកម្ពស់ ២.២៧០ ម៉ែត្រ ។ រដូវកាលដែលអាចឱ្យអ្នកគយគន់ទិដ្ឋភាពឋានសួគ៌នេះគួរតែទៅកម្សាន្តនៅខែមេសា ឧសភា កញ្ញា និង តុលា ព្រោះបរិយាកាសមិនមានភ្លៀង និង មិនមានចុះអ័ព្ទ ។

៦ – បឹងហ៊ីលលីអឺរ

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

លក្ខណៈពិសេសដែលធ្វើឱ្យបឹងហីលលីអឺរត្រូវចាត់បញ្ជូលជាតំបន់ទេសចរអស្ចារ្យ  ក៏ព្រោះតែទឹកបឹងមានពណ៌ផ្កាឈូកជាពិសេស ។ អ្នកអាចធ្វើដំណើរទៅទស្សនាទិដ្ឋភាពជាក់ស្តែងរបស់បឹងនេះនៅប្រទេសអូស្ត្រាលី ។ វាមានប្រវែង ៦០០ ម៉ែត្រ និង ហ៊ុមព័ទ្ធដោយខ្សាច់សម៉ដ្ឋ ព្រមទាំងលម្អដោយទេសភាពដើមឈើនៅព័ទ្ធជុំវិញបឹង ។ មូលហេតុដែលធ្វើឱ្យបឹងនេះមានពណ៌ផ្កាឈូកនៅមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេ តែមានអ្នកវិទ្យាសាស្ត្រមួយចំនួនគិតថា មូលហេតុដែលធ្វើឱ្យបឹងនេះមានពណ៌ផ្កាឈូកអាចបណ្តាលមកពីពពួកបាក់តេរីដែលរស់នៅក្នុងបន្ទះកំណកអំបិលដែលនៅកៀកជិតនឹងមហាសមុទ្រភាគខាងត្បូង ។

៧ – វាលផ្កាខាណូឡា

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

វាលផ្កាខាណូឡា ជាទេសភាពដ៏អស្ចារ្យមួយរបស់ប្រទេសចិន ហើយប្រជាជនចិនហៅតំបន់នោះថាសមុទ្រមាស ។ បើចង់គយគន់សមុទ្រមាស  អ្នកអាចមកកម្សាន្តចាប់ពីខែកុម្ភៈរហូតដល់ខែមិនា ព្រោះកំលុងខែទាំងនេះទីធ្លា ទាំងឡាយនឹងប្រែជាពណ៌មាសឆ្អិនឆ្អៅដេរដាស ។ តំបន់នេះមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ សូម្បីតែអ្នកថតរូបទូទាំងពិភពលោកក៏មក ផ្តិតយកទេសភាពសមុទ្រមាសនេះផងដែរ ។

៨ – ផ្លូវប្រក់ដំបូលផ្កាវីស្ទឺរី

តំបន់​ទេសចរណ៍​ឋានសួគ៌​ទាំង ៨ លើ​ពិភពលោក​

នៅប្រទេសជប៉ុនពិតជាសម្បូរតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិច្រើនពិតមែន ជាពិសេនៅផ្លូវប្រក់ដំបូលផ្កាវីស្ទឺរី ជាកន្លែងដែលគូស្នេហ៍ចូលចិត្តទៅកម្សាន្ត ។ នៅទីនោះមាន បរិយាកាសត្រជាក់ស្រួលខ្លួន រីឯផ្កាធ្លាក់រយោងទើរលើដំបូលប្រដេញ ពណ៌គ្នាគួរឱ្យចង់គយគន់ ។ លើសពីនេះផ្កាវីស្ទឺរីបញ្ចេញក្លិនប្រហើរ ធ្វើឱ្យអ្នកដែលមកដល់ទីនេះមានទឹកមុខស្រស់ស្រាយទស្សនាមិនចេះជិនណាយ ។ ទិដ្ឋភាពដំបូលផ្កាវីស្ទឺរីបង្អួតរូបរាងចាប់ពីចុងខែមេសារហូតដល់ពាក់កណ្តាលខែឧសភា តែនៅចុងខែមេសា ជាពេលដែលតំបន់នេះបញ្ចេញសម្រស់ដ៏ស្រស់ស្អាតបំផុត ៕