កត្តាមួយចំនួន ដែលបុគ្គលិក មិនគួរប្រព្រឹត្ត នៅកន្លែងធ្វើការ

អ្នកធ្វើការម្នាក់ៗ តែងតែដឹងអំពី អ្វីដែលពួកគេត្រូវធ្វើ នៅពេលដែលកំពុងបំពេញការងារ។ ពួកគេធ្វើបានយ៉ាងល្អពី របៀបគ្រប់គ្រងការងាររបស់ពួកគេ, របៀបនិយាយទៅកាន់អតិថិជន, របៀបនិយាយទៅកាន់ថ្នាក់លើ -ល-។ មានមនុស្សជាច្រើន ដែលមានភាពអស្ចារ្យក្នុងការអនុវត្តការងាររបស់ពួកគេ ប៉ុន្តែពួកគេនៅតែត្រូវបានគេបញ្ឈប់។ ការធ្វើការងារល្អ គឺមិនមែនជារឿងតែមួយគត់ ដែលទាមទារឲ្យមាន នៅពេលធ្វើការនោះទេ មនុស្សម្នាក់ៗរំពឹងថាត្រូវតែមានវិជ្ជាជីវៈបន្ថែមទៀត នៅពេលបំពេញការងារ។ ខាងក្រោមនេះជារឿង ដែលបុគ្គលិកការងារ រួមទាំងថ្មី និងចាស់មិនគួរប្រព្រឹត្តនៅកន្លែងធ្វើការ៖

# ១. សុំពេលឈប់សម្រាកក្នុងអំឡុងពេលពីរបីខែដំបូង

ក្នុងករណីជាច្រើន ការសុំច្បាប់សម្រាកពីការងារដែលទើបនឹងចាប់ផ្តើម អ្នកប្រាកដជាត្រូវគេចាប់អារម្មណ៍មិនល្អមកលើអ្នកជាមិនខាន។ អ្នកចាត់ការទូទៅរបស់អ្នក ទំនងជានឹងគិតថា «អ្នកទើបតែចាប់ផ្តើម នៅត្រូវបណ្តុះបណ្តាល ហើយបែរជាចង់មានពេលសម្រាកទៅហើយ?»។ តែអាចមានករណីលើកលែងដែរ ដូចជាមានកិច្ចការបន្ទាន់ ឧទាហរណ៍ សមាជិកគ្រួសារជិតស្និទ្ធ មានសភាពជម្ងឺធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវការអ្នកជាដើម។

# ២. ប្រើប្រាស់ឧបករណ៍ការិយាល័យមិនត្រឹមត្រូវ

ប្រសិនបើអ្នកកំពុងប្រើប្រាស់អ៊ីនធឺណិត ដែលផ្តល់ជូនដោយការិយាល័យ វាជារឿងមិនសមរម្យដែលអ្នកប្រើវាដើម្បីមើលវីដេអូមួយចំនួន ដែលមិនទាក់ទងនឹងការងារ ឬដើម្បីទាញយក (Download) អ្វីផ្សេងមកជាប្រយោជន៍ផ្ទាល់ខ្លួន។ វាជាការមិនត្រឹមត្រូវដែលធ្វើការហៅទូរស័ព្ទរឿងផ្ទាល់ខ្លួន និង ផ្ញើ e-mail ដោយប្រើប្រាស់សម្ភារៈការិយាល័យផងដែរ។ ការប្រើម៉ាស៊ីនបោះពុម្ភការិយាល័យ (Printer) ដូចជាការព្រីនឯកសារផ្ទាល់ខ្លួនជាដើម ក៏ជារឿងខុសដែរ។ និយាយរួម ជាទង្វើអសីលធម៌ ក្នុងការប្រើប្រាស់សម្ភារៈការិយាល័យសំរាប់ប្រយោជន៍ផ្ទាល់ខ្លួនតែម្តង។

# ៣. ការលួច

ការលួច ជាទំលាប់ខុសដ៏ធ្ងន់ធ្ងរ។ យោងតាមប្រភពបង្ហាញថា ប្រហែល ៦៧ ភាគរយនៃកម្មករនិយោជិក បានប្រើប្រាស់ទ្រព្យសម្បត្ដិការិយាល័យ លើការងារខាងក្រៅផ្ទាល់ខ្លួនរបស់ពួកគេ។ ជាធម្មតា វត្ថុដែលជាសម្ភារៈការិយាល័យមានដូចជា ប៊ិច និងសៀវភៅសរសេរជាដើម ដែលបុគ្គលិកយកចេញទៅប្រើក្រៅការិយាល័យធ្វើការ។ ទោះបីជាអ្នកអាចគិតថាការប្រើប្រាស់ ឬការប្រើប៊ិច នៅក្រៅការិយាល័យសម្រាប់រឿងផ្ទាល់ខ្លួន មិនមែនជាបញ្ហាធំ ប៉ុន្តែប្រសិនបើនរណាម្នាក់ចាប់បាន អ្នកអាចនឹងត្រូវបានគេបញ្ឈប់ពីការងារភ្លាម។

# ៤. គេងក្នុងម៉ោងធ្វើការ

វាពិតជារឿងដែលគ្មានវិជ្ជាជីវៈទាល់តែសោះ ក្នុងការដែលដេកនៅក្នុងម៉ោងការងារ។ វាអាចក្លាយជាការលំបាក ដើម្បីរក្សាភ្នែករបស់យើងអោយបើក និងរក្សាក្បាលអោយត្រង់ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកអាចសម្រាកបានដោយដាក់ក្បាលអោនចុះនៅលើតុនោះទេ។ ពេលដែលអ្នកមានវត្តមាននៅក្នុងការងារ គឺមានន័យថា អ្នកត្រូវធ្វើការអោយគ្រប់ពេលវេលារបស់អ្នកនៅទីនោះ ហើយសូម្បីតែការគេងតែបន្តិចក៏មិនត្រឹមត្រូវដែរ។ វាជាការល្អប្រសិនបើទៅលាងមុខរបស់អ្នក ដើរទៅដើរមកនៅក្នុងការិយាល័យ ឬផឹកតែ ឬកាហ្វេ ដើម្បីជៀសវាងការងងុយគេងក្នុងការិយាល័យ។ 

# ៥. ស្លៀកពាក់មិនសមរម្យ

មេរៀនសំខាន់បំផុត ដែលបង្រៀនដល់ពួកយើង គឺមនុស្សម្នាក់ៗមិនត្រឹមតែ គួរមានឥរិយាបថ ដែលមានជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ តែថែមទាំងស្លៀកពាក់ប្រកបដោយជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការផងដែរ។ បុគ្គលិកគួរស្លៀកពាក់ជាលក្ខណៈផ្លូវការបែបធម្មតា និងមិនគួរស្លៀកអ្វីដែលគួរឲ្យចាប់អារម្មណ៍ពេក ឬឆើតឆាយពេកនោះទេ។ ប្រសិនបើអ្នកមិនមានសម្លៀកបំពាក់សមរម្យ សម្រាប់ការងារទេ អ្នកអាចទៅទិញបាន ដើម្បីរក្សាភាពត្រឹមត្រូវ និងអនាម័យផ្ទាល់ខ្លួនផងដែរ។

# ៦. និយាយដើមគ្នា

នៅពេលដែលមនុស្សយើងអង្គុយទំនេរ ការងារសំណព្វចិត្តរបស់ពួកគេការនិយាយអំពីនរណាម្នាក់ នៅក្នុងការិយាល័យជាមិនខាន។ ពួកគេអាចគិតថា ពេលខ្លះបង្កភាពរីករាយ ប៉ុន្តែនេះពិតជាអាចបង្កឲ្យមានបញ្ហាដល់អ្នក។ វាគឺជាការល្អ ក្នុងការជៀសវាងការនិយាយដើមគេ ព្រោះនៅពេលដែលសំដីទាំងអស់នោះ ឮទៅអ្នកដែលយើងនិយាយ ច្បាស់ណាស់ថាគេនឹងរកអ្នកដែលបានចាប់ផ្តើម ការនិយាយដើមនោះ បន្ទាប់មកអ្នកនឹងត្រូវប្រឈមមុខផលវិបាកមិនខាន។ ដូច្នេះអ្នកគ្រាន់តែធ្វើការងាររបស់អ្នកជាការស្រេច តែប្រសិនបើអ្នកបានបញ្ចប់កាងាររួច អ្នកអាចធ្វើអ្វីមួយផ្សេងដែលមានន័យ ជំនួសអោយបណ្ដោយខ្លួន តាមការនិយាយដើមគ្នារបស់គេនោះ។

# ៧. ទម្លាក់កំហុសដាក់អ្នកដទៃ

អ្នកអាចនឹងធ្វើខុសនៅពេលណាមួយ ហើយក៏អាចរងការស្តីបន្ទោស ពីអ្នកគ្រប់គ្រងដែរ។ នៅពេលដែលអ្នកធ្វើការជាវិជ្ជាជីវៈណាមួយ អ្នកត្រូវតែមាន ភាពចាស់ទុំ ជាជាងធ្វើដូចជាកូនក្មេង ទម្លាក់កំហុសទៅលើអ្នកដទៃ ដើម្បីគេចពីការស្តីបន្ទោស។ ជាការល្អ អ្នកត្រូវយល់ព្រមទទួលយកកំហុស និងសន្យាថាមិនធ្វើឡើងវិញសាជាថ្មីម្តងទៀត ជាជាងទម្លាក់បញ្ហានោះទៅនរណាម្នាក់ផ្សេងទៀត។ នៅពេលដែលគេរកឃើញថា អ្នកប្រព្រឹត្តកំហុសនោះ ហើយអ្នកបានព្យាយាមបិទបាំងវាឡើងដោយ បានទម្លាក់ទៅនរណាម្នាក់ផ្សេងទៀត​  វាមិនមែនត្រឹមតែជាការអាម៉ាសប៉ុណ្ណោះទេ​ ប៉ុន្តែវានឹងធ្វើអោយកេរ្តិ៍ឈ្មោះរបស់អ្នកធ្លាក់ចុះផងដែរ។

# ៨. ពិភាក្សាអំពីប្រាក់ខែ

នេះគឺជាប្រធានបទមួយទៀត ដែលត្រូវបានពិភាក្សាច្រើនបំផុត នៅក្នុងការិយាល័យ។ មនុស្សភាគច្រើន ចូលចិត្តប្រៀបធៀបប្រាក់ខែរបស់ពួកគេ ជាមួយនឹង មិត្តរួមការងារ និងសូម្បីតែនិយាយអំពីប្រាក់ខែរបស់អ្នកផ្សេងទៀត នៅអង្គភាពផ្សេងក្នុងមុខតំណែងដូចគ្នា។ ពេលដែលប្រាក់ខែរបស់អ្នកច្រើនជាង ប្រាក់ខែមិត្តរួមការងារ អ្នកនឹងនិយាយអួតពីវា ហេតុនេះទើបនាំឲ្យមិត្តរួមការងាររបស់អ្នក អាចនឹងច្រណែនហើយចាប់ផ្តើមមិនចូលចិត្តអ្នកទៀតផង។

# ៩. ផ្សេងៗ

កត្តាផ្សេងៗទៀតដែលបុគ្គលិកគួរជៀសវាងបន្ថែមទៀតនោះមានដូចជា៖

• រអ៊ូរទាំអំពីអ្នកគ្រប់គ្រង

• និយាយមិនល្អពីកាងារចាស់

• ឫកពារមិនសមរម្យ

• ជជែកគ្នារឿងក្រៅការងារ

• ចាំមើលបំណាំគេ

• និយាយទូរស័ព្ទយូរពេក

• ឧស្សាហ៍មកធ្វើការយឺត៕

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កត្តាមួយចំនួន ដែលបុគ្គលិក មិនគួរប្រព្រឹត្ត នៅកន្លែងធ្វើការ

កត្តាមួយចំនួន ដែលបុគ្គលិក មិនគួរប្រព្រឹត្ត នៅកន្លែងធ្វើការ