ប្រជាពលរដ្ឋ​តំណាង​២៥០០​គ្រួសារ អំពាវនាវ​សុំ​បទ​អន្តរាគមន៍

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​២៥០០​គ្រួសារ​មក​ពី​ឃុំ​ក្រោលគោ​ឃុំ​ឈើទាល​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង និង​ឃុំ​ប្រ​ធាតុ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង បាន​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​ម្តងទៀត​នៅ​មុខ​សាលាឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្រោលគោ​បញ្ចុះតម្លៃ តាម​ពាក្យ​សន្យា​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ហើយ​បាន​នាំ​គ្នា​មក​តវ៉ា​ម្តងទៀត​ខណៈ​ការ​តវ៉ា​លើក​មុន​មិន​ទទួល​បាន​លទ្ធផល​។

ការ​ជួបជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក នៅ​ខាង​មុខ​សាលាឃុំ​ក្រោលគោ ស្ថិត​ក្នុងភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ បើ​តាម​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រោលគោ​បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​តវ៉ា​ឱ្យ​ខាង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​គោរព​តាម​ពាក្យ​សន្យា ដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​វត្ត​ក្រោលគោ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៥​ថា នឹង​បញ្ចុះតម្លៃ​ភ្លើង​ឱ្យ​ពួក​គាត់​នៅ​ក្នុង​ខែ​មិ​នា ឆ្នាំ​២០១៦​នេះ មក​សល់​ត្រឹមតែ​៨០០​រៀល ក្នុង ១​គីឡូវ៉ាត់ម៉ោង ខណៈ​តម្លៃ​ភ្លើង​បច្ចុប្បន្ន​១​គីឡូវ៉ាត់ម៉ោង​តម្លៃ​១០០០​រៀល ។

ពួក​គាត់​បាន​បញ្ជាក់​ថា ការ​បញ្ចុះតម្លៃ​នេះ​មិនមែន​ជា​ការ​ស្នើរ​សុំ​របស់​ពួក​គាត់​នោះ​ឡើយ គឺ​ខាង​អាជ្ញាធរ​អគ្គិសនី​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​សន្យា តែ​មក​ដល់​ពេល​នេះ​ហើយ អគ្គិសនី​ក្រោលគោ​នៅ​មិន​ទាន់​បញ្ចុះតម្លៃ​ជូន​ពួក​គាត់​ទៀត ព្រមទាំង​មិន​ចេញ​មុខ​មក​បកស្រាយ​ជូន​ពួក​គាត់​វិញ​ថា ។ តើ​មាន​មូលហេតុ​អ្វី​បានជា​អគ្គិសនី​មិន​គោរព​តាម​ការ​សន្យា​យ៉ាងនេះ ។ ដោយឡែក​តាម​លិខិត​របស់​លោក​បណ្ឌិត ទី​ន រិ​ន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ផ្ញើ​ជូន​លោក​សុទ្ធ គឹ​ម​ច​ន្ទ័ អភិបាលស្រុក​ស្វាយ​ជ្រំ កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៦ បានឱ្យ​ដឹង​ថា​ខាង​អគ្គិសនី​កម្ពុជា​មិន​អាច​បញ្ចុះតម្លៃ​ភ្លើង​នៅ​ក្នុង​ឃុំ​ក្រោលគោ តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​បាន​នោះ​ទេ ដោយ​បច្ចុប្បន្ន​តំបន់​ចែកចាយ​អគ្គិសនី​ក្រោលគោ ដែល​បច្ចុប្បន្ន​មាន​លោក សៀន ណា​រិ​ទ្ធ ជា​អ្នកគ្រប់គ្រង​នោះ គឺជា​តំបន់​ជនបទ​មាន​ដង់ស៊ីតេ​អាជីវកម្ម​ទាប ហើយដោយ​សារ​តំបន់​នេះ​នៅ​យក​ប្រភព​អគ្គិសនី​ពី​ប្រទេស​វៀតណាម ដែល​បច្ចុប្បន្ន​វៀតណាម​បាន​តម្លើង​ថ្លៃ​ចំនួន​៧.៥០% បន្ថែម​ទៀត ដូចនេះ​តម្លៃ​ត្រូវ​រក្សា​ទុក​ដដែល​រហូត​ដល់​ខេត្តស្វាយរៀង មាន​អនុ​ស្ថានីយ​បណ្តាញ​ជាតិ​មួយ​របស់​ខ្លួន​ផ្ទាល់ ទើប​មានការ​បញ្ចុះតម្លៃ​បាន​ដែល​អនុ​ស្ថានីយ​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ តាម​លិខិត​ដដែល​នេះ អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ថា នាយកដ្ឋាន​បញ្ជី​ថ្លៃ​លក់ និង​ត្រួតពិនិត្យ​គណនេយ្យ​សេវាកម្ម កំពុង​សិក្សា​ថ្លៃដើម និង​ថ្លៃ​លក់​អគ្គិសនី​របស់​សេវាករ សៀន ណា​រិ​ទ្ធ ឡើង​វិញ ដើម្បី​ពិនិត្យ​ថា តើ​ថ្លៃ​អាជីវកម្ម​ជាក់ស្តែង​អាច​បន្ថយ​បាន​ចំនួន​ប៉ុន្មាន ? ដូចនេះ ថ្លៃ​អគ្គិសនី​គឺ​ត្រូវ​កំណត់​តាម​ការ​គណនា និង​ស្ថានភាព​នៃ​តំបន់​នីមួយ​ៗ​ច្បាស់លាស់ ដោយ​មិន​អាច​សម្រេច​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។ បន្ថែម​ពីលើ​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​អគ្គិសនី ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​ឃុំ និង​ស្ថា​ប​ន័​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​មក​ចូលរួម​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​សម​ស្រប​ណាមួយ ដោយ​ពួក​គាត់​មិន​អាច​បន្ត​ប្រើប្រាស់​ភ្លើង នៅ​ក្នុង​តម្លៃ​១ ០០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​នេះ​បាន​នោះ​ទេ ហើយ​អាជ្ញាធរ​អគ្គី​ស​នី​ថា បណ្តាញ​អគ្គិសនី​ទាំងអស់ តទៅ​ជនបទ​តាម​ពិត​ប្រជាពលរដ្ឋ​ភាគច្រើន​គឺ​នៅ​ផ្សារ​ក្រោលគោ និង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។

ហើយ​ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ​បាន​ព្រមាន​ថា បើ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ណា​មិន​ព្រម​បង់ថ្លៃ​ភ្លើង​ក្នុង​ខែ​៣​ខែ​៤​នោះ​ទេ​ក្រុមហ៊ុន​នឹង​ផ្តាច់​ភ្លើង​ឈប់​ឲ្យ​ប្រើ ។ ពួក​គាត់​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​២៥០០​គ្រួ​សារបាន​ប្រើប្រាស់​ភ្លើង​តាម​ការ​សន្យា​បញ្ចុះតម្លៃ​ពី​១​ពាន់​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​មក​ត្រឹម​៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​តាម​ការ​សន្យា ៕