OECD ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​មក​ត្រឹម​2,7%

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) កាលពី​ថ្ងៃ​ចន្ទ បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​ឆ្នាំ​២០១៦ ត្រឹម​អត្រា​២,៧% ពី​៣,១% ដោយសារ​តែ​ពាណិជ្ជកម្ម​សកល​មាន​ភាព​ត្រដាបត្រដួស និង​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ។

សម្រាប់​ឆ្នាំ​ក្រោយ កូរ៉េ​ខាងត្បូង​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៤​របស់​អាស៊ី នឹង​រក្សា​កំណើនសេដ្ឋកិច្ច​ត្រឹម​អត្រា​៣% ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​ស្ថិរភាព​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ដែល​ផ្តល់​ដោយ OECD ។

នៅ​ក្នុង​ការ​ព្យាករ​មុន​នេះ OECD រំពឹង​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​មាន​កំណើន​៣,១% នៅ​ក្នុង​ឆ្នាំ​២០១៦ និង​៣,៦% នៅ​ក្នុង​ឆ្នាំ ២០១៧ ។

តាម​របាយការណ៍​ឲ្យ​ដឹង​ថា សន្ទុះ​ងើបឡើង​យ៉ាង​ខ្លាំង​កាលពី​ឆមាស​ទី​២ ឆ្នាំ​២០១៥ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ជំរុញ​កំណើន​សារពើពន្ធ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ដើមឆ្នាំ​នេះ គឺ​ដោយសារ​តែ​តម្រូវការ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន​ធ្លាក់​ចុះ ។ ម្យ៉ាងទៀត តម្រូវការ​ចុះ​ខ្សោយ​ពី​ប្រទេស​ចិន ដែល​ស្មើនឹង​១​ភាគ​៤​នៃ​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង បាន​បន្ដ​រារាំង​ដល់​កំណើន​នៃ​ការ​នាំ​ចេញ ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៦ សម្រាប់​កូរ៉េ​ខាងត្បូង ដែល​មាន​អត្រា​២,៧% ចំណែក​ធនាគារ Bank of Korea ក៏​បាន​ទម្លាក់​ចុះ​ការ​ព្យាករ​របស់​ខ្លួន​ផង​ដែរ គឺ​ពី​អត្រា​៣% មក​ត្រឹម​២,៨% ។ ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ជឿជាក់​ថា គោលដៅ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​មាន​អត្រា​៣,១% ទោះបីជា​អ្នក​បង្កើត​គោលនយោបាយ​សេដ្ឋកិច្ច​កំពូល​មាន​តម្រុយ​ថា វា​នឹង​អាច​ធ្លាក់​ចុះ​ជាង​នេះ​ក្តី ។

ផលិតផល​ក្នុងស្រុក​សរុប​របស់​កូរ៉េ​ខាងត្បូង (GDP) បាន​កើនឡើង​១,២% នៅ​ត្រីមាស​ទី​៣ និង​០,៧% នៅ​ត្រីមាស​ទី​៤​កាលពី​ឆ្នាំ​មុន ។ នេះ​ដោយសារ​បាន​ពង្រីក​ការ​ចំណាយ​សារពើ​ភ័​ណ្ឌ​របស់​រដ្ឋាភិបាល និង​ការ​ប្រើប្រាស់​ឯកជន ខណៈ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​ជា​រៀង​រាល់​ខែ​នៅ​ឆ្នាំ​នេះ ។

ប៉ុន្តែ​សេដ្ឋកិច្ច​ហាក់ដូចជា​មាន​សភាព​មិនសូវ​ល្អ​ឡើយ​នៅ​ត្រីមាស​ទី​១ ខណៈ​ដែល​ផលិតផល​ក្នុងស្រុក​សរុប​មាន​កំណើន​តិចតួច​ប៉ុណ្ណោះ​ត្រឹម ០,៤% ពោល​គឺ​ដោយសារ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​លឿន និង​ការ​ប្រើប្រាស់​មិន​មាន​កំណើន​ខ្លាំង ។

ការ​នាំ​ចេញ​បាន​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​២​ខ្ទង់​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ដែល​មាន​អត្រា​ធ្លាក់​ចុះ​១៩%​នៅ​ខែមករា និង​១៣,១%​នៅ​ខែកុម្ភៈ​។ វា​បាន​ធ្លាក់​ចុះ​តិចតួច​នៅ​ត្រឹម​៨,១%​នៅ​ក្នុង​ខែមីនា ប៉ុន្តែ​បាន​កើនឡើង​វិញ​១១,២%​នៅ​ខែមេសា ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង បាន​ឲ្យ​ដឹង​ថា  ៖ « លោក​គ្មាន​គម្រោង​ណាមួយ​ឆ្លើយ​តប​ភ្លាម​ៗ ទៅ​នឹង​ការ​បន្ថែម​ថវិកា​ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ឡើយ » ៕