រដ្ឋាភិបាល​ថ្មី​ហ្វ៊ី​លី​ពី​ន​ហាម​វិស័យ​ឯកជន​នាំ​ចូល​អង្ករ

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ រដ្ឋបាល​ហ្វ៊ី​លី​ពី​ន​ថ្មី នឹង​ហាមឃាត់​ឈ្មួញ​ឯកជន​មិន​ឲ្យ​នាំ​ចូល​អង្ករ ព្រមទាំង​លុប​បំបាត់​ការ​រត់ពន្ធ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Emmanuel Pinol អគ្គលេខាធិការ​កសិកម្ម ។

អាជ្ញាធរ​ស្បៀងអាហារ​ជាតិ លោក Emmanuel Pinol បាន​មាន​ប្រសាសន៍​ថា ៖ « កិច្ចការ​នាំ​អង្ករ​ចូល​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ ចាប់ពី​ពេល​នេះ​ទៅ នឹង​ធ្វើ​ឡើង​ផ្តាច់មុខ​ដោយ​ភ្នាក់ងារ​រដ្ឋ​តែ​មួយ​គត់ ។ លោក​បាន​មាន​ប្រសាសន៍​បែប​នេះ បន្ទាប់​ពី​សេចក្ដី​ប្រកាស​តែងតាំង​ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត លោក Rodrigo Duterte កាលពី​ថ្ងៃ​អង្គារ​កន្លង​មក » ។

ការ​នាំ​អង្ករ​ចូល គឺជា​រឿង​មួយ​ដ៏​រសើប​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​រក្សា​ពន្ធ​នាំ​ចូល​ខ្ពស់​ដើម្បី​ការពារ​ដល់​កសិករ​ក្នុងស្រុក ប៉ុន្តែ​ពេល​ខ្លះ​ក៏​ត្រូវការ​ការ​នាំ​ចូល​អង្ករ​រាប់​ពាន់​តោន​ពី​ក្រៅប្រទេស​ផង​ដែរ ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់ ។

ទោះជា​យ៉ាងណា កាលពី​ពេល​ថ្មី​ៗ​នេះ ឈ្មួញ​ឯកជន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​នាំ​ចូល​អង្ករ​ក្នុង​ចំនួន​៨០៥.២០០​តោន ជាមួយនឹង​ពន្ធ​៣៥% ។

ក្នុង​នោះ​ដែរ កាលពី​ឆ្នាំ​២០១៤ ហ្វ៊ី​លី​ពី​ន​បាន​បន្ធូរបន្ថយ​វិធានការ​លើ​ការ​នាំ​អង្ករ​ចូល​ដោយ​កាត់​បន្ថយពន្ធ​ពី​៤០% មក​នៅ​ត្រឹម​៣៥% និង​បង្កើន​ការ​នាំ​ចូល​ប្រចាំឆ្នាំ​ចំនួន​៨០៥.២០០​តោន ពី​៣៥០.០០០​តោន ។

កាលពី​ស​ប្តា​ហ៍​មុន អ្នកនាំពាក្យ លោក Peter Lavina បាន​ឲ្យ​ដឹង​ថា ៖ « រដ្ឋាភិបាល​នឹង​នាំ​ចូល​អង្ករ​ចំនួន​៥០០.០០០​តោន​ទៀត​នៅ​ក្នុងឆ្នាំនេះ ដើម្បី​បង្កើន​ទុនបម្រុង​ដែល​នឹង​ត្រូវ​ពិនិត្យ » ។

គួរ​បញ្ជាក់​ថា ហ្វ៊ី​លី​ពី​ន​តែងតែ​នាំ​ចូល​អង្ករ​ច្រើន​ជាង​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​កាន់តែ​ច្រើន ។ ប្រទេស​វៀតណាម គឺជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ធំ​ជាងគេ​របស់​ហ្វ៊ី​លី​ពី​ន បន្ទាប់​មក​គឺ​ប្រទេស​ថៃ ៕