ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម​គួរតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង

ប្រទេស​វៀតណាម ៖ ទោះបីជា​សមិទ្ធផល​ពី​អតីតកាល​មាន​ភាព​មិនល្អ​ប្រសើរ​ក្តី ក៏​នៅ​មាន​កាលានុវត្តភាព​ក្នុង​ការ​រឹត​បន្តឹង​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា នា​ពេល​អនាគត​ដែរ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក Thach Du បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពេល​កន្លង​មក ដែល​មាន​ពាណិជ្ជករ​វៀតណាម​រាប់រយ​នាក់​បាន​និង​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម ។

លោក​ក៏​បាន​ពន្យល់​ពី​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​វិនិយោគ​ដោយ​ផ្អែក​ទៅ​លើ​ចំណងមិត្តភាព​ប្រពៃណី លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​ការ​យកចិត្តទុកដាក់​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​ដើម្បី​ជួយ​សម្រួល​ដល់​សហគមន៍​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​ឯកអគ្គរដ្ឋទូត​មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ពិនិត្យ​មើល​ការ​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា និង​ផ្តល់​ព័ត៌មាន​ថ្មី​ដល់​សហគ្រាស​វៀតណាម​ពី​គោលនយោបាយ​ថ្មី​ក្នុងស្រុក​សម្រាប់​ក្រុមហ៊ុន​បរទេស ។ ចំណែក​អ្នក​ធ្វើ​ជំនួញ​ទាំងឡាយ ក៏​អាច​សួរ​ទៅ​កាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​អំពី​លក្ខខណ្ឌ​នៃ​ការ​វិនិយោគ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ » ។

« ក្រុមហ៊ុន​វៀតណាម​បាន​បោះទុន​ក្រោម​ទឹកប្រាក់​ចំនួន​២,៨៥​ប៊ី​លាន​ដុល្លារ​ទៅ​លើ​១៨៣​គម្រោង​នៅ​កម្ពុជា ដែល​វៀតណាម​ជា​វិនិយោគិន​ធំ​ជាងគេ​ស្ថិត​ក្នុង​លេខ​រៀង​ទី​៥ នៅ​កម្ពុជា »​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Nguyen Bao ប្រធាន​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​កម្ពុជា ។

បច្ចុប្បន្ន​នេះ វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី​៣​របស់​កម្ពុជា ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​ចំនួន​២,៣៧​ប៊ី​លាន​ដុល្លារ ។ ប្រទេស​ទាំង​ពីរ​ក៏​មាន​គម្រោង​បង្កើន​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​ទ្វេភាគី​នេះ​រហូត​ដល់​៥​ប៊ី​លាន​ដុល្លារ​នៃ​ប្រាក់​ចំណូល​នា​ពេល​អនាគត​ផង​ដែរ ៕