វី​ដេ​អូ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បង្ហាញ​កុមារ​បារាំង​2​នាក់​ប្រហារជីវិត​ពួក​អ្នកទោស​ស៊ី​រី

អយ្យការ​ក្រុងប៉ារីស​បាន​បើក​ការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​ការ​ចាក់​ផ្សាយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​វី​ដេ​អូ​មួយ​បង្ហាញ​កុមារ​២​នាក់ ដែល​គេ​និយាយ​ថា ជា​កុមារ​ជនជាតិ​បារាំង​ប្រហារជីវិត​ពួក​អ្នកទោស​ស៊ី​រី ។

ប្រភព​តុលាការ​បារាំង​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ថា វី​ដេ​អូ​រយៈពេល​១៤​នាទី​នេះ​មាន​ចំណងជើង​ថា «​ដើរ​តាម​គន្លង​របស់​ឪពុក​ខ្ញុំ​» រួច​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បង្ហាញ​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដែល​និយាយ​ថា រូបគេ​កើត​នៅ​បារាំង ហើយ​ជា​កូនប្រុស​របស់​យុទ្ធ​ជន​ជនជាតិ​បារាំង​ម្នាក់ ដែល​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ ព្រមទាំង​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​មាន​វ័យក្មេង​ជាង ។

ប្រភព​ជិតដិត​នឹង​ការ​ស៊ើបអង្កេត​អះអាង​ថា អត្តសញ្ញាណ​របស់​កុមារ​ទាំង​២​នាក់​នោះ និង​សញ្ជាតិ​របស់​ពួក​គេ​សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​បញ្ជាក់​នៅឡើយ ។ ការ​ស៊ើបអង្កេត​ត្រូវ​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ។ ជា​ច្រើន​លើក​រួច​មក​ហើយ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​តែង​បង្ហាញ​រូបភាព​កុមារ និង​ក្មេង​ជំទង់​ទាំងឡាយ​ក្នុង​វី​ដេ​អូ​ឃោសនា ។ កាលពី​ខែកក្កដា ឆ្នាំ​២០១៥ វី​ដេ​អូ​មួយ​បង្ហាញ​ពី​បណ្តា​ក្មេង​ជំទង់​ប្រហារជីវិត​ទាហាន​ស៊ី​រី​២៥​នាក់ នៅ​ទីក្រុង PALMYRE​។ រួច​ប៉ុន្មាន​ខែ​មុន​នេះ មាន​វី​ដេ​អូ​មួយ​បង្ហាញ​ពី​កុមារ​អាយុ​ទើប​១០​ឆ្នាំ​ម្នាក់ កំពុង​ប្រហារជីវិត​បុរស​២​នាក់ ដែល​គេ​ថា ជា​ភ្នាក់ងារ​របស់​រុ​ស្ស៊ី​៕