អំពាវនាវ​ដល់​ប្រជាជន​កុំ​ឱ្យទៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង

យោង​តាម YONHAP ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ឱ្យ​មាន​កិច្ចសហការ​ពី​បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍ ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​កុំឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​តំបន់​នៅ​ក្បែរ​កូរ៉េ​ខាងជើង ខណៈ​ក្រុង​សេ​អ៊ូ​ល​ចេញ​ការ​ប្រកាស​អាសន្ន​ពី​លទ្ធភាព​នៃ​អំពើ​ភេរវកម្ម​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៦ ឧសភា នូវ​ការ​ជួប​គ្នា​មួយ​ជាមួយ​តំណាង​នៃ​បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍​។ គ្រោះថ្នាក់​នៃ​ការ​ចាប់ពង្រត់ និង​អំពើ​ភេរវកម្ម​នានា​ប្រឆាំង​ជនជាតិ​កូរ៉េ​ខាងត្បូង​មានការ​កើនឡើង បន្ទាប់​ពី​កូរ៉េ​ខាងជើង​គំរាម​ធ្វើការ​សងសឹក បើ​ដរាបណា​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មិន​ធ្វើ​មាតុភូមិនិវត្តន៍ អ្នក​រត់​ភៀសខ្លួន​កូរ៉េ​ខាងជើង​១៣​នាក់​ទៅ​កាន់​កូរ៉េ​ខាងត្បូង​កាល​ពិ​ខែ​មុន​ទេ​នោះ ។

ក្នុង​កិច្ចប្រជុំ​នេះ លោក HAN DONG MAN អនុរដ្ឋមន្ត្រី​ការ​បរទេស​ថ្លែង​ថា ដោយ​គិតដល់​ការ​គំរាមកំហែង​នា​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង ការ​វាយប្រហារ​ច្រើន​រូបភាព​លើ​ពលរដ្ឋ​យើង ដែល​ទៅ​ដើរ​លេង ឬ​ក៏​ស្ថិត​នៅ​ក្នុង​បណ្តា​តំបន់​ក្បែរ​ព្រំដែន​រវាង​ចិន និង​កូរ៉េ​ខាងជើង ក្នុង​នោះ​រួម​មាននៅ​តំបន់​ភ្នំ PAEKTU ផង​ដែរ អាច​កើត​មាន ដូច​ជា​ការ​ចាប់ពង្រត់ ឬ​អំពើ​ភេរវកម្ម​ឯទៀត​ៗ ។ កិច្ចប្រជុំ​នេះ​ក៏​ចូលរួម​ផង​ដែរ ដោយ​តំណាង​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ ព្រមទាំង​តំណាង​ប៉ូលិស​ជាតិ ។ លោក HAN បាន​ស្នើ​ដល់​បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍​ចៀសវាង​កុំ​បង្កើត​កម្មវិធី​ដំណើរ​កម្សាន្ត​ក្នុង​បណ្តា​តំបន់​នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង ។

ចំណែក​ប្រទេស​កូរ៉េ​ខាងជើង​វិញ​និយាយ​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ថា បើកចំហ​ចំពោះ​ការ​ចរចា​ដោយ​ស្មោះស្ម័គ្រ​ជាមួយ​កូរ៉េ​ខាងត្បូង ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​ធ្វើ​សំណើ​មួយ​ដែល​អាច​ជំរុញ​ឯកភាព​ជាតិ ។

យោង​តាម​សេចក្តី​ប្រកាស​រួម​មួយ​របស់​រដ្ឋាភិបាល និង​បណ្តា​អង្គការ​កូរ៉េ​ខាងជើង​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ថា ប្រសិនបើ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ធ្វើ​សំណើ​មួយ​ពី​ទស្សនវិស័យ​នៃ​ឯករាជ្យ និង​ឯកភាព​ជាតិ​នោះ យើង​នឹង​ពិភាក្សា​ដោយ​ស្មោះស្ម័គ្រ ។ នេះ​ជា​ជំហរ​របស់​យើង ។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ពេល​សមាជ​បក្ស​ពលករ​កូរ៉េ​នា​ពេល​ថ្មី​ៗ​នេះ​បាន​អំពាវនាវ​ឱ្យ​មានការ​ពិភាក្សា​គ្នា​ខាង​យោធា​ជាមួយ​ក្រុង​សេ​អ៊ូ​ល តែ​កូរ៉េ​ខាងត្បូង​បដិសេធ ដោយ​គូសបញ្ជាក់​ថា គ្មាន​ភាព​ស្មោះស្ម័គ្រ ៕