បើក​សវនាការ​កាត់ទោស​ជនជាប់ចោទ​វាយប្រហារ​នៅ​ក្រុង​បាងកក​2​នាក់

យោង​តាម​រ៉​យ​ទ័​រថា សវនាការ​កាត់ទោស​ជនជាប់ចោទ​២​នាក់​វាយប្រហារ​ភេរវកម្ម​ប្រើ​គ្រឿងផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០​នាក់ និង​របួស​ជាង​១២០​នាក់ កាលពី​ខែសីហា ឆ្នាំ​២០១៥ នៅ​ក្រុង​បាងកក ត្រូវ​បាន​បើក​កាលពី​ថ្ងៃ​ទី​១៧ ឧសភា នៅ​រាជធានី​ថៃ ។

ជនជាប់ចោទ​ទាំង​២​នាក់​នេះ​ដែល​នាំ​មក​កាន់​តុលាការយោធា​ជា​ជន​អ៊ិ​ស្លា​ម​អ៊ួ​យ​ហ្គួ​រម​ក​ពី​ចិន​។ ការ​ផ្ទុះ​កើត​មាននៅ​ទីតាំង​គោរព​បូជា​ហិណ្ឌូ ERAWAN ដែល​ពួក​អ្នកទេសចរ​និយម​ទៅ ។

ពួក​អ្នកការទូត​ក៏​ដូច​ជា​ពួក​អ្នក​ជំនាញការ​ខាង​បញ្ហា​សន្តិសុខ​រហូត​ដល់​អ្នក​ទទួលខុសត្រូវ​ថៃ​មួយ​ចំនួន​យល់​ថា ការ​វាយប្រហារ​នេះ​ទាក់ទិន​នឹង​ការ​ចាប់​បណ្តេញ​ទៅ​ចិន​វិញ នូវ​ពួក​អ្នក​រត់​ភៀសខ្លួន​អ៊ួ​យ​ហ្គួ​រ ប្រមាណ​ជា​១០០​នាក់ ដោយ​របប​យោធា​ថៃ ។ ចំណែក​ប៉ូលិស​ថៃ​លើក​ឡើង​ថា នេះ​ជា​ការ​វាយប្រហារ​របស់​បណ្តាញ​ឧក្រិដ្ឋ​នៃ​ពួក​មេខ្យល់ និង​ពួក​អ្នករត់ពន្ធ​មនុស្ស​ជា​ការ​សងសឹក​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថៃ ។

ជនជាប់ចោទ​ទាំង​២​នាក់​នេះ ADEM KARADAG និង YUSUFU MIERAILI អះអាង​ថា ពួក​គេ​ជា​ជន​ស្លូតត្រង់ ។ សាក្សី​ជាង​២៥០​នាក់ អាច​កោះហៅ​ឡើង​តុលាការ ។

សវនាការ​កាត់ទោស​នេះ​អាច​មាន​រយៈពេល​ជា​ច្រើន​ខែ ។ ជនសង្ស័យ​១៥​រូប​ទៀត ជា​កម្មវត្ថុ​នៃ​ដីកាចាប់ខ្លួន ក្នុង​នោះ​៨​នាក់​ជា​ជនជាតិ​តួ​ក​គី ឬ​អ្នក​រស់នៅ​តួ​ក​គី ៕