ផ្ទុះ​ហិង្សាវាយតប់​គ្នា​ក្នុង​សភា​អាហ្វ្រិក​ខាងត្បូង

ផ្ទុះ​ការ​ដាល់​តប់​គ្នា​កាលពី​ថ្ងៃ​ទី​១៧ ឧសភា រវាង​បណ្តា​សមាជិក​សភា និង​ភ្នាក់ងារ​សន្តិសុខ​ក្នុង​សភា​អាហ្វ្រិក​ខាងត្បូង ។

បណ្តា​សមាជិក​សភា​នៃ​គណបក្សប្រឆាំង​អាហ្វ្រិក​ខាងត្បូង​បាន​ដាល់​តប់​គ្នា​ជាមួយ​បណ្តា​សមាជិក​កងកម្លាំង​ការពារ​សន្តិសុខ​សភា​រយៈពេល​ប៉ុន្មាន​នាទី ខណៈ​សមាជិក​សភា​ទាំងនេះ​ត្រូវ​ច្រាន​ឱ្យ​ចេញពី​សភា​ពេល​ពួក​គេ​ទាមទារ​ឱ្យ​ប្រធានាធិបតី​លោក JACOB ZUMA ចាក​ចេញពី​តំណែង ។

សមាជិក​សភា​នៃ​គណបក្ស​ឆ្វេងនិយម​រ៉ា​ឌី​កាល់ យុទ្ធ​ជន​ដើម្បី​សេរីភាព​សេដ្ឋកិច្ច EFF ប្រមាណ​ជា​២០​រូប​បាន​នាំ​គ្នា​ស្រែ​ឡូឡា​ថា ប្រធានាធិបតី​បាន​បំពាន​ពាក្យ​សម្បថ ហើយ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ ។ គឺ​លោក ZUMA ទេ​ដែល​ត្រូវ​ចាកចេញ ។ សមាជិក​សភា​ទាំងនេះ​បាន​ដាល់​តប់ និង​គប់​ដប​ទឹក​លើ​កងកម្លាំង​សន្តិសុខ​ដែល​លើក​មក​បណ្តេញ​ពួក​គេ​ចេញ ។

នេះ​ជា​លើក​ទី​២​ហើយ រយៈពេល​២​ស​ប្តា​ហ៍​ដែល​បណ្តា​តំណាងរាស្ត្រ​គណបក្ស EFF ត្រូវ​បណ្តេញ​ចេញពី​សភា ។ រួច​ឧប្បត្តិហេតុ​ដែល​កើត​មាន​នា​ថ្ងៃ​ទី​១៧ ឧសភា គឺ​ក្រោម​ក្រសែភ្នែក​របស់​លោក​ប្រធានាធិបតី ZUMA ប៉ុន្មាន​នាទី​មុន​ពេល​ចាប់ផ្តើម​ការ​ដេញដោល​ចោទសួរ​ឆ្លើយឆ្លង​គ្នា រវាង​បណ្តា​សមាជិក​សភា និង​ប្រមុខរដ្ឋ ។

បណ្តា​សមាជិក​សភា​គណបក្ស EFF ដឹកនាំ​ដោយ​លោក JULIUS MALEMA បាន​ស្នើ​ឱ្យ​លោក JACOB ZUMA លាលែង​ចេញពី​តំណែង​ដោយ​ចោទប្រកាន់​លោក​ពី​បទ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ ហើយ​ឡូ​កឡំ​ក្នុង​រឿងអាស្រូវ​ពុក​រលួយ​ជា​ច្រើន ៕