អណ្តាតភ្លើង​បន្ត​រាតត្បាត​ថែម​ទៀត​នៅ​កា​ណា​ដា​ជម្លៀស​មនុស្ស​ចេញ​ច្រើន​ពាន់​នាក់

ភ្លើង​ឆេះ​ព្រៃ​នៅ​អាល់​ប័​រ​តា​ភាគ​ខាងលិច​កា​ណា​ដា​បន្ត​ឆេះ​រាលដាល​ខ្លាំង​កាលពី​ថ្ងៃ​ទី​១៧ ឧសភា បង្ខំ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ជម្លៀស​មនុស្ស​ចេញ​ថ្មី​ក្នុង​តំបន់​ទីក្រុង FORT MCMURRAY ។

សរុប​មនុស្ស​ប្រមាណ​ជា​៨.០០០​នាក់​បាន​ទទួលបញ្ជា​ឱ្យ​ចាក​ចេញពី​បណ្តា​ទីតាំង​ប្រេងកាត ព្រមទាំង​ចេញពី​ទីតាំង​រស់នៅ​របស់​ពួក​គេ​ដែល​ប្រឈម​មុខ​នឹង​អណ្តាតភ្លើង​ឆេះ​រាលដាល​ទៅ​មុខ​ខ្លាំង ។

២​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ទីក្រុង FORT MCMURRAY រយៈពេល​តែ​ប៉ុន្មាន​ម៉ោង បទបញ្ជា​ថ្មី​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ទៀត ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​១៦ ឧសភា មុន​ម៉ោង​២២​បន្តិច សម្រាប់​តំបន់​មួយ​លាតសន្ធឹង​ប្រវែង​៥០​គីឡូម៉ែត្រ ពោល​ក្នុង​តំបន់​ប្រេងកាត​តែ​ម្តង ។ ទីតាំង​រស់នៅ​មាន​លំនៅ​ឋាន​ដល់​៦៦៥ សម្រាប់​ពលករ​នៃ​បណ្តា​ក្រុមហ៊ុន​ប្រេងកាត​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង ។

ក្នុង​ព្រឹត្តិ​ប័ត្រ​ចុង​ក្រោយ​របស់​ខ្លួន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ឧសភា ទីភ្នាក់ងារ​ពន្លត់ភ្លើង​រដ្ឋ​អាល់​ប័​រ​តា រៀបរាប់​ពី​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​១៩​កន្លែង ក្នុង​នោះ​៤​កន្លែង​ពុំ​អាច​ត្រួតត្រា​បាន​ទាំងស្រុង ទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ពន្លត់ភ្លើង​ប្រមាណ​ជិត​២.០០០​នាក់​ក្តី ។ ភ្លើង​ដែល​ឆេះ​រាលដាល​ខ្លាំង​បំផុត និង​លឿន​បំផុត​នៅ​តែ​ក្នុង​តំបន់​ទីក្រុង FORT MCMURRAY ។

ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធំ​នេះ ដែល​បំផ្លាញ​ព្រៃ​ជិត​២.៤០០​គីឡូម៉ែត្រ​ក្រឡា រួច​ហើយ​ឆេះ​ខ្លាំង​ដោយសារ​ធាតុអាកាស​ក្តៅ និង​ស្ងួត រួច​ក៏​មាន​ខ្យល់​បោកបក់​ខ្លាំង​ដែរ​ដល់​៤០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ៕