សមាជិក​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​32​នាក់​ស្លាប់​ក្នុង​អំពើ​ហិង្សា

យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​ថា សមាជិក​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​៣២​នាក់​បាន​ត្រូវ​សា្ល​ប់​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ ព្រមទាំង​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

មជ្ឈមណ្ឌល​ព័ត៌មាន​របស់​កងកម្លាំង​នេះ​គូសបញ្ជាក់​តាម FACEBOOK និង TWITTER ថា យើង​បាត់បង់​ទាហាន​ដល់​ទៅ​៣២​នាក់ ហើយ​៥០​នាក់​ទៀត​រង​របួស ។ ការ​ប្រយុទ្ធ​​គ្នា​កើត​មាន​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង ABOU GREIN ស្ថិត​នៅ​ចម្ងាយ​១៣០​គីឡូម៉ែត្រ ខាងលិច​ទីក្រុង SYRTE ។ ទីក្រុង ABOU GREIN ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​វាយ​យក​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​១៧ ឧសភា ។ ចំណែក​ការ​បំផ្ទុះ​រថយន្ត​កើត​មាននៅ​ភូមិ BOUAIRAT EL-HASSOUN ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ខាង​លិច​ទីក្រុង SYRTE ជាទី​តាំងរបស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​អះអាង​ថា បាន​ដណ្តើម​ត្រួតត្រា​ភូមិ​នេះ​នា​ថ្ងៃ​ទី​១៨ ឧសភា បន្ទាប់​ពី​ការ​បង្ខំ​ឱ្យ​ពួក​ជី​ហា​ដ​ដកខ្លួន​ថយ​ពី​ទីក្រុង ABOU GREIN ។

កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ និង​កងកម្លាំង​រដ្ឋាភិបាល​លី​ប៊ី​មួយទៀត​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស ហើយ​ស្មោះត្រង់​នឹង​ឧត្តមសេនីយ៍​ខា​លី​ហ្វា ហា​ហ្វ​តា សុទ្ធតែ​ប្រជែង​គ្នា ដើម្បី​ក្លាយជា​អ្នក​ដំបូង​គេ​ធ្វើការ​វាយលុក​សំដៅ​កម្ចាត់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​ចេញពី​ទីក្រុង SYRTE ស្ថិត​នៅ​ចម្ងាយ​៤០០​គីឡូម៉ែត្រ ខាងកើត​ក្រុង​ទ្រី​ប៉ូ​លី ។

ការ​ប្រកួតប្រជែង​គ្នា​បែប​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​យល់​ថា អាច​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​លី​ប៊ី ។ សម្រាប់​រដ្ឋាភិបាល​រួបរួម​ជាតិ ការ​ជួយ​ទ្រទ្រង់​របស់​អន្តរជាតិ គឺ​សំខាន់​ណាស់​ដើម្បី​បង្កើត​កងទ័ព​ដែល​ខ្លាំង​មួយ​អាច​ទប់ទល់​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​បណ្តា​ក្រុម​ជ្រុលនិយម​ឯទៀត​ៗ ។

កាលពី​ថ្ងៃ​ទី​១៨ ឧសភា អង្គការ HUMAN RIGHT WATCH បាន​ចោទប្រកាន់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ថា បាន​ប្រហារជីវិត​មនុស្ស​យ៉ាងតិច​៤៩​នាក់ នៅ​ទីក្រុង SYRTE ។ តាម​របាយ​ការណ៍​មួយ​របស់​អង្គការ​មនុស្សធម៌​នេះ​ថា ជាង​២​ភាគ​៣​នៃ​ប្រជាជន​៨០.០០០​នាក់ របស់​ទីក្រុង​នេះ​បាន​រត់​ភៀសខ្លួន​ក្រោយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ចូល​មក​កាលពី​ដំណាច់ឆ្នាំ​២០១៤៕