បើ​រុ​ស្ស៊ី​ដាក់់​ឱ្យ​ប្រើប្រាស់​មី​ស៊ី​ល S-500 ថែម​ទៀត នោះ​ដែនអាកាស​រុ​ស្ស៊ី​ពិតជា​លំបាក​សម្រាប់​កង​យន្តហោះ​អា​មេ​រិ​ក

ទស្សនាវដ្តី​អា​មេ​រិ​កមួយ​លាតត្រដាង​ពី​ការ​ភ័យ​ខ្លាច​របស់​កង​យោធា​អា​មេ​រិ​ក​ចំពោះ​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​ៗ​របស់​រុ​ស្ស៊ី ។

ទស្សនាវដ្តី​អា​មេ​រិ​ក NATIONAL INTEREST សរសេរ​ថា ប្រសិនបើ​រុ​ស្ស៊ី​បង្កើត​បណ្តាញ​មួយ ដោយ​ប្រមូលផ្តុំ​បណ្តា​ប្រព័ន្ធ​ការពារ​អាកាស S-500 ដែល​នឹង​ផ្តល់​ឱ្យ​កងទ័ព​នា​ពេល​ឆាប់​ៗ ព្រមទាំង​គ្រឿង​សព្វាវុធ​ឯទៀត​ៗ ឧទាហរណ៍​មី​ស៊ី​ល S-400 មី​ស៊ី​ល S-300 BM4 និង​មី​ស៊ី​ល S-350 នោះ​ដែនអាកាស​រុ​ស្ស៊ី​នឹង​ក្លាយទៅជា​លំបាក​បំផុត​ក្នុង​ការ​ចូល​ទៅ ។

ទស្សនាវដ្តី​នេះ​បន្ត​ថា ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ទាំងនេះ​ពិតជា​មាន​អានុភាព​ខ្លាំងក្លា ដែល​ប្រមុខ​យោធា អា​េ​ម​រិ​ក​ជា​ច្រើន​រូប​ខ្លាច ទោះជា​មួយ​បណ្តា​យន្តហោះ​បំបាំង​កាយ F-22 F-35 និង B-2 ក៏​អាច​ជួប​បញ្ហា បើ​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​បណ្តា​តំបន់​ក្រោម​កិច្ច​ការពារ​របស់​ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនេះ ។

កង​យោធា​អា​មេ​រិ​ក​នៅ​តែ​ភ្ញាក់ផ្អើល​ដោយសារ​រុ​ស្ស៊ី​ក្រោយ​ការ​រលំរលាយ​សហភាព​សូ​វៀត​នៅ​តែ​អាច​ពុំ​ត្រឹមតែ​រក្សា​សមត្ថភាព​ប្រតិបត្តិការ​របស់​ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​ឡើយ ក៏​ប៉ុន្តែ​រហូត​ដល់​ធ្វើ​ឱ្យ​ប្រព័ន្ធ​ទាំងនេះ​កាន់តែ​សុ​ក្រិត​ទៀត​ផង ។

NATIONAL INTEREST ក៏​គូសបញ្ជាក់​ផង​ដែរ​ថា មី​ស៊ី​ល S-500 អាច​កម្ទេច​បណ្តា​គោលដៅ​ក្នុង​កម្ពស់​ដល់​២០០​គីឡូម៉ែត្រ ដែល​វា​នឹង​បង្កើត​កម្រិត​ឧត្តមភាព​នៃ​ប្រព័ន្ធ​ការ​ពារ​អាកាស​រុ​ស្ស៊ី ។ ប្រព័ន្ធ​នេះ​នឹង​អាច​កម្ទេច​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពី​ចម្ងាយ​រហូត​ដល់​រង្វង់​៦៤០​គីឡូម៉ែត្រ ។

កាលពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៦ ទីបញ្ជាការដ្ឋាន​កងទ័ពអាកាស និង​ប្រឆាំង​មី​ស៊ី​ល​រុ​ស្ស៊ី​ថ្លែង​ថា កងកម្លាំង​ការពារ​អាកាស​នឹង​ទទួល​បាន​ប្រព័ន្ធ​ការពារ​អាកាស S-500 នា​ពេល​ខាង​មុខ​ឆាប់​ៗ ។ ប្រព័ន្ធ​នេះ​អាច​ស្ទាក់​កម្ទេច​ដំណាលគ្នា​រហូត​ដល់​មី​ស៊ី​ល​បាលី​ស្ទិ​ក​១០​គ្រាប់ ។ បើ​និយាយ​ពី​លក្ខណៈសម្បត្តិ S-500 មាន​អានុភាព​លើស​ពី​ប្រព័ន្ធ S-400 TRIUMPH ព្រមទាំង​លើស​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​អា​េ​ម​រិ​ក PATRIOT ADVANCED ទៅ​ទៀត​។

បើ​និយាយ​ពី​ការ​លក់​អាវុធ​វិញ រុ​ស្ស៊ី​គ្រោង​លក់​គ្រឿង​សព្វាវុធ​មានទឹក​ប្រាក់​ដល់​ទៅ​១៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ។ លោក​អា​ឡិច សាន់​ដ្រ៍ ហ្វូ​មីន ប្រមុខ​ទីភ្នាក់ងារ​សហព័ន្ធ​រុ​ស្ស៊ី ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​យោធា និង​បច្ចេកទេស FSVIS អះអាង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ប្រាប់​ក្រុម​អ្នកកាសែត​ថា ផែនការ​ប្រចាំឆ្នាំ​នៃ​ការ​នាំ​ចេញ​អាវុធ និង​សម្ភារ​យោធា​រុ​ស្ស៊ី​សម្រាប់​ឆ្នាំ​២០១៦ គ្រោង​ទឹកប្រាក់​ជាង​១៤​ពាន់​លាន​ដុល្លារ ។ ក្រោយ​ឆ្នាំ​២០១៥ រុ​ស្ស៊ី​នឹង​រួម​សហការ​ខាង​យោធា ព្រមទាំង​ខាង​បច្ចេកទេស​យោធា​ជាមួយ​ប្រទេស​១០១ និង​ថា ការ​ផ្តល់​អាវុធ​ត្រូវធ្វើ​សម្រាប់​ប្រទេស​ពី​៥៨​ទៅ​៦០ ៕