យន្តហោះ EGYPTAIR ធ្លាក់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​សង្ស័យ​រង​ការ​វាយប្រហារ​ភេរវកម្ម​

យន្តហោះ AIRBUS A320 របស់​ក្រុមហ៊ុន EGYPTAIR ដែល​ហោះហើរ​រវាង​ទី​ក្រុងប៉ារីស និង​ទីក្រុង​គែរ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក្នុង​ដែនទឹក​នៃ​កោះ​ក្រិ​កមួយ​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៦៦​នាក់ ដែល​មាន​ជនជាតិ​អេ​ហ្ស៊ី​ប​៣០​នាក់ និង​បារាំង​១៥​នាក់ រួច​អាជ្ញាធរ​អេ​ហ្ស៊ី​ប​លើក​ឡើង​ពី​លទ្ធភាព​នៃ​អំពើ​ភេរវកម្ម​មួយ ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល ហ្វា​តា​ហ៍ អាល់​ស៊ី​ស៊ី បាន​ស្នើ​ដល់​គ្រប់​ក្បាលម៉ាស៊ីន​រដ្ឋ​ដែល​ទាក់ទិន ក្នុង​នោះ​រួម​មាន​ក្រសួង​អាកាសចរណ៍​ស៊ី​វិល កង​ម៉ា​រី​ន​ជាតិ និង​កងទ័ពអាកាស​ឱ្យ​បង្កើន​ប្រតិបត្តិការ​តាម​រុករក​បំណែក​យន្តហោះ ។

ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​អាកាសចរណ៍​ក្រិ​ក​អះអាង​ប្រាប់ AFP ថា បំណែក​ទាំងឡាយ​ដែល​រហូត​មក​ទល់​ពេល​នេះ រក​ឃើញ​ក្នុង​តំបន់​ក្បែរ​ចំណុច​ធ្លាក់ ពុំ​មែន​មក​ពី​យន្តហោះ​មួយ​ឡើយ ។ អ្នក​ទទួលខុសត្រូវ​ក្រិ​ក​រូប​នេះ លោក ATHANASSIOS BINOS អះអាង​ថា សម​ភាគី​អេ​ហ្ស៊ី​ប​របស់ខ្ញុំ​ក៏​អះអាង​ប្រាប់​ខ្ញុំ​ដែរ​ថា បំណែក​ទាំងនេះ​ពុំ​មែន​បំណែក​របស់​យន្តហោះ EGYPTAIR ដែរ ។ ក្រុមហ៊ុន​អាកាសចរណ៍​អេ​ហ្ស៊ី​ប​មុន​នេះ​ប្រកាស​ជា​ភាសា​អា​រ៉ាប់​តាម TWITTER ពី​ការ​រក​ឃើញ​បំណែក​នានា​ដែល​អាច​ជា​បំណែក​​យន្តហោះ​ជើងហោះហើរ MS804 ។ ក៏​ប៉ុន្តែ​អនុប្រធាន​ក្រុមហ៊ុន EGYPTAIR លោក AHMED ADEL គូសបញ្ជាក់​តាម CNN នា​ពេល​ល្ងាច​ថា បំណែក​ដែល​រក​ឃើញ ពុំ​មែន​ជា​បំណែក​របស់​យន្តហោះ​យើង​ឡើយ ។ លោក​ថា ប្រតិបត្តិការ​តាម​រុករក​កំពុង​បន្ត ។

រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប​វាយតម្លៃ​ថា សភាពការណ៍​នេះ​អាច​ឱ្យ​គេ​គិតដល់​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ដែល​លទ្ធភាព​នេះ​មាន​ខ្ពស់​ជាង​លទ្ធភាព​នៃ​ការ​ខូច​ខាង​បច្ចេកទេស ។ រដ្ឋមន្ត្រី​រូប​នេះ​លោក CHERIF FATHY បញ្ជាក់​ប្រាប់ AFP ថា ទោះបី​យ៉ាងណា ខ្ញុំ​ពុំ​ចង់​ធ្វើការ​សន្និដ្ឋាន​ដោយ​ប្រញាប់ប្រញាល់​ឡើយ ។

ក្រុងប៉ារីស​ប្រកាស​ថា អ្នកស៊ើប​អង្កេត​បារាំង​៣​រូប និង​ទីប្រឹក្សាបច្ចេកទេស​របស់​ក្រុមហ៊ុន AIRBUS មួយ​រូប បាន​មក​កាន់​ទីក្រុង​គែរ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ដើម្បី​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ ។

យន្តហោះ EGYPTAIR នោះ​ដឹក​អ្នកដំណើរ​៥៦​នាក់ ក្នុង​នោះ​មាន​កុមារ​តូច​ម្នាក់ និង​កូនង៉ែត​២​នាក់ ព្រមទាំង​សមាជិក​ក្រុម​យានិក​៧​នាក់ និង​នាយទាហាន​ខាង​សន្តិសុខ​៣​នាក់​ផង ៕