លោកស្រី​គ្លី​ន​តុ​ន ប្រាកដ​ក្នុងចិត្ត​ថា ឈ្នះ​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNN លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន អះអាង​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ថា លោកស្រី​ប្រាកដ​ក្នុង​ចិត្ត​ដែល​លោកស្រី​ពិតជា​ក្លាយជា​បេក្ខ​ជន​​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​េ​ម​រិ​ក​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ ។

ក្នុង​បទ​សម្ភាសន៍​នេះ លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន និយាយ​ថា ខ្ញុំ​នឹង​ក្លាយជា​បេក្ខជន​នៃ​គណបក្ស​របស់ខ្ញុំ ។ នេះ​វា​ជា​ការ​ពិត​រួច​ទៅ​ហើយ ហើយ​វា​ពុំ​អាច​ទៅ​រួច​ទេ ដែល​ខ្ញុំ​មិន​ជាប់​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​នោះ ។

នៅ​សល់​ការ​បោះ​ឆ្នោត​សម្រាំង​ក្នុង​រដ្ឋ​ជា​ច្រើន​ទៀត ដែល​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន ត្រូវ​ប្រជែង​ជាមួយ​លោក BERNIE SANDERS ។ ទោះជា​យ៉ាងនេះ​ក្តី អតីតរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ ធានា​ថា លោកស្រី​នឹង​ជា​អ្នក​ឈ្នះ​ដែរ ។ លោកស្រី​ពោល​ថា ខ្ញុំ​ទទួល​បាន​សំឡេង​៣​លាន​លើស​លោក SANDERS បាន​ន័យ​ថា ខ្ញុំ​មាន​សំឡេង​នាំមុខ​ខ្ពស់​បំផុត​នៃ​ចំនួន​ប្រតិភូ​អ្នកបោះឆ្នោត ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ CNN នេះ​ដែរ លោកស្រី​គ្លី​ន​តុ​ន វាយតម្លៃ​ថា លោក DONALD TRUMP ដែល​អាច​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ពុំ​មាន​គុណ​ភាព​ដើម្បី​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋ​អា​េ​ម​រិ​ក​ឡើយ ។ លោកស្រី​ថ្លែង​ថា ខ្ញុំ​ដឹង​ថា តើ​ការ​ប្រកួតប្រជែង​គ្នា​នេះ​មានការ​លំបាក​បែប​ណា តែ​ទោះបី​យ៉ាងណា​ក៏​ខ្ញុំ​យល់​ថា លោក DONALD TRUMP ពុំ​មានគុណ​ភាព​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឡើយ ។

លោកស្រី​គ្លី​ន​តុ​ន លើក​ជា​ឧទាហរណ៍​អំពី​ការ​បាត់​យន្តហោះ AIRBUS មួយ​គ្រឿង​របស់​ក្រុមហ៊ុន EGYPTAIR កាលពី​ថ្ងៃ​ទី​១៩ ឧសភា ដើម្បី​និយាយ​ថា លោក DONALD TRUMP ក្នុង​ករណី​បែប​នេះ​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រមូលផ្តុំ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ឆ្លើយ​តប​ចំពោះ​បណ្តា​ការ​គំរាមកំហែង​ចំពោះ​ពិភពលោក​ឡើយ ៕