យន្តហោះ​អេ​ហ្ស៊ី​ប​អាច​កម្ទេច​ដោយ​គ្រាប់បែក​មួយ​គ្រាប់

លោក MICHAEL MCCAUL ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​ផ្ទៃក្នុង​នៃ​សភា​អា​េ​ម​រិ​ក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុងស្រុក​ថា យន្តហោះ​ជើងហោះហើរ​៨០៤​របស់​ក្រុមហ៊ុន EGYPTAIR ដែល​បាត់ដាន​កាលពី​ថ្ងៃ​ទី​១៩ ឧសភា រវាង​ក្រុងប៉ារីស និង​ក្រុង​គែរ អាច​រង​ការ​កម្ទេច​ដោយ​គ្រាប់បែក​មួយ​គ្រាប់​ដាក់​ក្នុង​យន្តហោះ ។

យោង​តាម​អត្ថបទ​មួយ​របស់​កាសែត THE HILL លោក MCCAUL ថ្លែង​ថា ទោះបីជា​ព្រឹត្តិការណ៍​នេះ​ពុំ​ទាន់​ដឹង​ថា កើត​មាន​របៀប​ម៉េច​ឱ្យ​ច្បាស់​ក្តី ព្រោះតែ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​នៅ​ពុំ​ទាន់​រក​ឃើញ​តែ​តម្រុយ​មួយ​ចំនួន​នាំ​ឱ្យ​គេ​គិតដល់​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ដែរ ។ លោក​បន្ត​ថា ពិត​ណាស់ មានការ​សង្ស័យ​លើ​លទ្ធភាព​វាយប្រហារ​ភេរវកម្ម ។ យន្តហោះ​នេះ​ហោះ​ចេញពី​ទីក្រុង​គែរ ទីក្រុង​ទុ​យ​នី​ស និង​ពី​ទី​ក្រុងប៉ារីស ដូច្នេះ​គ្រាប់បែក​មួយ​ដាក់​ក្នុង​យន្តហោះ​អាច​មុន​ពេល​ចេញដំណើរ​ឬ​អាច​នាំ​ចូល​ដោយ​មនុស្ស​លួច​ជ្រៀតចូល​នៅ​ព្រ​លាន​យន្តហោះ​ក្រុងប៉ារីស ៕