បន្ត​តាម​រុករក​បំណែក​យន្តហោះ A320 របស់​អេ​ហ្ស៊ី​ប

ក្រោយ​ការ​បាត់ដាន​យន្តហោះ AIRBUS A320 មួយ​គ្រឿង​របស់​ក្រុមហ៊ុន EGYPTAIR ការ​រុករក​កំពុង​បន្ត​នា​ថ្ងៃ​ទី​២០ ឧសភា នៅ​ភាគ​ខាងត្បូង​កោះ CRETE ជា​តំបន់​បាត់​សញ្ញា​របស់​យន្តហោះ​នេះ​នា​វេលា​ម៉ោង​២​និង​៣៩​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១៩ ឧសភា ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល ហ្វា​តា​ហ៍ អាល់​ស៊ី​ស៊ី បាន​ចេញ​បញ្ជា​ឱ្យ​ក្រសួង​អាកាសចរណ៍​ស៊ី​វិល មជ្ឈមណ្ឌល​រុករក និង​ជួយ​សង្គ្រោះ​របស់​កងទ័ព កង​ម៉ា​រី​ន និង​កងទ័ពអាកាស​ឱ្យ​បង្កើន​ប្រតិបត្តិការ​រុករក​បំណែក​យន្តហោះ​នេះ ។

សហរដ្ឋ​អា​មេ​រិ​ក និង​បារាំង​ក៏​ចូលរួម​ក្នុង​ការ​រុករក​ដែរ ហើយ​ក្រុងប៉ារីស​បាន​បញ្ជូន​មក​កាន់​តំបន់​នេះ​នូវ​យន្តហោះ​ស៊ើបការណ៍ FALCON 50 មួយ​គ្រឿង ។ កង​ម៉ា​រី​ន​បារាំង​ក៏​បញ្ជូន​យន្តហោះ​ធំ​មួយ​មក​ទៀត គឺ​យន្តហោះ ATLANTIQUE 2 និង​នាវា​ល្បាត​មួយ​គ្រឿង ។ ប្រទេស​ក្រិ​ក ស៊ី​ប អង់គ្លេស អុ​ី​តា​លី ក៏​ចូលរួម​ក្នុង​ការ​ជួយ​រុករក​ដែរ ។

បំណែក​នៅ​ពុំ​ទាន់​រក​ឃើញ ទោះ​មុន​នេះ​អាជ្ញាធរ​ក្រិ​ក​អះអាង​ថា រក​ឃើញ​ក្នុង​សមុទ្រ​នូវ​របស់​អណ្តែត​នានា​និង​អាវ​ពោង​សង្គ្រោះ​នៅ​ចម្ងាយ​៣៧០​គីឡូម៉ែត្រ​ខាងត្បូង​កោះ CRETE ក្តី ។ ក៏​ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​អាកាស​ក្រិ​ក​និយាយ​ថា បំណែក​ដែល​រក​ឃើញ​ទាំងនេះ​ក្នុង​តំបន់​ក្បែរ​ចំណុច​យន្តហោះ​ធ្លាក់​ពុំ​មែន​មក​ពី​យន្តហោះ​នេះ​ឡើយ ៕