ទឹកជំនន់ និង​ការ​បាក់​ដី​នៅ​ស្រី​លង្កា​ស្លាប់​71​នាក់ និង​បាត់​ខ្លួន​ច្រើន​រយ​នាក់

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​ថា តុល្យការ​នៃ​ទឹកជំនន់ និង​ការ​បាក់​ដី​នៅ​ស្រី​លង្កា​មក​ដល់​ថ្ងៃ​ទី​២២ ឧសភា អ្នក​ស្លាប់​ឡើង​ដល់​៧១​នាក់ ហើយ​បណ្តា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​តាម​រក​មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​បាត់​ខ្លួន ។

ស្រុក KEGALLE នា​ភាគ​កណ្តាល​ប្រទេស​មាន​ជន​រង​គ្រោះ​ច្រើន​ជាងគេ​ជាមួយ​មនុស្ស​ស្លាប់​៣៩​នាក់ ដោយសារ​ការ​បាក់​ដី​២​នា​ថ្ងៃ​ទី​១៧ និង​១៨ ឧសភា ។ កងទ័ព​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១៤១​នាក់​នៅ​កប់​ជាប់​ក្រោម​គំនរ​បាក់បែក​ឯ ARANAYAKE និង​ថា​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ក៏​ប៉ុន្តែ​ព្យុះ​ភ្លៀង​រារាំង​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ជួយ​សង្គ្រោះ ។

រហូត​មក​ទល់​ពេល​នេះ​មនុស្ស​យ៉ាងតិច​៥០០.០០០​នាក់ រង​ការ​ប៉ះពាល់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង រួច​មនុស្ស​ប្រមាណ​ជា​២០០.០០០​នាក់ កំពុង​ស្ថិត​នៅ​តាម​ជំរំ​បណ្តោះអាសន្ន​នានា ។

ខាង​ផ្នែក​ឧតុនិយម​គូសបញ្ជាក់​ថា ភ្លៀង​អាច​បន្ត​ធ្លាក់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ទៀត មក​ពី ព្យុះ​មួយ​ស្ថិត​នៅ​ចម្ងាយ​១.១០០​គីឡូម៉ែត្រ ភាគ​ឦសាន​ទីក្រុង KANKASANTHURAI ភាគ​ខាងជើង​ប្រទេស ។ ទោះបី​ព្យុះ​នេះ​ស្ថិត​នៅ​ឆ្ងាយ​នៅឡើយ តែ​ខ្យល់​បាន​បោកបក់​យ៉ាង​ខ្លាំង ហើយ​ភ្លៀង​បន្ត​ធ្លាក់ ៕