ធ្លាក់​យន្តហោះ​អេ​ហ្ស៊ី​ប​បង្ហាញ​បំណែក​ទាំងឡាយ

ក្រោយ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ EGYPTAIR ជើងហោះហើរ MS 804 បំណែក​នានា​ដែល​ស្រង់​បាន​ទើប​ថត​ចេញផ្សាយ ។

តាម​រូបភាព​គេ​ឃើញ​ជា​ពិសេស​អាវ​ពោង​ជួយ​សង្គ្រោះ​មួយ​មាន​ពណ៌​លឿង របស់របរ​មួយ​ចំនួន​របស់​អ្នកដំណើរ រួច​ក៏​មាន​បំណែក​ទាំងឡាយ​របស់​យន្តហោះ​ដែល​ជួនកាល​ពិបាក​មើល​ស្គាល់ ព្រោះ​វា​ខ្ទេចខ្ទី ។

នៅ​តំបន់​រុករក​ការ​ប្រមូល​បំណែក​នៅ​បន្ត​ទៀត​រួច​អ្វី​ៗ​ដែល​អាច​ផ្តល់​ព័ត៌មាន​នានា​ត្រូវ​យក​ប្រគល់​ឱ្យ​ក្រុម​អ្នកស៊ើប​អង្កេត ។ សម្រាប់​ពេល​នេះ អាជ្ញាធរ​អេ​ហ្ស៊ី​ប​នៅ​ពុំ​ទាន់​រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​នៅឡើយ ។

មាន​ទិន្នន័យ​នានា​តាម​រយៈ​សារ​ស្វ័យប្រវត្តិ​របស់​យន្តហោះ​ប៉ុន្មាន​នាទី​មុន​ពេល​ធ្លាក់ ដោយ​តាម​រយៈ​សារ​ទាំងឡាយ​រៀបរាប់​ពី​ការ​មិន​ដំណើរការ​នៃ​ឧបករណ៍​ជា​ច្រើន​របស់​យន្តហោះ​មុន​ពេល​ធ្លាក់​។ នា​វេលា​ម៉ោង​២​និង​២៦​នាទី​មានការ​ខូច​ប្រព័ន្ធ​នៃ​បង្អួច​មួយ​នៅ​កាប៊ី​ន​យន្តហោះ​។ រួច​នា​ម៉ោង​ដដែល​នោះ​សារ​រាយការណ៍​ពី​ផ្សែង​ក្នុង​បន្ទប់ទឹក ។ វេលា​ម៉ោង​២​និង​២៧​នាទី​រំលង​អ​ធ្រា​ត​សារ​ក៏​ថា​វា​មាន​ផ្សែង​នៅ​ត្រង់​ស៊ូ​ត​អេ​ឡិច​ត្រូ​និក និង​នៅ​នៅ​ត្រង់​កន្លែង​បញ្ជាការ​ហោះហើរ រួច​នា​វេលា​ម៉ោង​២​និង​២៩​នាទី​ថ្ងៃ​ទី​១៩ ឧសភា នោះ​ចង្កូត​ស្វ័យប្រវត្តិ​មួយ​ក៏​ខូច ។ ទាំងនេះ​ជា​ព័ត៌មាន​ចុង​ក្រោយ​ដែល​បញ្ជូន​មក ។ ប៉ុន្មាន​នាទី​ក្រោយមក​យន្តហោះ​ក៏​ធ្លាក់​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​អេ​ហ្ស៊ី​ប ។

ទោះជា​បែប​នេះ​ក្តី ក៏​ព័ត៌មាន​ទាំងនេះ​ពុំ​អាច​លុប​បំបាត់​អាថ៌​កំបាំង​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ដែរ ៕