មេដឹកនាំ​តា​លី​បង់អាច​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អាមេ​រិ​ក

សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា មេ​ដឹកនាំ​តា​លី​បង់ លោក MULLAH AKHTAR MANSOOR អាច​ស្លាប់​ដោយសារ​ការ​វាយ ប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ ទី​២១ ឧសភា នៅ​តំបន់​ដាច់​ស្រយាល​មួយ​ជាប់​ព្រំដែន​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ពី​ការ​វាយប្រហារ​នោះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយ​ថា កងទ័ព​អា​មេ​រិ​ក​បន្ត​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការ​វាយប្រហារ​ដែល​កើត​មាននៅ​ភាគ​និរតី AHMAD WAT ជាទី​ក្រុង​មួយ​នា​ភាគ​ខាងលិច​ប៉ា​គី​ស្ថាន ។

មន្ត្រី​អា​មេ​រិ​ក​ម្នាក់​អះអាង​តាម​ទូរទស្សន៍ CBS NEWS ថា លោក MANSOOR អាច​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ដែល​អនុញ្ញាត ដោយ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​។ ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​ដោយ​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កងកម្លាំង​ប្រតិបត្តិការ​ពិសេស សំដៅលើ​រថយន្ត​មួយ​ដែល​ដឹក​លោក  MANSOOR ។ អ្នក​រួម​ដំណើរ​ម្នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK ថ្លែង​ថា លោក MANSOOR ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​ផែនការ​វាយប្រហារ​នានា​ប្រឆាំង​បណ្តា​ទីតាំង​នៅ​ក្រុង​កា​ប៊ុល និង​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ក៏​បញ្ជូន​បណ្តា​មេដឹកនាំ​តា​លី​បង់​ទៅ​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​សំដៅ​បញ្ចប់​ជម្លោះ​ដែរ ។

លោក MANSOOR ពី​មុន​ជា​ជំនួយការ​របស់​មេដឹកនាំ​ប្រវត្តិសាស្ត្រ​តា​លី​បង់ លោក MULLAH MOHAMMAD OMAR និង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​របស់​ពួក​តា​លី​បង់ ។ កាលពី​ឆ្នាំ​២០១៥ លោក​បាន​ក្លាយជា​មេដឹកនាំ​តា​លី​បង់ ក្រោយ​ការ​ស្លាប់​របស់​លោក OMAR កាលពី​ឆ្នាំ​២០១៣ ៕