ព្យុះ​ឈ្មោះ ROANU វាយប្រហារ​លើ​ប្រទេស​បង់​ក្លា​ដែ​ស​ស្លាប់​23​នាក់

ព្យុះ​ឈ្មោះ ROANU កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​សម្លាប់​មនុស្ស​យ៉ាងតិច​២៣​នាក់ ពេល​វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​បង្ខំ​មនុស្ស​កន្លះ​លាន​នាក់​ឱ្យ​ភៀសខ្លួន​ចេញពី​តំបន់​មាន​ខ្យល់​បោកបក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង ។

អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ប្រមាណ​ជា​៥០០.០០០​នាក់​ទៅ​កាន់​ជម្រក​ការពារ​ខ្យល់ព្យុះ​ដែល​បោកបក់​ដល់​តំបន់ឆ្នេរ​ស​សមុទ្រ​របស់​ប្រទេស​នា​វេលា​ថ្ងៃត្រង់ ។ ព្យុះ​នេះ​វាយ​ប្រហារ​លើ​ទីក្រុង​បារី​សាល់ និង​ទីក្រុង​ជីតា​ហ្គុ​ង ជាមួយ​កម្លាំង​ខ្យល់​ពី​៦២ ទៅ​៨៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ យោង​តាម​ប៉ូលិស​ថា មនុស្ស​យ៉ាងតិច​២០​នាក់​ស្លាប់ ដោយសារ​ទឹកជំនន់ ឬ​ការ​បាក់​ដី​។ នា​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា សភាពការណ៍​ដូច​ជា​មានការ​កែ​លម្អ​ញ៉ាំង​ឱ្យ​ប្រជាជន​វិល​មក​កាន់​លំនៅ​ឋាន​វិញ ។

ភូមិ​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​ប្រទេស​ត្រូវ​ទឹក​ជន់​លិច​ដោយ​ទឹក​ឡើង​ដល់​កម្ពស់​១,៥​ម៉ែត្រ រួច​អ្នក​ភូមិ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ចេញ ។

ផ្ទះ​ជា​ច្រើន​រយ​ខ្នង​រង​ការ​បំផ្លាញ ។ អាជ្ញាធរ​បង់​ក្លា​ដែ​ស កាលពី​យប់​ថ្ងៃ​ទី​២០ ឧសភា អះអាង​ប្រាប់ AFP ថា ត្រៀម​ជម្លៀស​មនុស្ស​ចេញ​ដល់​២​លាន​នាក់​ទៅ​កាន់​ជំរំ​ប្រមាណ​ជា​ជិត​៤.០០០​នៅ​ភាគ​ខាងត្បូង​ប្រទេស ៕