យុវជនទាំងអស់កុំចេះតែហ៊ាន “បទ​រំលោភ​សេពសន្ថវៈ​ អាចត្រូវជាប់គុកពី ៧​ឆ្នាំ ទៅ​ ១៥​ឆ្នាំ”

យុវជនទាំងអស់កុំចេះតែហ៊ាន “បទ​រំលោភ​សេពសន្ថវៈ​ អាចត្រូវជាប់គុកពី ៧​ឆ្នាំ ទៅ​ ១៥​ឆ្នាំ”



កណ្ដាល ៖ មាត្រាទី២៤១ នៃក្រមព្រហ្មទណ្ឌ បទ​រំលោភ​សេពសន្ថវៈត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ឆ្នាំ ទៅ​ ១៥​ឆ្នាំ។​ ជាក់ស្ដែង យុវជន​ម្នាក់​ត្រូវ​បាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ការ​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ នៅ​ស្រុក​កោះធំ។

មន្ត្រី​តុលាការបានថ្លែង​ថា យុវជន​រូប​នេះ ត្រូវ​បាន​លោកស្រី សុន សុខា​លីដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កណ្ដាល សម្រេច​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​ មាន​ស្ថាន​ទម្ងន់ទោស ​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រាទី​២៤១ នៃ​ក្រមព្រហ្មទណ្ឌ​ ហើយបទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ឆ្នាំ ទៅ​ ១៥​ឆ្នាំ។

សមត្ថកិច្ច​ស្រុក​កោះធំបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លាង បូ​រិ​ន អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​កម្មករ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់ ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​ចម្ការ​ស្វាយ នៅ​ភូមិ​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ជនរងគ្រោះ បាន​មក​ការ​បងប្អូន ក្នុង​ភូមិ​ជាមួយគ្នា​។ លុះ​ក្រោយមក ជនរងគ្រោះបាន​ដើរ​ទៅ​ផ្ទះ ដើម្បី​ប្ដូរ​សម្លៀក​បំពាក់ ហើយក៏​ត្រឡប់​មក​រាំ​វិញ រួម​ជាមួយ​មិត្តភក្តិ​ម្នាក់​ផង​ដែរ​។ ពេល​ត្រឡប់​មកដល់​វិញ កូនក្រមុំ កូន​កំលោះ ក៏បាន​ហៅ​ជនរងគ្រោះ និង​មិត្តភក្តិ ឱ្យ​ចូល​ផឹកស៊ី​ជាមួយគ្នា ដោយ​បាន​រួម​តុ​ជាមួយ​ជនសង្ស័យ​ផងដែរ។

ក្រោយពី​ផឹកស៊ី​បាន​មួយសន្ទុះ ជនរងគ្រោះ បាន​បបួល​មិត្តភក្តិ ទៅ​រក​ទិញ​ស្ករ​គ្រាប់​មក​ហូប ហើយ​បបួល​ជនសង្ស័យ​ទៅ​ជាមួយគ្នា​។ ពេល​ត្រឡប់​មកពី​ទិញ​ស្ករ​គ្រាប់​វិញ ដល់​ចំណុច​កើតហេតុ​ខាងលើ ជនសង្ស័យក៏បាន​ចាប់​ឱប និង​អូស​ដៃ​ជនរងគ្រោះ ចូល​ទៅ​ក្នុង​ចម្ការ​ស្វាយ ពេលនោះ​ឈ្មោះ ថន គីម​ឡេង ដែល​ជា​មិត្តភក្តិ បាន​ស្ដី​ឱ្យ​ជនសង្ស័យ ថា​កុំ​ឱ្យ​ធ្វើ​បែបនេះ ថែមទាំង​បាន​យក​រំពាត់ វាយ​ជនសង្ស័យ​ទៀត តែ​ជនសង្ស័យ​ពុំ​ព្រម​បញ្ឈប់​ទេ និង​បាន​ចាប់​ជនរងគ្រោះ​ចូល​ទៅក្នុង​ចម្ការ​ស្វាយ​បន្ត​ទៀត ឃើញ​បែប​នោះ ឈ្មោះ ថន គីម​ឡេង ក៏បាន​ដើរ​ត្រឡប់​មក​ផ្ទះ​ការ​មុន​។ ចំណែក​ជនសង្ស័យ ក៏បាន​រំលោភ​ជនរងគ្រោះ រហូត​បានសម្រេច​តែម្ដង៕