ការ​តវ៉ា​រឿង​​ធ្វើ​ផ្លូវ ​កាត់​ទីតាំង​វិហារ​ឥស្លាម​ បង្កឡើង​ដោយ​ការ​ញុះញង់ និង​​ព័ត៌​មា​ន​គ្មាន​ការពិត​

ការ​តវ៉ា​រឿង​​ធ្វើ​ផ្លូវ ​កាត់​ទីតាំង​វិហារ​ឥស្លាម​ បង្កឡើង​ដោយ​ការ​ញុះញង់ និង​​ព័ត៌​មា​ន​គ្មាន​ការពិត​



ភ្នំពេញ ​៖ ការ​លើក​ឡើង​របស់​លោក អូស្មាន ហាស្សាន់ នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​មានការ​តវ៉ា​មួយ​នៅ​ព្រះវិហារ​ឥស្លាម ដែលស្ថិតនៅក្នុងតំបន់ ​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែ​ឧ​ស​ភា ឆ្នាំ​២០១៦ ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ កាត់​ដី​មួយ​ចំណែក​នៃ​ព្រះវិហារ ដោយ​លោ​ក​បាន​បញ្ជាក់​ថា ការ​តវ៉ា​នោះ ដោយសារ​ការ​ញុះញង់ និង​បំផុស​នូវ​ព័ត៌មាន​មិន​ពិត​។​

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ ថា មាន​មតិ​មួយចំនួន​ផ្តល់​ព័ត៌មាន​មិន​ពិត ញុះញង់ និង​បំបែកបំបាក់​ ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ហើយ​អ្វី​ដែល​លើកឡើង​នា​ពេ​ល​កន្លងមក គឺជា​រឿង​មិន​ពិត​នោះ​ទេ ពីព្រោះ​ការ​ធ្វើ​នេះ គឺ​ដើម្បី​បើកផ្លូវ​ដែល​ជា​ប្រយោជន៍​រួម​ដល់​សហគមន៍​ខ្មែរឥស្លាម​នៅ​តំបន់​នោះ និង​ដើម្បី​បងប្អូន​មូស្លី​ម ងាយ​ធ្វើដំណើរ​ទៅ​​ព្រះវិហារ ហើយ​ប្រជាពលរដ្ឋ​មូស្លី​ម​បាន​អបអរសាទរ​ ចំពោះ​គម្រោង​ធ្វើ​ផ្លូវ​របស់​សាលា​រាជធានី​នេះ​ផង​ដែរ​។​

លោក អូស្មាន ហាស្សាន់ បញ្ជាក់​យ៉ាងនេះ​ថា “​ការ​ធ្វើ​ផ្លូវ​នេះ​គ្មានអ្វី​ជា​បញ្ហា​ធំដុំ​ទេ តែ​មាន​មតិ​មួយ​ចំ​នួន​ផ្តល់​ព័ត៌មាន​មិន​ពិត ផ្តល់​ព័ត៌មាន​បែប​ញុះញង់​ ធ្វើ​ឲ្យ​បងប្អូន​មួយចំនួន​មានការ​ភាន់ច្រឡំ ដោយ​បញ្ហា​ទីមួយ មានការ​និយាយ​ថា ធ្វើ​ផ្លូវ​ពុះ​ព្រះវិហារ ហើយ​ការប្រើ​ពាក្យ​នេះ​អ្នកណា ក៏​មិនអាច​ទទួល​យក​បាន​ដែរ បញ្ហា​ទី​២ គឺ​មាន​ការ​បញ្ជាក់​ថា ធ្វើ​ផ្លូវ​ជាប់​ជញ្ជាំង​ព្រះវិហារ ហើយ​បញ្ហា​ទី​៣ គឺ​មានការ​និយាយ​ថា ធ្វើ​ផ្លូវ​មាន​គំលាត​ពី​ព្រះវិហារ​តែ​១០ ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ការ​លើក​ឡើង​៣​ចំណុច​នេះ​ វា​ខុសស្រឡះ ពីព្រោះ​គម្រោង​នេះ​ យើង​បាន​គិតគូរ​ជា​យូរ​មក​ហើយ​ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ផង និង​សម្រាប់​សហគមន៍​ខ្មែរឥស្លាម​ផង ដោយ​មិន​ផ្ដោត​តែមួយ​ផ្នែកៗ​នោះ​ទេ​”​។​

លោក អូស្មាន ហាស្សាន់ បាន​អះ​អាង​ថា នៅ​តំបន់​បឹងកក់​នេះ​ ធ្វើ​ផ្លូវ​ចំនួន​១០ ខ្សែ ដែល​មាន​ពី R-1​ ដល់ R-10 ហើយ​ក្រោយពី​បាន​បង្កើត​គណៈកម្មការ ក៏​បាន​ពិភាក្សា​គ្នា​ដោយ​យក​ជម្រើស​ទី​១ គឺ​ការ​ធ្វើ​ផ្លូវ​ចំ​កណ្ដាល ហើយ​យើង​បាន​ស្នើសុំ​ធ្វើ​យ៉ាង​ណា​ខិត​ឲ្យ​ឆ្ងាយ​ពី​វិហារ ហើយ​នៅពេល​ឯកភាព​ធ្វើ​ផ្លូវ​ទំហំ​៣០ ម៉ែត្រ ប៉ុន្តែ​ពេលនេះ​បានសម្រេច​ធ្វើ​តែ​២០ ម៉ែត្រ​ទេ​។

លោក​បញ្ជាក់​ទៀត​ថា តាម​អ្វី​ដែ​ល​លោក​ទទួល​បាន គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ភាគច្រើន​បាន​ឯកភាព ហើយ​គម្រោង​នេះ​បាន​ទទួល​ការ​សាទរ​យ៉ាងច្រើន ដោយសារតែ​មិនបាន​ជួយ​រំលែក​ការ​កកស្ទះ និង​ជួយ​សម្រួល​ដល់បង​ប្អូន​ខ្មែរឥស្លាម​ ធ្វើ​ដំណើ​ទៅ​គោរព​នៅក្នុង​វិហារ​នោះ​បាន​ទាន់​ពេល​វេលា​។ ដោយឡែក​ចំពោះ​ការ​លើ​ក​ឡើង ​ពី​ការ​ធ្វើ​ឲ្យ​ថ្លង់​ដល់​ការគោរព​សាសនា​នោះ លោក​អះ​អាង​ថា នៅ​ព្រះវិហារ​មាន​សុទ្ធតែ​ម៉ាស៊ី​ន​ត្រជាក់ បិទទ្វារ​ជិត ដូច្នេះ​អត់​មាន​អ្វី​ត្រូវ​បង្ក​ការ​រំខាន​នោះ​ទេ​។ ដូច្នេះ​ការ​តវ៉ា​នោះ ផ្ដើម​ឡើង​ដោយ​ការ​ញុះញង់ ខុសពី​ការពិត ដែល​ជា​ការ​ដុត​កំហឹង​ ធ្វើ​ឲ្យ​បងប្អូន​មាន​កំហឹង យើង​ឃើញ​ពី​ចំណុច​អវិជ្ជ​មាន​ បង្ក​ការ​ញុះញង់ ពី​ជន​មួយចំនួន​តូច បង្ក​ឲ្យ​មាន​បញ្ហា​នេះ ហើយ​បងប្អូន​មូស្លីម​ភាគច្រើន ​បាន​ចូលរួម​គាំទ្រ​ចំពោះ​គម្រោង​នេះ វា​មិន​មែន​ជា​កង្វល់​នោះទេ ​បង​ប្អូន​មូស្លីម​ទូទាំង​ប្រទេស​គាំទ្រ គឺ​មាន​ជាង​៩៩ ភាគរយ​នៃ​បងប្អូន​មូស្លីម​ទូទាំង​ប្រទេស​បាន​ផ្ញើ​ញត្តិ​គាំទ្រ ​ចំពោះ​គម្រោង​ធ្វើ​ផ្លូវ​នេះ ហើយ​ក្នុង​នោះ មាន​វិទ្យុ​មួយចំនួន​បាន​ផ្សាយ​មាន​ភាព​លំអៀង​ពី​បញ្ហា​នេះ​។​

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា នេះ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ប្រមាណ​ជាង​២០០​នាក់ បាន​មក​ធ្វើការ​ប្រមូល​ផ្តុំគ្នា​នៅ​វិហារ​ចាម នៅក្នុង​តំបន់​បឹងកក់ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​ផ្លូវ​ កាត់​ដី​តំបន់​វិហារ​អាល់​សារ​កាល ដោយ​ការ​តវ៉ា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ធ្វើ​ពិធី​គោរព​បួងសួង​នៅក្នុង​ព្រះ​វិហារ​រួច ពួកគាត់​បាន​នាំ​គ្នា​ធ្វើ​របង​បិទ​ត្រង់​ចំណុច ​ដែល​គេ​គ្រោង​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​ក្នុង​ព្រះវិហារ​។ នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​តវ៉ា​នេះ គឺ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ ហើយ​ពួកគាត់​បាន​នាំ​គ្នា​ផ្ដិត​មេដៃ ដើម្បី​ស្នើ​ឲ្យ​លុបចោល​គម្រោង​ធ្វើ​ផ្លូវ​កាត់​តំបន់​ព្រះវិហារ​។​

លោក អះ​ម៉ាត់ យះ​យ៉ា ដែល​មាន​វត្តមាន​ចូលរួម​ផង​ដែរ​នោះ​ បាន​ថ្លែង​ថា ការ​កាត់​ដី​អ្វី​ក៏ដោយ មិន​មែន​ លោក ​សុះ មុ​សិន លោក អូស្មាន ហាសាន់ ជា​អ្នក​សម្រេច​ទេ ដី​ព្រះវិហារ​ជា​ដី​រួម ដី​បងប្អូន​ឥស្លាម​ទាំងអស់ ដូច្នេះមុន​ធ្វើ​អ្វី​ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន​៕

ការ​តវ៉ា​រឿង​​ធ្វើ​ផ្លូវ ​កាត់​ទីតាំង​វិហារ​ឥស្លាម​ បង្កឡើង​ដោយ​ការ​ញុះញង់ និង​​ព័ត៌​មា​ន​គ្មាន​ការពិត​