សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ E-Sport ធ្វើ​សិក្ខាសាលា​ពន្យល់​ពី​ Games ស៊ីសង និង Games ជា​លក្ខណៈ​កីឡា

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ E-Sport ធ្វើ​សិក្ខាសាលា​ពន្យល់​ពី​ Games ស៊ីសង និង Games ជា​លក្ខណៈ​កីឡា



ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sport)​ បាន​ធ្វើ​សិក្ខាសាលា​មួយ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២៣​ ខែ​ឧ​ស​ភា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ដើម្បី​ធ្វើ​បទ​បង្ហាញ ​និង​ពន្យល់​ពី​ភាព​ខុសគ្នា​នៃ​ប្រភេទ Games ស៊ីសង និង Games ជា​លក្ខណៈ​កីឡា។​

លោក​ ជី សិលា ប្រធាន​សហព័ន្ធ​កីឡា ​E-Sport បាន​បញ្ជាក់​ថា កីឡា​អេឡិចត្រូនិក​ជា​ប្រភេទ​កីឡា ដែល​ប្រើ​ភាព​វាងវៃ ហើយ​អ្នកលេង​កីឡា​នេះ នឹង​ឆាប់​ចេះ​ភាសា​អង់គ្លេស​ទៀត​ផង។​

កីឡា ​E-Sport បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧២ ដោយ​និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​ Stand Ford សហរដ្ឋអាមេរិក។ E-Sport ត្រូវ​បាន​បែងចែក​ជាច្រើន​វិញ្ញាសា ហើយ​នៅ​ឆ្នាំ​១៩៨០​ មានការ​ប្រកួត​ធំ​មួយ ​ហើយ​កីឡា​នេះ​ត្រូវ​បាន​បង្កើត​ជា​សហព័ន្ធ​អន្តរជាតិ​ទៀត​ផង។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​បើ​ក​សិក្ខាសាលា​នេះ បាន​មានប្រសាសន៍ថា កីឡា​ក៏​ជា​ល្បែង​ដែរ ប៉ុន្តែ​ល្បែង​ក្នុង​កីឡា គឺ​ត្រូវ​ប្រកាន់​នូវ​គោលការណ៍ ​Fair Play គោរព​បទបញ្ជា​ប្រកួត ទើប​ចាត់ទុកជា​កីឡា។ លោក​អគ្គ​លេខា​អូឡាំពិក​បាន​បន្ត​ថា កីឡា E-Sport ទើបនឹង​កើតមាន ដូច្នេះ​សហព័ន្ធ​ត្រូវតែ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់​ ដល់​ស​មា​ជិក​របស់​ខ្លួន ឲ្យ​គោរព​បទបញ្ញត្តិ​របស់​សហព័ន្ធ​អន្តរជាតិ គោរព​ក្រមសីលធម៌ (​កុំ​ដាក់​វា​ក្នុង​ល្បែង​ភ្នា​ល់ ដោយ​ត្រូវ​ផ្ដោត​ទៅ​លើ​ផ្លូវចិត្ត បញ្ញា ) ហើយក៏​ត្រូវ​គោរព​គុណ​តម្លៃ​របស់​កីឡា ដែល​រួមមាន មិត្ត​ភាព គោរព​ដៃគូ និង​ប្រកួតប្រជែង ​ដើម្បី​ឧត្តមភាព គឺ​ឈ្នះ​ចាញ់​ដោយ​លក្ខណៈ​បច្ចេកទេស។​

ផ្តើម​ចេញ​ពី​នេះ លោក​បាន​សំណូមពរ​ឲ្យ​សហព័ន្ធ​កីឡា E-Sport ត្រូវធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ​មួយ​ឲ្យ​បាន​ច្បាស់លាស់​ បន្ទាប់ពី​បញ្ចប់​សិក្ខាសាលា​ ដើម្បី​ឲ្យ​គេ​យល់​ច្បាស់​ពី​ប្រភេទ Games ជា​លក្ខ​ណៈ​កីឡា និង Games ជា​ប្រភេទ​ល្បែងស៊ីសង​សម្រាប់​កីឡា E-Sport​ នេះ។​

លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា ​E-Sport បាន​ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​របស់​ E-Sport​ នៅ​កម្ពុជា ការវិវត្តន៍​ E-Sport ភារកិច្ច និង​គោលដៅ​ E-Sport​ នៅ​កម្ពុជា ដោយ​លោក​សង្កត់​ធ្ងន់​ថា កី​ឡា​អេឡិចត្រូនិក​បាន​ចាប់​ផ្តើម​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០០០ ហើយ​បាន​ចាប់​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១ មានការ​ប្រកួត​ថ្នាក់​ជាតិ និង​ឆ្នាំ​២០១២ បាន​ចេញទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។​

ចំពោះ​គោលដៅ E-Sports​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​ទៀត គឺ​អភិវឌ្ឍន៍ ​និង​ផ្សព្វផ្សាយ​កីឡា​អេឡិច​ត្រូនិក​នេះ​ទូទាំង​ប្រទេស ជាមួយនឹង​ការ​បណ្តុះបណ្តាល​ស្មារតី​ និង​ភាព​វៃឆ្លាត​របស់​យុវជន​ និង​អត្ត​ព​លិក។​ ទន្ទឹម​នេះ ជំរុញ ​និង​លើកកម្ពស់​កីឡា E-Sport តាមរយៈ​តម្លៃ​នៃ​មនុស្សជាតិ អប់រំ វប្បធម៌ សាមគ្គី និង​សន្តិភាព ហើយ​អភិវឌ្ឍន៍ ​និង​ការពារ​ស្វ័យភាព​តាម​គោលការណ៍ E-Sport​អន្តរជាតិ៕​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ E-Sport ធ្វើ​សិក្ខាសាលា​ពន្យល់​ពី​ Games ស៊ីសង និង Games ជា​លក្ខណៈ​កីឡា

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ E-Sport ធ្វើ​សិក្ខាសាលា​ពន្យល់​ពី​ Games ស៊ីសង និង Games ជា​លក្ខណៈ​កីឡា