លោក សុះ ម៉ាច បន្ត​នាំ​យក​ថវិកា​ឧបត្ថម្ភ​ជូន​តារា​កំប្លែង​ជើងចាស់​ពីររូប​

លោក សុះ ម៉ាច បន្ត​នាំ​យក​ថវិកា​ឧបត្ថម្ភ​ជូន​តារា​កំប្លែង​ជើងចាស់​ពីររូប​



ភ្នំពេញ ៖ ក្រោយពី​ទទួល​បាន​ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​រហូត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ពេទ្យ​ព្រះ​កេតុមាលា ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច កាលពី​ម្សិលមិញ​ បាននាំ​យក​ថវិកា​មួយ​ចំនួន​ ដែល​បាន​មកពី​សប្បុរសជន​ ទៅ​ឧបត្ថម្ភ​ជូន​តារា​កំប្លែង​ជើង​ចាស​នាយ ស្មាញ ដែល​បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​ជាប់​ខ្លួន​ និង​ជួប​ការ​លំបាក​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

លោក សុះ ម៉ាច​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ​ថ្ងៃនេះ​ខ្ញុំបាទ​ឆ្លៀត​មក​សួរសុខទុក្ខ​នាយ ស្មាញ ព្រមទាំង​នាំ​យក​ថវិកា​សប្បុរស​ជន ​មក​ជូន​នាយ​ក្នុង​នោះ​មាន​៖ ​លោក​សុភា ដេវីដ​ អតីត​តារា​សម្ដែង​ចំនួន ​៥០ដុល្លារ និង លោក​ឧកញ៉ា លី ថវិកា​ចំនួន​ ១០០ ដុល្លារ។ ​ចំណោះ​ស្ថានភាព​ជំងឺ​នាយ ស្មាញ ត្រូវ​បាន​លោក សុះ ម៉ាច បញ្ជាក់​ថា ពេលនេះ​នាយ​បាន​ធូរស្រាល​ខ្លះ​ហើយ។

ដោយឡែក​អតីត​តារា​កំប្លែង​នាយ គ្រៀវ ក៏​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន​ ៥០​ដុល្លារ​ ពី​សប្បុរសជន​តាមរយៈ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច ផង​ដែរ​។ រីឯ​ស្ថានភាព​ជំងឺ​វិញ ​នាយ​ គ្រៀវ ​ក៏បាន​ធូរស្រាល​បន្តិច​ដែរ​។ ជា​មួយ​គ្នា​នេះ​តារា​កំប្លែង​ទាំងពីរ​រូប​ខាងលើ​ ក៏បាន​លើកដៃ​សំពះ​ជូនពរ​ ដល់​ម្ចាស់​ថវិកាសប្បុរស​ទាំង​អស់ ឲ្យ​ជួប​នូវ​ពុទ្ធិ​ពរ​បួន​ប្រការ ​គឺ​អាយុ វ​ណ្ណះ សុ​ខះ ព​លះ កុំបី​ឃ្លាត​ឡើយ​។

សូម​បញ្ជាក់​ថា តារា​កំប្លែង​ជើងចាស់​នាយ ស្មាញ បាន​ធ្លាក់ខ្លួន​ឈឺ​ក្អក​ធ្លាក់ឈាម​មិន​បាត់​ មាន​រយៈពេល​បី​ថ្ងៃ​មក​ហើយ​ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​អតីត​ពេទ្យ (១,៧៩) នៅ​ក្នុង​បន្ទប់​លេខ​៣​។ ​បើ​គិត​រហូត​មក​ទល់​ពេលនេះ​ មាន​រយៈពេល​ប្រមាណ​៣​សប្ដាហ៍​ហើយ​ ដែល​នាយ ស្មាញ ត្រូវ​បាន​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​ខាងលើ​។ ដោយឡែក​តារា​កំប្លែង​នាយ គ្រៀវ បច្ចុប្បន្ន​ក៏​កំពុង​ប្រឈម​នឹង​ជំងឺលើសឈាម និងខ្លាញ់​រុំ​បេះដូង រហូត​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​សម្រាក​ព្យាបាល​នៅផ្ទះ​ផង​ដែរ។

ជា​មួយ​គ្នា​នេះ​ដែរ​តារា​កំប្លែង​ទាំងពីរ​រូប​គឺ​នាយ ស្មាញ និង​នាយ គ្រៀវ កន្លងមក​ក៏បាន​អំពាវនាវ​ដង្ហោយ​ស្វែងរក​ជំនួយ​ ពី​សប្បុរសជន​ និង​មិត្ត​សិល្បៈ​ទាំងអស់​ ដើម្បី​ជួយសង្គ្រោះ​ជីវិត​នាយ​ផង​ ដែរ​ដ្បិត​នាយ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​ថ្លៃ​ព្យាបាល ​ខណៈ​ក្រុម​គ្រួសារ​កំពុង​ជួប​ជីវភាព​ខ្វះ​ខាត់​ផងដែរ​៕

លោក សុះ ម៉ាច បន្ត​នាំ​យក​ថវិកា​ឧបត្ថម្ភ​ជូន​តារា​កំប្លែង​ជើងចាស់​ពីររូប​