លោក​​ អ៊ុក​ រ៉ាប៊ុន ​ស្នើ​ឲ្យ​ ABD បង្កើន​ការ​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជន​ប​ទ​​

លោក​​ អ៊ុក​ រ៉ាប៊ុន ​ស្នើ​ឲ្យ​ ABD បង្កើន​ការ​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជន​ប​ទ​​



ភ្នំពេញ ​៖​ លោក​បណ្ឌិត​ អ៊ុក​ រ៉ាប៊ុន ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​​ជនបទ ​បាន​ស្នើ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ABD) បង្កើន​ការ​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​រាំងស្ងួត ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។​

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​បែបនេះ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ខណៈ​ដែល​ជួបពិភាក្សា​ការងារ​ជាមួយលោក Samiuela Tukuafu នាយក​ប្រចាំ​ប្រទេស​កម្ពុជារបស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចពិភាក្សា បាន​ផ្ដោត​សំខាន់​លើ​ការអនុវត្ត​គម្រោង​ពាក់ព័ន្ធ​នឹង​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​កំពុង​ដំណើរការ និង​គម្រោង​ ដែល​បាន​ស្នើសុំ​ការ​ផ្តល់​ហិរញ្ញប្បទាន​ពី ADB សម្រាប់​ឆ្នាំ ២០១៧~២០១៩ ។​

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ចាត់ទុក ABD ជា​ដៃគូ​អភិវឌ្ឍន៍ ដ៏​សំខាន់​របស់​ក្រសួង ក្នុង​ការ​អភិវឌ្ឍ​ជន​បទ ជាពិសេស​ការ​កសាង ​កែលំអ​ផ្លូវ​ជនបទ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ នៅ​តាម​ជនបទ​ដែល​ជា​កត្តា​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នៅ​ទី​ជនបទ​។

លោកនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា ADB បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ ២០​១​៤-២០១៨ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ផែនការ​យុទ្ធសាស្ត្ររបស់ ADB ​នេះ បាន​កំណត់​ចំនុច​អាទិភាព​សំខាន់​ចំនួន​ពីរ គឺ​៖ ១. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទីក្រុង និង​ជនបទ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ និង​វិស័យ​កសិកម្ម ២. ការ​អភិវឌ្ឍ​ធនធានមនុស្ស រួមមាន​ការ​ជួយ​ដល់ វិស័យអប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

ជា​ការ​ឆ្លើយតប​លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង​នូវ​សេចក្តី​រីករាយ ចំពោះ​ការ​បន្ត​ផ្តល់​ការ​គាំទ្រ​របស់ ADB ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការ​ជួយ​គាំទ្រ​ដល់​គម្រោង កែលំអ​ផ្លូវ​ជនបទ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ របស់​ក្រសួង​អភិវឌ្ឍ​ជនបទ។

ជាមួយគ្នា​នេះ លោករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ ABD បង្កើន​ការ​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនា​ម័​យ​ជនបទ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​រាំងស្ងួត ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ដូចជា​នៅក្នុង​ឆ្នាំ ២០១៦ នេះ​។ ទន្ទឹម​គ្នា​នេះ ក៏បាន​ស្នើ​ឲ្យ ADB ពិនិត្យ​លទ្ធភាព​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សម្រាប់​ប្រជាពល​រដ្ឋ​នៅ​តាម​ជនបទ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បច្ចុប្បន្ន​មាននៅ​តាម​បណ្ដា ខេត្ត​ចំនួន ៨ ដើ​ម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជនបទ​ ឲ្យ​មានលទ្ធភាព​បង្កើត​មុខរបរ ឬ​អាច​រក​ការងារ​ធ្វើ​សមស្រប ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ពួកគាត់​ឲ្យ​មាន​ភាព​ល្អប្រសើរ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ជា​ស្ថាប័ន​សំខាន់​មួយ របស់​រាជរដ្ឋាភិ​បា​ល​កម្ពុជា មានការ​ទទួលខុសត្រូវ លើក​ការងារ​អភិវឌ្ឍន៍ជនបទ បាន​ត្រៀមខ្លួន រួចជាស្រេច ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ ADB ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល​ឲ្យ​ទទួល​បាន​ជោគជ័យ​។ ទី​បញ្ចប់​ភាគី​ទាំងពីរ បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ជនបទ​ឲ្យ​ត្រូវ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ថតរូប​អនុស្សាវរីយ៍ ជាមួយគ្នា​ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ៕

លោក​​ អ៊ុក​ រ៉ាប៊ុន ​ស្នើ​ឲ្យ​ ABD បង្កើន​ការ​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជន​ប​ទ​​