សំណុំរឿងក្រុម​ចោរប្លន់​ប្រដាប់​អាវុធ វ័យក្មេង ​មាន​បទពិសោធន៍​ខ្ពស់​ ​បើកសវនាការថ្ងៃនេះ

សំណុំរឿងក្រុម​ចោរប្លន់​ប្រដាប់​អាវុធ វ័យក្មេង ​មាន​បទពិសោធន៍​ខ្ពស់​ ​បើកសវនាការថ្ងៃនេះ



ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ចៅក្រម សាន សុផាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុងភ្នំពេញ និង​តំណាង​អយ្យការ​អម​តុលាការ បាន​លើកយក​សំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​មក​បើកសវនាការ​ ដោយមាន​ជន​ដៃ​ដល់​ចំនួន​៤​នាក់ សុទ្ធ​តែ​ជា​ចោរប្លន់​វ័យក្មេង​ តែ​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ក្រុងភ្នំពេញ។​

ជនជាប់ចោទ​ដែល​តុលាការ​កាត់ទោស​នេះ​មាន ទី​១​ ឈ្មោះ ជា សុវណ្ណ អាយុ​២២​ឆ្នាំ ជា​អ្នក​កាន់​កាំ​ភ្លើង។ ទី២ ឈ្មោះ ពៅ ភ័​ក្ត្រា ជា​អ្នក​ទៅ​ដណ្ដើមយក​ម៉ូតូ​ពី​ជនរងគ្រោះ។ ទី​៣ ឈ្មោះ​ ធី សុវណ្ណ​រិ​ទ្ធ អាយុ​២៥​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ។ ទី​៤ ឈ្មោះ គង់ និរន្ត អាយុ​២១​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ (រត់គេចខ្លួន )។​

តុលាការ​បាន​ចោទប្រកាន់​ក្រុម​ជន​ដៃ​ដល់ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទប្រើប្រាស់​អាវុធ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សង្កាត់​បឹង​កេងកង២ ខណ្ឌ​ចំការមន។​

ក្នុង​សវនាការ ក្រុម​ជនជាប់ចោទ​បាន​ឆ្លើយ​ស្រដៀងៗ​គ្នា​ថា នៅ​ថ្ងៃ​កើត​ហេតុ​ម៉ោង​១៩​យប់ ពួកគេ​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ី ហើយ​ទៅលេង​ស្នូកឃ័រ​រហូតដល់​ម៉ោង ៤ ទៀបភ្លឺ ក៏​ដឹក​គ្នា​ដើរ​​តាមផ្លូវ​ក្នុង​សង្កា​ត់​បឹង​កេងកង ​ក៏​ប្រទះឃើញ​យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ម៉ាក XR ពណ៌​ក្រហម ដឹក​ស្រី​ស្អាត​២​នាក់​ មក​ឈប់​មុខ​ផ្ទះ ហើយ​នារី​ម្នាក់​កំពុង​ចាក់សោ​ផ្ទះ​។ ពេលនោះ​ពួកគេ​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ ហើយ​ឈ្មោះ ជា សុវ​ណ្ណ បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​សម្លុត​ថា នៅ​ឲ្យ​ស្ងៀម ​បើ​ចង់​រស់​ទៀត ឃើញ​ដូច្នោះ​ពួក​ជន​រង​គ្រោះ​ក្រាប​ចុះ​ដល់​ដី​អត់​ហ៊ាន​ ហើយ​ឈ្មោះ ពៅ ភ័​ក្ត្រា បាន​ចូល​ទៅ​យក​ម៉ូតូ​ជនរងគ្រោះ​ ជិះ​មក​កន្លែង​កុង​ស៊ី​ទទួល​បញ្ចាំ​យីហោ អ៊ី ឈុន នៅ​ឃ្លាំង​រំសេវ​បាន​ប្រាក់ ១០០០​ដុល្លារ​ចែក​គ្នា​ចាយ​អស់​ទៅ។​

ដំណើររឿង​ប្លន់​ប្រដាប់​អាវុធ​នេះ​ដោយសារតែ​ក្រុម​ជន​ដៃ​ដល់​បាន​សារភាព​អស់​ទៅ​ហើយ លោក​តំ​ណាង​អយ្យការ បាន​តម្កល់​បទចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ដដែល ហើយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​​ជ​ម្រះ​បានសម្រេច​កំណត់​យក​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​រសៀល​ធ្វើការ​ប្រកាស​សា​ល​ក្រម៕​

សំណុំរឿងក្រុម​ចោរប្លន់​ប្រដាប់​អាវុធ វ័យក្មេង ​មាន​បទពិសោធន៍​ខ្ពស់​ ​បើកសវនាការថ្ងៃនេះ