រុស្ស៊ី​នឹង​ជួយ​ដល់​កម្ពុជា ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​ដើម្បី​គោលដៅ​អភិវឌ្ឍន៍​

រុស្ស៊ី​នឹង​ជួយ​ដល់​កម្ពុជា ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​ដើម្បី​គោលដៅ​អភិវឌ្ឍន៍​



ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ២ ជាមួយ​សហព័ន្ធរុស្ស៊ី ស្តីពី​ការ​បង្កើត​ មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែ​រ៊ និង ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា​រុស្ស៊ី លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រើប្រាស់​ថាមពលបរមាណូ​ក្នុង​គោលបំណង​សន្តិភាព ដើម្បី​ស្វែងរក​លទ្ធភាព​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ក្នុងប្រទេស​កម្ពុជា។ តែ​ទោះបី​យ៉ាងណា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធានា​អះអាង​ថា​ ការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែ ក្នុង​គោលដៅ​សន្តិភាព គោលដៅ​នៃ​ការអភិវឌ្ឍន៍ ដែល​នេះ​បើ​គ្មាន​ជំនឿ​ទុកចិត្ត​ទេ វា​មិន​អាច​មាន​កិច្ចព្រមព្រៀង​នេះ​កើតឡើង​បានទេ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងប្រាប់​បញ្ហា​នេះ ​ទៅកាន់​និស្សិត​ខ្មែរ​ប្រមាណ ៤០០​នាក់ ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​រុស្ស៊ី​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហព័ន្ធ​រុស្ស៊ី​នៅ​ក្នុង​សប្តាហ៍​នេះ​ថា «​យើង​គ្មាន​មហិច្ឆតា​ ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ នុយក្លេអ៊ែ ឬ បរិ​ម៉ា​ណូ​ទេ ក៏ប៉ុន្តែ​យើង​ជាមួយ​នឹង​រុស្ស៊ី ​បាន​ព្រមព្រៀងគ្នា​ទៅលើ​បញ្ហា​ទាក់ទិន​នឹង​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែ ក្នុង​គោលដៅ​សន្តិភាព គោលដៅ​នៃ​ការអភិវឌ្ឍន៍​ ដែល​នេះ​បើ​គ្មាន​ជំនឿ​ទុកចិត្ត​ទេ វា​មិន​អាច​មាន​កិច្ចព្រមព្រៀង​នេះ​កើតឡើង​បានទេ​»។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «កិច្ចព្រមព្រៀង​ពី​ម្សិលមិញ​នេះ​ ដែល​យើង​ចុះហត្ថលេខា ទាក់ទង​នឹង​ថាមពល​បរមាណូ​គឺ​មាន​ឯកសារ​ដល់​ទៅ​២ យ៉ាងហោចណាស់​យើង​ចាប់​ផ្តើម​ធ្វើការ​ស្រាវជ្រាវ និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ពី​ឥឡូវ សាកលវិទ្យាល័យ​នៅ​បាត់ដំបង ក៏​កំពុង​មាន​ការ​បណ្តុះ​បណ្តាល​លើ​បញ្ហា​នុយក្លេអ៊ែ​នេះ​ផង​ដែរ ឥឡូវ​យើង​ត្រូវ​ធ្វើ​កិច្ច​ការងារ​នេះ​យ៉ាងហោចណាស់ ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​ទៅលើ​បញ្ហា​នានា ​ដែល​ទាក់ទង​ការអភិវឌ្ឍ​នុយក្លេអ៊ែ បរមាណូ​នេះ ឧទាហរណ៍​ថា ក្នុង​ករណី​មាន​ផ្ទុះ​នៅ​ទី​ណា​មួយ យើង​ក៏​ត្រូវ​មាន​សមត្ថភាព​ ត្រូវ​ការពារ​ប្រជាជន​ពី​ផលវិបាក​នៃ​ការ​ផ្ទុះ​អា​ហ្នឹង​»។

សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន ៨ កាលពី​ថ្ងៃ​អង្គារ ដែល​ក្នុង​នោះ​មាន​ឯកសារ​ចំនួន​ពាក់ព័ន្ធ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ទី​១.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង សាជីវកម្ម​ថាមពល បរមាណូ​រដ្ឋ ROSATOM (​សហព័ន្ធរុស្ស៊ី​) ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែ​រ៊ និង ទី​២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាជីវកម្ម​ថាមពល បរមាណូ​រដ្ឋ ROSATOM (​សហព័ន្ធរុស្ស៊ី​) ស្តី​ពី​ការបង្កើត​ក្រុមការងារ​រួម កម្ពុជា រុស្ស៊ី លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រើប្រាស់​ថាមពលបរមាណូ​ក្នុង​គោលបំណង​សន្តិភាព។

គេ​នៅតែ​មិន​ច្បាស់​ថា​ពេលណា​កម្ពុជា​អាច​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នោះឡើយ ដោយ​គម្រោង​ថាមពល​នា​ពេល​អនាគត​របស់​រា​ជ​រដ្ឋាភិបាល ​ពឹងផ្អែក​ទាំងស្រុង​លើ​ទំនប់​វារីអគ្គិសនី​ និងស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​នោះ។

លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល ធ្លាប់​បាន​ធ្វើ​ការស្ទង់មតិ​តាមរយៈ​ហ្វេសប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥។

លោក ឌិ​ត ទីណា បាន​លើក​ឡើង​ថា ​ថាមពលបរមាណូ​នេះ​ផ្តល់​អគ្គិសនី​ថោក មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង មិន​បំពុល​បរិស្ថាន​លើកលែង​តែ​មាន​បញ្ហា​ផ្ទុះ​ ឬ​សាយភាយ​សារធាតុ​វិទ្យុសកម្ម។ លោក​បន្តថា ​អត្ត​ប្រយោជន៍​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ សម្រេច​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​បរមាណូ។ ដូច្នេះ​បើ​ប្រទេស​មួយ​នេះ​មានការ​ថ្លោះធ្លោយ​ប្រទេស​កម្ពុជា​យើង​ ដែល​នៅ​ជិតខាង​ក៏​អាច​រងគ្រោះ​ដែរ។ ប្រទេស​វៀតណាម​អាច​ទទួល​បាន​អគ្គិសនី​ក្នុង​តម្លៃ​ប្រហែល ១០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង (USD0.025/KWh) ខណៈ​ប្រទេស​យើង​អាច​រងគ្រោះ​ក្នុង​ករណី​គេ​មាន​បញ្ហា​។

លោក ឌិ​ត ទីណា បានធ្វើការ​ពន្យល់​ទៀត​ថា ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង ១០ មិន​ស្មើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែ ១ ឡើយ ។ រោងចក្រ​ថាមពល​នុយក្លេអ៊ែ ១ ស្មើ ១.២០០ មេ​ហ្គា​វ៉ា​ត់​រីឯ​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង​១ ស្មើ ១០៨ មេ​ហ្គា​វ៉ា​ត់ តែ​ប៉ុណ្ណោះ។ បើ​យើង​មាន​ គង់តែ​ប្រឈម​នឹង​ហានិភ័យ​ដូចគ្នា តើ​យើង​គួរ​មាន​រោងចក្រ​របស់​យើង​ ដើម្បី​ទទួល​បាន​ភ្លើង​ ១០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ឬទេ​?​ សូមជួយផ្តល់យោបល់​តាម​ការគួ​រ។

នៅ​ក្នុង​ការផ្តល់​យោបល់​ចំពោះ​សំណួរ​របស់លោក ឌិ​ត ទីណា លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​មានការ​បញ្ចេញ​យោបល់​យ៉ាង​ច្រើន​។ យោបល់​ភាគច្រើន​បាន​គាំទ្រ​ ចំពោះ​ការលើកឡើង​របស់លោក​ឌិ​ត ទី​ណា​ ដែលចង់​ឲ្យ​កម្ពុជា​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ប្រើ​ថាមពលបរមាណូ​នុយក្លេអ៊ែរ​ ក្នុង​បំណង​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ក្នុង​តម្លៃ​ថោក​ហើយ​ផ្គត់ផ្គង់​គ្រប់គ្រាន់។

នៅ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​លោក ឌិ​ត ទីណា លោក​ក៏បាន​ឆ្លើយតប​ទៅ​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​ការសាងសង់ ការ​ផ្តល់​ជំនួយ ដែល​សំណួរ​បាន​ផ្តោត​ទៅកាន់​ប្រទេស​រុស្ស៊ី ។ លោក ឌិ​ត ទីណា បាន​ឆ្លើយតប​ថា ​“​រុស្ស៊ី​នឹង​ជួយ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​មួយចំនួន​”។

ទាក់ទង​ជាមួយ​បញ្ហា​សុ​វត្ថិភាព​លោក ឌិ​ត ទីណា បាន​ធ្វើ​ការ​ពន្យល់​ថា សុវត្ថិភាព​សំខាន់​ណាស់​គ្រប់​ទីកន្លែង​ទាំងអស់​ ដែល​សង់​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពលបរមាណូ​ ត្រូវ​គោរព​ស្តង់ដារ​អន្តរជាតិ​ AIEA​។ បើ​មិន​ត្រូវ​ស្តង់ដារ​ក៏​គេ​មិន​ឲ្យ​ធ្វើ​ដែរ។

តាម​ការ​ព្យាករណ៍​ការ​ដាក់​ឲ្យ​ដំណើរការ​វា​រី​អគ្គិសនី​តា​តៃ និង អគ្គិសនី​ដុត​ធ្យូងថ្ម​ទី២ ខាងលើ​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៥ និង ២០១៦ អាច​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​ប្រភព​អគ្គិសនី​គ្រប់គ្រាន់​រហូតដល់​ឆ្នាំ ២០១៨ ហើយ​ប្រសិនបើ​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម២ អាច​ដាក់​ដំណើរការ​នៅ​ឆ្នាំ ២០១៨ នោះ​កម្ពុជា​អាច​មាន​ប្រភព​អគ្គិសនី​គ្រប់គ្រាន់​រហូតដល់​ឆ្នាំ ២០២០ ក៏ប៉ុន្តែ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវ​មាន​ប្រភព​ថាមពល​ដែល​មាន​តម្លៃ​ថោក និង មាន​ស្ថិរភាព​ដូចនេះ​អគ្គិសនី​ដែល​បាន​មក​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ វា​និង​មានតម្លៃ​ថោក និង និរន្តភាព ជា​ងវា​រី​អគ្គិសនី​ដែល​ត្រូវការ​ទឹកភ្លៀង​ជា​ចាំបាច់៕