ភាព​ខុស​គ្នា​រវាង​ព្រះរាជ​តួនាទី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ព្រះរាជ​តួនាទី​ជាក់ស្តែង​របស់​ព្រះមហាក្សត្រ​

​មាត្រា​១​ កថាខណ្ឌ​ទី​១,​ មាត្រា​៧​ កថាខណ្ឌ​ទី​១​ និង​មាត្រា​២៤​ថ្មី​ កថាខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ប្រទេស​កម្ពុជា​ជា​ព្រះរាជាណាចក្រ​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ។​ ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រង​រាជសម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ។​ ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះ​អធិបតី​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ​ ។​ "​ ។​

​ថ្វី​ដ្បិត​មាត្រា​១​ កថាខណ្ឌ​ទី​១,​ មាត្រា​៧​ កថាខណ្ឌ​ទី​១​ និង​មាត្រា​២៤​ថ្មី​ កថាខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​យ៉ាង​ដូច្នេះ​ក៏​ដោយ​ ក៏​មាត្រា​៨​ កថាខណ្ឌ​ទី​២,​ មាត្រា​២៣,​ មាត្រា​២៧,​ មាត្រា​២៩​ថ្មី​ កថាខណ្ឌ​ទី​១​ និង​មាត្រា​១៣២​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​ បាន​ចែង​ថា​ "​ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ ។​ ព្រះមហាក្សត្រ​ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កង​យោធពលខេមរភូមិន្ទ​នេះ​ ។​ ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ ។​ ព្រះមហាក្សត្រ​ទ្រង់​បង្កើត​ និង​ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ​ ។​ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ​ ។​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជួយ​ព្រះមហាក្សត្រ​ក្នុង​កិច្ចការ​នេះ​ ។​ "​ ។​

​អនុលោម​តាម​មាត្រា​មួយ​ចំនួន​ដែល​បាន​បញ្ញត្តិ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​បាន​លើក​ឡើង​ខាងលើ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​រូបភាព​ខុស​គ្នា​រវាង​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ព្រះរាជ​តួនាទី​ជាក់ស្តែង​របស់​ព្រះ​អង្គ​ ដូច​ខាងក្រោម​ ៖

១-​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់​បូរណភាព​ទឹកដី​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ តែង​បាន​ស្តែង​ឲ្យ​ឃើញ​នៅ​ក្នុង​ស្រទាប់​គណបក្ស​នយោបាយ​ប្រឆាំង​ និង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ ។​ ពាក់ព័ន្ធ​នឹង​ការ​ចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ ដ៏​ចម្រូងចម្រាស​ក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយ​ព្រួយបារម្ភ​ការ​បាត់បង់​ទឹកដី​នោះ​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ (​អតីត​សម្តេច​ ហ៊ុន​ សែន​)​ ហៅ​បុរស​ខ្លាំង​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​មុខ​ប្រកាស​ថា​ "​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋ​សភាជាតិ​ទេ​ដែល​ទទួល​សន្លឹក​ឆ្នោត​ពី​ប្រជារាស្ត្រ​កម្ពុជា​ជា​អ្នកមាន​សិទ្ធិ​អំណាច​ និង​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​អំពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។​ "​ ពោល​គឺ​ តួនាទី​ជាក់ស្តែង​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​យាង​ឡើង​គ្រង​រាជសម្បត្តិ​នា​ខែតុលា​ឆ្នាំ​២០០៤​ បន្តវេន​ពី​ព្រះ​បិតា​ គឺ​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ មិន​អាច​ធានា​បូរណភាព​ទឹកដី​បាន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​ ។​

២-​យោង​តាម​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៣១៣/០០៥​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣​ ដែល​មាន​តួនាទី​ធានា​ការពារ​រដ្ឋធម្មនុញ្ញ​ ធានា​ការពារ​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​ ធានា​អព្យាក្រឹតភាព​នៃ​ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ និង​សមត្ថកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ​ និង​ធានា​ការ​អនុវត្ត​គោលនយោបាយ​ការពារ​ជាតិ​ និង​ផែនការ​ការពារ​ជាតិ​ ហើយ​ព្រះមហាក្សត្រ​ទ្រង់​ត្រឹម​គង់​ជា​ព្រះ​អធិបតី​នោះ​ គឺ​ជាក់ស្តែង​ទ្រង់​មិន​មាន​តួនាទី​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពលខេមរភូមិន្ទ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​ ។​

៣-​ជាក់ស្តែង​នា​ពេល​កន្លង​មក​ រហូត​ទល់​បច្ចុប្បន្ន​ព្រះមហាក្សត្រ​ ទ្រង់​មិន​ដែល​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​របស់​ទ្រង់​ក្នុង​ការ​សម្រេច​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ដល់​ទណ្ឌិត​ ឬ​ជនជាប់ចោទ​ណា​ម្នាក់​ដោយ​មិន​ឆ្លងកាត់​តាម​សេចក្តី​ស្នើ​សុំ​ពី​គណៈរដ្ឋមន្ត្រី​នោះ​ឡើយ​ ខណៈ​ការ​ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ​ផ្សេងៗ​ទ្រង់​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​បាន​ដោយ​មិនបាច់​ឆ្លងកាត់​ការ​ស្នើ​សុំ​ពី​គណៈរដ្ឋមន្ត្រី​ផង​ និង​ឆ្លងកាត់​ការ​ស្នើ​សុំ​ពី​គណៈរដ្ឋមន្ត្រី​ ឬ​ពី​ព្រឹទ្ធសភា​ ឬ​ពី​រដ្ឋសភា​ផង​ ។​ ដូច្នេះ​ ព្រះរាជ​សិទ្ធិ​ជាក់ស្តែង​របស់​ព្រះមហាក្សត្រ​លើ​កិច្ចការ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​មិន​មាន​ដូច​ការ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាល់តែ​សោះ​ ។​

៤-​ដោយ​ព្រះ​តម្រិះ​ឃើញ​ថា​ ទ្រង់​គ្មាន​អំណាច​អ្វី​ ហើយ​មិន​អាច​ទទួលខុសត្រូវ​ពី​ជោគជ័យ​ ឬ​ បរាជ័យ​ ចំណុចខ្សោយ​ ការ​ខ្វះខាត​ ។​ល​ និង​ ល​។​ នៃ​អំណាចតុលាការ​នៅ​កម្ពុជា​ ដែល​តែង​ទទួល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជា​ច្រើន​នោះ​ ទើប​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ចេញ​លិខិត​ចំហ​មួយ​ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០០៣​ ប្រកាស​ដក​ព្រះ​កាយ​ចេញពី​ឋានៈ​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​ ដូច្នេះ​ ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ជាក់ស្តែង​ មិន​ដូច​ការ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៣២​ថ្មី​ ដែល​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ​នោះ​ឡើយ​ ។​

​សរុបសេចក្តី​មក​ មាត្រា​មួយ​ចំនួន​ដែល​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​ភ័ន្ត​ច្រឡំ​លើ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ជាក់ស្តែង​ ដែល​អំណាច​ពិតប្រាកដ​គ្រប់យ៉ាង​បច្ចុប្បន្ន​ឋិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឯណោះ​ ៕​

ភាព​ខុស​គ្នា​រវាង​ព្រះរាជ​តួនាទី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ព្រះរាជ​តួនាទី​ជាក់ស្តែង​របស់​ព្រះមហាក្សត្រ​

ភាព​ខុស​គ្នា​រវាង​ព្រះរាជ​តួនាទី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ព្រះរាជ​តួនាទី​ជាក់ស្តែង​របស់​ព្រះមហាក្សត្រ​

ភាព​ខុស​គ្នា​រវាង​ព្រះរាជ​តួនាទី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ព្រះរាជ​តួនាទី​ជាក់ស្តែង​របស់​ព្រះមហាក្សត្រ​

Related