ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត រីករាយ​ពេល​មានការ​ផ្លាស់ប្ដូរ​លោក អ៊ុំ សុផល ចេញពី​តំណែង​អធិការនគរបាល​ក្រុង

​ព័ត៌មាន​ស្ដីពី​ការផ្លាស់ប្ដូរ​តំណែង​លោក អ៊ុំ សុផល ចេញពី​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ទៅធ្វើជា​ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្ដាល​សណ្ដា​ប់​ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​។ ដោយហេតុថា ពេលដែល​លោក អ៊ុំ សុផល នៅ​ធ្វើជា​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត មិន​យកចិត្តទុកដាក់​ពង្រឹង​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម ឲ្យ​បាន​ប្រសើរ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ផ្ទុយទៅវិញ​ពេល​លោក អ៊ុំ សុផល ធ្វើជា​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម គ្រឿងញៀន និង​ល្បែងស៊ីសង រាលដាល​យ៉ាង​អនាធិបតេយ្យ​។

តាម​លិខិត​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លេខ​៤៣៩៨​ប្រ​.​ក ចុះ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក ធិ​ន ស៊ិន​ដេ​ត ត្រូវបាន​ផ្ទេរ​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ទៅកាន់​តំណែង​ជា​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ជំនួស​លោក អ៊ុំ សុផល​។ បញ្ហា​នេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា​លោក ធិ​ន ស៊ិន​ដេ​ត មិន​យកតម្រាប់​តាម​លោក អ៊ុំ សុផល ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ធិ​ន ស៊ិន​ដេ​ត យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​គ្មាន​ការភ័យខ្លាច​។

មួយ​រយៈពេល​កន្លងទៅ​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ល្បែងស៊ីសង​ក្នុង​ក្រុង​ប៉ោយប៉ែត រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត និង​លោក ជា ដា មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត មិន​យកចិត្តទុកដាក់​បង្ក្រាប ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ដូច្នេះ​ការដែល​ក្រសួងមហាផ្ទៃ​សម្រេច​ផ្លាស់ប្ដូរ​តំណែង​លោក អ៊ុំ សុផល ចេញពី​តួនាទី​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត នៅពេលនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សាទរ​យ៉ាងខ្លាំង ហើយ​សង្ឃឹមថា​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ថ្មី មិន​យក​គំរូ​តាម​អ្នក​ចាស់​ឡើយ​។ លើស​នេះ​ទៅទៀត​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរពិនិត្យមើល​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ក្នុង​ក្រុង​ប៉ោយប៉ែត​ផងដែរ​៕

ee8a1e8a-f882-4caa-9117-18c259d7efc5លោក អ៊ុំ សុផល ត្រូវផ្លាស់ប្ដូរតំណែង