រឿង​យួន​បំពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ស្រុក​អូរ​យ៉ា​ដាវ នៅតែ​ជាបញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​

ករណី​យួន​ចូលមក​ជីក​ទឹកស្រះ​លើទឹក​ដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី អស់​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ​នោះ នៅតែ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល ព្រោះ​រដ្ឋាភិបាល​កម្ពុជា មិនទាន់​ចាត់វិធានការ​ដោះស្រាយ​ជាមួយ​យួន​ឲ្យ​បាន​ជ្រះស្រឡះ​នៅឡើយ​ទេ​។ ស្រះ​ទឹក​ដែល​យួន​ចូលមក​ជីក​លើ​ទឹកដី​ខ្មែរ​នោះ ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០​ទៅ​លេខ​៤០ ដែលជា​តំបន់​មិនទាន់បាន​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។ បញ្ហា​នេះ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ចេញ​លិខិត​កំណត់​ទូត​ឲ្យ​រដ្ឋាភិបាល​យួន​បញ្ឈប់​សកម្មភាព​បំពាន​លើ​អធិបតេយ្យភាព​ទឹកដី​កម្ពុជា ប៉ុន្តែ​មកដល់ពេលនេះ​យួន​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។

កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​បញ្ជាក់ថា ការជីក​ស្រះ​ទឹក​របស់​យួន​នៅក្នុង​ខេត្តរតនគិរី គឺ​ពិតជា​បាន​ចូល​ដី​កម្ពុជា​មែន​។ លោក សុខ ទូច បាន​ឲ្យ​ដឹងថា​«​គឺ​នៅ​ចន្លោះ​បង្គោល​៣០​និង​បង្គោល​៤០​ដែល​វៀតណាម​ជីក​ស្រះ វៀតណាម​មិន​គោរព​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល ថា​មុន​នឹងធ្វើ​អ្វី​ត្រូវតែ​ពិគ្រោះ​ផ្ដល់ដំណឹង​ទៅដល់​ប្រទេសជិតខាង គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។ វៀតណាម​ជីក​ស្រះ​ហ្នឹង​អត់​បាន​ផ្ដល់ដំណឹង​មក​កម្ពុជា​ទេ ហើយ​ចំនួន​ស្រះ​នៅសល់​៨ មួយទៀត​លុប​បាត់​ហើយ​តំបន់​ហ្នឹង​ជា​តំបន់​ទឹក​»​។

តាមរយៈ​ការបញ្ជាក់​ដូចខាងលើ​នេះ មានន័យថា ភាគី​យួន​ពិតជា​បាន​ជីក​ស្រះ​ទឹក​ចូលក្នុង​ទឹកដី​ខ្មែរ ដូច្នេះ​មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ដោះស្រាយ​ជាមួយ​យួន​ឲ្យ​បាន​ឆាប់​។ ដោយហេតុថា រហូតមកដល់​ពេលនេះ​ភាគី​យួន​នៅតែ​បំពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​យួន​កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ដណ្ដើម​កាន់កាប់​ដី​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ថា​ជា​ទឹកដី​របស់ខ្លួន ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេ​ញ​ប្រតិកម្ម​ជំទាស់​ភ្លាមៗ​។ ទោះជា​យ៉ាងណា​សកម្មជន​ព្រំដែន​និង​អ្នកសង្កេតការណ៍​ឯករាជ្យ​គ្មាន​ជំនឿ​លើ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ថា​អាច​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី​ជាមួយ​យួន​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។

ថ្មីៗ​កន្លងទៅ​នេះដែរ​ភាគី​យួន​បានធ្វើ​ផ្លូវ​ចូលក្នុង​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ហើយ​មន្ត្រី​អាជ្ញាធរ​និង​រដ្ឋាភិបាល​កម្ពុជា មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ជាងនេះទៅទៀត​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត ភាគី​យួន​នៅតែ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ជា​ឯកតោភាគី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការបាត់បង់​បូរណភាព​ទឹកដី​។ នៅ​តំបន់​តាម​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យួន​នៅតែ​ចូលមក​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើស្រែ​ចម្ការ​លើដី​កេរ​ដូនតា​តាម​តំបន់​ព្រំដែន ហើយ​ធ្វើការ​គំរាមកំហែង​សព្វបែបយ៉ាង​៕

e983e3ce-875e-4edc-a8c8-825903ce8d13លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន 6ae9bf0f-c49b-4497-978f-d8024cd4d432