ចាប់ខ្លួន​លោក តូ ធាន​ទឺ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ ជាការ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត​

​ក្រោយពេល​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួន​លោក តូ ធាន​ទឺ អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ចាប់អារម្មណ៍​ទៅនឹង​សំណុំរឿង​នេះដែរ​។ ដោយហេតុថា​កន្លងមក​លោក តូ ធាន​ទឺ ក្នុង​តំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ ហើយ​អួតអាង​ថា​ខ្លួន​ជាទី​ប្រឹក្សា​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ទៀត​នោះ​គឺ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​។ ដូច្នេះ​ការចាប់ខ្លួន​លោក តូ ធាន​ទឺ ក្នុង​បទ​ឆបោក​គឺជា​រឿង​មួយ​អាច​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​មន្ត្រីរាជការ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក តូ ធាន​ទឺ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ គឺជា​ឈ្មួញ​រកស៊ី​កាយ​ដីភ្នំ​លក់ និង​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ជម្លោះដីធ្លី​ទំហំ​ប្រមាណ​ជាង​៣០០០​ហិកតា រវាង​លោក តូ ធាន​ទឺ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយឆ្មារ អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅតែ​ពុំមាន​ដំណោះស្រាយ ព្រោះ​បុគ្គល​នេះ​ប្រើ​អំណាច​ជាទី​ប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដើម្បី​គំរាម​មន្ត្រី​អាជ្ញាធរ​។ នៅពេលដែល​សមត្ថកិច្ច​ឃាត់ខ្លួន​លោក តូ ធាន​ទឺ តាម​ដីកា​របស់​ចៅក្រម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​ណី​ឆបោក​កាលពី​ឆ្នាំ​២០០៤ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ លើកឡើងថា​អ្នកប្រព្រឹត្ត​អំពើអាក្រក់​ត្រូវ​ទទួល​តាម​ទង្វើ​ដែល​ខ្លួន​ប្រព្រឹត្ត​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​ករណី​លោក តូ ធាន​ទឺ កាយ​ដីភ្នំ​រំលោភ​លើ​ដីធ្លី​ពលរដ្ឋ​នៅ​ភូមិ​ពង្រ ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​រងគ្រោះ​យ៉ាង​អយុត្តិធម៌​។ កន្លងមក​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ មិន​ហ៊ាន​ប៉ះពាល់​លោក តូ ធាន​ទឺ ដោយ​ខ្លាច​ឥទ្ធិពល​លោក យឹម ឆៃលី ដែលជា​ឧបនាយករដ្ឋមន្ត្រី មាន​បង្អែក​រឹងមាំ​។ ឥឡូវនេះ​នៅពេល​សមត្ថកិច្ច​ចាប់ខ្លួន​លោក តូ ធាន​ទឺ តាម​ដីកា​តុលាការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ សាទរ​យ៉ាងខ្លាំង​ហើយ​ជាការ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃទៀត​ឲ្យ​បញ្ឈប់​អំពើអាក្រក់​ជាបន្ទាន់​ផងដែរ ដើម្បី​កុំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​និង​ទទួលរង​នូវ​ភាពអាម៉ាស់​៕

cc76a06f-7338-43e4-9fc1-146d4d4c255aលោក តូ ធានទឺ ពេលសមត្ថកិច្ចចាប់ខ្លួន