មាន​មន្ត្រីនគរបាល​ផ្កាយ​២​ម្នាក់ ចង់​ឡើង​ធ្វើជា​អគ្គ​ស្នងការរង​នគរបាលជាតិ​

​មន្ត្រី​ក្នុង​ក្រសួងមហាផ្ទៃ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​រឿង​មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​ម្នាក់ ចង់​ឡើង​ធ្វើជា​អគ្គ​ស្នងការរង​នគរបាលជាតិ ហើយក៏​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​នេះ​ផងដែរ​។ មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​ដែល​ចង់​ឡើងជា​អគ្គ​ស្នងការរង​នគរបាលជាតិ​នោះ ត្រូវបាន​គេ​ដឹងថា គឺ​លោក កែវ ប៊ុន​ណា​ច អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ លោក កែវ ប៊ុន​ណា​ច ក្រោយពេល​បំពេញការងារ​ក្នុង​ជួរ​នគរបាល​រយៈពេល​ត្រឹម​៤​ឆ្នាំ​បាន​ពាក់​ផ្កាយ​២ ហើយ​មាន​មហិច្ឆតា​ចង់បាន​តំណែង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួងមហាផ្ទៃ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅពេលនេះ​។

ប្រភពពី​មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា សំណើ​របស់លោក​លោក កែវ ប៊ុន​ណា​ច ចង់​ធ្វើជា​អគ្គ​ស្នងការរង​នគរបាលជាតិ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ តាមរយៈ​លោក ជា សុ​មេធី លោក អ៊ិន បូរ៉ា និង​លោក ម៉ក់ ជី​តូ​។ ក្នុង​សំណើ​នោះ​លោក កែវ ប៊ុន​ណា​ច បានបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​អំពី​សមត្ថភាព​ការងារ​របស់ខ្លួន​ដូចជា ធ្លាប់​ទៅ​សិក្សា​ភាសា​អង់គ្លេស​នៅ​សហរដ្ឋអាមេរិក ទៅ​សិក្សា​ជំនាញ​ប៉ូលិស​នៅ​ប្រទេស​សាំង​ហ្គា​ពួរ និង​ប្រទេស​ថៃ​ជាដើម​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​ក្រសួងមហាផ្ទៃ កំពុង​រង់ចាំ​មើល​សេចក្ដីសម្រេច​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ផងដែរ​។

មន្ត្រី​ក្រសួងមហាផ្ទៃ​មួយចំនួន​បាន​រិះគន់ថា ពិតជា​មិនគួរ​ឲ្យ​ជឿ​ព្រោះ​លោក កែវ ប៊ុន​ណា​ច បម្រើ​ការងារ​ជា​មន្ត្រីនគរបាល​ក្នុង​រយៈពេល​ខ្លី​សោះ​ទទួលបាន​ឋានន្តរស័ក្ដិ​ផ្កាយ​២ ហើយ​មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រយៈពេល​៤​ឆ្នាំ និង​មាន​មហិច្ឆតា​ចង់​ឡើង​ធ្វើជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ថែមទៀត​។ ប្រភព​ខ្លះ​បាន​បង្ហើប​ថា​លោក កែវ ប៊ុន​ណា​ច បើតាម​មហិច្ឆតា​របស់លោក កែវ ប៊ុន​ណា​ច គឺ​គាត់​ប្រហែលជា​មានបំណង​ចង់​ធ្វើជា​អគ្គស្នងការ​នគរបាល​ជាតិ​ជំនួស​លោក នេ​ត សាវឿន តែម្តង​ព្រោះ​គាត់​ពាក់​ផ្កាយ​២​សោះ ហ៊ាន​សុំ​ធ្វើជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​បញ្ហា​នេះ​ដោយ​យកចិត្តទុកដាក់ ព្រោះ​មហិច្ឆតា​របស់លោក កែវ ប៊ុន​ណា​ច ពិតជា​មិនធម្មតា​ឡើយ​បើ​ប្រៀបធៀប​ទៅនឹង​មន្ត្រីនគរបាល​ដទៃទៀត​ដែល​បម្រើ​ការងារ​រាប់សិប​ឆ្នាំ​មកហើយ​៕

Net-savoeun2222លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ