ការចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

មួយ​រយៈពេល​កន្លងទៅ​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​សហគមន៍​អន្តរជាតិ​រិះគន់ថា កំពុង​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​គាបសង្កត់​ធ្វើទុក្ខបុកម្នេញ​ទៅលើ​តំណាងរាស្ត្រ និង​មន្ត្រី​គណបក្សប្រឆាំង ក៏ដូចជា​ក្រុមមន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ មានការ​រិះគន់​ចំៗ​ថា ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បំពាន​ទៅលើ​អនុសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​។ លើស​នេះ​ទៅទៀត​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​រិះគន់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​សន្ទុះ​គាំទ្រ​គណបក្សប្រឆាំង​។

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ កាលពីពេល​ថ្មីៗ​នេះ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្សជំទាស់​។ លោក ប្រេដ អាដាម បានបញ្ជាក់​យ៉ាងច្បាស់​ថា តំណាងរាស្ត្រ​គណបក្សជំទាស់ មិនបាន​ធ្វើ​អ្វីៗ​ខុស​ដូចដែល​តុលាការ​ចោទប្រកាន់​ទាំង​បំពាន​នោះទេ ព្រោះ​ពួកគាត់​គ្រាន់តែ​បញ្ចេញមតិ​ស្របទៅតាម​សិ​ទ្ធិ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ លើស​នេះ​ទៅទៀត​លោក ប្រេដ អាដាម ក៏បាន​លើកឡើង​អំពី​សេចក្ដី​ព្រួយបារម្ភ​របស់​គណបក្ស​កាន់អំណាច​ក្នុងការ​បាត់បង់​នូវ​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ ក្នុងខណៈដែល​សល់​តែ​ពាក់កណ្ដាល​អាណ​ត្ដិ​ទៀត​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦​នឹង​ឈាន​មកដល់​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​អ្នកសង្កេតការណ៍​ឯករាជ្យ បាន​រិះគន់ថា ទ​ងើ្វ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មួយរយៈ​ពេល​ចុង​ក្រោយនេះ​កំពុង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន បាត់បង់​ការគាំទ្រ​កាន់តែខ្លាំង ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​បាន​មើលឃើញ​ការពិត​អស់​ទៅហើយ​។ រាល់​បញ្ហា​ដែល​កើតឡើង​គឺ​មិនអាច​លាក់បាំង​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​បានទេ ហើយ​ប្រសិនបើ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ គឺ​គណបក្ស​ប្រជាជន​ត្រូវ​បាត់បង់​អាសនៈ​កាន់តែច្រើន​នៅក្នុង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​។ ប្រការ​នេះហើយ​ដែល​គណបក្សកាន់អំណាច​កំពុង​ប្រើ​គ្រប់​វិធី ដើម្បី​គាបសង្កត់​ទៅលើ​គណបក្ស​ជំទាស់ ក្រុម​សង្គម​ស៊ីវិល មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ​ទង្វើ​ទាំងនេះ​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រិះគន់​កាន់តែខ្លាំង​ឡើងៗ ហើយ​កំពុង​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ធ្លាក់​ប្រជាប្រិយភាព​យ៉ាងគំហុក​ចៀស​មិន​ផុត​ឡើយ​៕

16លោក ប្រេដ អាដាម មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ