​អ្នកច្បាប់​អំពាវនាវ​ដល់​យោធា​ធ្វើខ្លួន​ឲ្យ​មាន​អព្យាក្រឹតភាព និង​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​នយោបាយ​

អ្នកច្បាប់ និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​បាន​អំពាវនាវ​ដល់​យោធា និង​កងកម្លាំងប្រដាប់អាវុធ​ផ្សេងទៀត គប្បី​ធ្វើខ្លួន​ឲ្យ​មាន​អព្យាក្រឹតភាព និង​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​នយោបាយ ហើយក៏​មិនត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយទៅជា​ឧបករណ៍​របស់​គណបក្ស​នយោបាយ និង​អ្នកនយោបាយ យកទៅ​ប្រើប្រាស់​ខុស​គោលការណ៍​ច្បាប់​។ ការអំពាវនាវ​ខាងលើនេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មិនល្អ​។​

​អ្នកជំនាញ​ផ្នែក​ច្បា​ប់លោក សុក សំអឿន ថ្មីៗ​នេះ បាន​បញ្ជាក់ថា កាលណា​ច្បាប់​អនុញ្ញាត​ឲ្យ​កងទ័ព ចូល​ជា​សមាជិក​គណបក្សនយោបាយ​ដែរនោះ គឺ​មានន័យថា កងទ័ព​ចូលរួម​ធ្វើ​នយោបាយ ហើយ​បើ​អញ្ចឹង​នោះ កងទ័ព​នឹងមិន​អព្យាក្រឹត​នោះទេ​។ លោក សុក សំអឿន បាន​អំពាវនាវ​ឲ្យ​កង​កម្លាំងយោធា​ធ្វើខ្លួន​ឲ្យ​ឃ្លាតឆ្ងាយ​ពី​រឿង​នយោបាយ ដែល​លោក​អះអាងថា អាចធ្វើ​ទៅបាន​តាមរយៈ​ការប្រើប្រាស់​ច្បាប់​។
​លោក សុក សំអឿន បាន​សង្កត់ធ្ងន់ថា ដើម្បី​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ​ដ៏​រឹងមាំ កងកម្លាំងប្រដាប់អាវុធ​គួរតែ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​គណបក្សនយោបាយ​ណាមួយ​ឡើយ ។ លោក សុក សំអឿន បាន​បន្ថែមថា ប្រសិនជា​មន្ត្រី​យោធា​ចង់​ធ្វើ​នយោបាយ ពួកគាត់​គួរតែ​លាលែង​ពី​យោធា​។​

​គួរបញ្ជាក់​ថា​ថ្មីៗ​នេះ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ពួក​អមិត្ត និង​មាន​ចេតនា​មិនល្អ​មកលើ​រដ្ឋាភិបាល​។ ទន្ទឹមនឹងនេះ លោក ទៀ បាញ់ ក៏បាន​ព្រមាន​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បាន​រិះគន់​រដ្ឋាភិបាល​កន្លង​មក​។​
​ជុំវិញ​បញ្ហា​ខាងលើ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើងថា យោធា និង កម្លាំងប្រដាប់អាវុធ​ផ្សេងៗ ព្រមទាំង​ស្ថាប័ន​ឯករាជ្យ​ផ្សេងទៀត​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ប្រទេស និង​ការពារ​អំពើ​ឈ្លានពាន​ពី​បរទេស ប៉ុន្តែ​មិនមែនជា​ឧបករណ៍​សម្រាប់​គាបសង្កត់​ទៅលើ​គណបក្ស​ជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​រិះគន់​កំហុសឆ្គង​របស់​រដ្ឋាភិបាល​ក្នុងការ​ដឹកនាំ​ប្រទេស​។ ដូច្នេះ​រដ្ឋាភិបាល គប្បី​ឈប់​ប្រើប្រាស់​ស្ថាប័នរដ្ឋ​គាបសង្កត់​លើ​អ្នក​រិះគន់​៕

1 6f789a35-ed34-474f-994a-4aee5a2490ec