លោក​អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលជំហរ​ខ្មែរ​តែមួយ​

បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ទៀ បាញ់ បាន​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ពួក​អមិត្ត និង​មាន​ចេតនា​មិនល្អ​មកលើ​រដ្ឋាភិបាល​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលជំហរ​ខ្មែរ​តែមួយ​។​

នៅថ្ងៃនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលជំហរ  ខ្មែរ​តែមួយ មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ ។  តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា​សត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ  បរទេស​ឈ្លានពាន អំពើពុករលួយ និង អំពើ​ផ្តាច់ការ​។​

គួរ​បញ្ជាក់ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្មីៗ​នេះ​បាន​គូសបញ្ជាក់ថា​មិ​ត្ដ​ភាពស្អិតល្មួត​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​គឺជា​ឧបសគ្គ​មួយ​របស់​គណ​បក្ស​ជំទាស់ និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ក្នុងការ​បំពេញ​មហិច្ឆតា​នយោបាយ​ដើម្បី​បំបែក​ទំនាក់ទំនង​ទ្វេភាគី​ព្រមទាំង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើងថា​សកម្មភាព​ទាំងអស់​របស់​គណបក្ស​ជំទាស់​គឺ​ប្រមូលផ្តុំ​ដើម្បី​សម្តែង​មតិ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​វិធាន​នៃ​ប្រទេស​ប្រជាធិបតេយ្យ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា អ្វីដែល​លោក ទៀ បាញ់ និយាយ​គឺ​ផ្អែកលើ​រឿង​របស់គាត់ ប៉ុន្តែ​សកម្មភាព​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ល្មើសច្បាប់​ទេ​តែ​វា​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​ក្នុងប្រទេស​ប្រជាធិបតេយ្យ និង​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​៕

អេង-ឆៃអ៊ាង