សក្ម​ម​ភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន បន្ត​កើតមាន​យ៉ាង​រាលដាល​

វិធានការ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ពុំមាន​ប្រសិទ្ធភាព​នោះទេ​ព្រោះ​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បទល្មើស​បាន​ស្ងប់ស្ងាត់​កាលពី​អំឡុង​ចុងខែ​មករា ខែកុម្ភៈ និង​ខែមីនា ហើយ​បន្តដំណើរ​ការឡើង​វិញ​ចាប់ពី​អំឡុង​ចុងខែ​មីនា រហូតមកដល់​សព្វថ្ងៃ​។

​អ្នកសង្កេតការណ៍​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ហើយ​ឆ្លងដែន​ខុសច្បាប់​ទៅ​ស្រុក​យួន​នៅតែ​កើតឡើង​ឥតឈប់ឈរ​។ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦​ថា រថយន្ត​យី​ឌុប​ធំៗ​ដែលមាន​បណ្ដោយ​ប្រវែង​ជិត​១០​ម៉ែត្រ​ជាច្រើន​គ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ នៃ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​ដារ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ធ្វើឡើង​ចាប់ពី​ម៉ោង​៧​យប់​រហូតដល់​ភ្លឺ​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ជាច្រើនរូប​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្លា កាលពី​យប់​ថ្ងៃទី​១៨ រហូតដល់​យប់​ថ្ងៃទី​២០ ខែឧសភា ហើយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មានការ​រិះគន់ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ទើប​ឈ្មួញ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ទាំង​២​នេះ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ឡើងវិញ​ផង​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពី​យប់​ថ្ងៃទី​១៨ ដល់​យប់​ថ្ងៃទី​២០ ខែឧសភា យ៉ាងហោចណាស់​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​យី​ឌុប​ពី​១០​ទៅ​២០​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​រិះគន់ថា​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដែល​កើតឡើង​ជាថ្មី​នោះ គឺជា​ការបំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយ​ត្រូវ​វែកមុខ​ឈ្មួញ​ដឹកឈើ ក៏ដូចជា​សមត្ថកិច្ច​ពុករលួយ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ទើប​អាច​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព និង​មានការ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​៕

1_19-04-2016_3លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ soksamnang1