ពលរដ្ឋ​ឃុំ​អរិយ​ក្សត្រ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​ពួកគាត់​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា មន្ត្រីនគរបាល​ប៉ុស្ដិ៍ ក៏ដូចជា​មន្ត្រីនគរបាល​ស្រុក និង​មន្ត្រី​អាជ្ញាធរ​ឃុំ​-​ស្រុក មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រការនេះ​បណ្ដាល​ឲ្យ​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូចជា អំពើចោរកម្ម និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។

​អ្នក​ធ្លាប់​ទៅលេង​ល្បែង​បញ្ជល់មាន់​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ បាន​ឲ្យ​ដឹងថា សង្វៀន​នោះ​មិន​ចាញ់​សង្វៀន​ដែល​គេ​បើក​ក្នុង​កាស៊ីណូ​ឡើយ ដោយ​ក្នុង​មួយ​សប្ដាហ៍​គេ​បញ្ជល់មាន់​នៅ​ថ្ងៃ​អាទិ​ត្រ ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ចូលទៅ​លេងល្បែង​ស៊ីសង​ក្នុង​សង្វៀន​បញ្ជល់មាន់​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ត្រូវ​បង់លុយ​ឲ្យ​ម្ចាស់​សង្វៀន​ក្នុង​ម្នាក់​១០​ដុល្លារ​ឬ​៤​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃ​មាន​បញ្ជល់មាន់​រាប់សិប​គូ​។ អ្នក​ចូល​លេងល្បែង​បញ្ជល់មាន់​មួយចំនួន​ចាញ់​អស់ប្រាក់​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ ហើយ​ម្ចាស់​សង្វៀន​បាន​ធានា​រក្សា​សន្តិសុខ​ជូន​អតិថិជន​របស់ខ្លួន​ផងដែរ​ដោយ​អះអាងថា មានការ​សម្របសម្រួល​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​រួចរាល់​ទៀតផង​។

ដោយសារតែ​សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​យ៉ាង​ពេញបន្ទុក​នោះ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អរិយ​ក្សត្រ បាន​ឲ្យ​ដឹងថា នៅ​កន្លែង​សង្វៀន​បញ្ជល់មាន់​នោះ មាន​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​បើក​លេង​ផងដែរ ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក នគរបាល​ប៉ុស្ដិ៍ និង​នគរបាល​ស្រុក ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បើទោះបី​ជាមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ លើស​នេះ​ទៅទៀត​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នោះ មាន​ការរក្សាសន្តិសុខ​យ៉ាង​តឹងតែង ព្រោះ​អ្នកបើក​សង្វៀនមាន​ខ្នងបង្អែក​រឹងមាំ ដូច្នេះ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ​៕

២២លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល