មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ពូកែ​ខាង​បាញ់បោះ​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

​លោក ផាន សុភ​ក្ដ្រ​វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដែល​ល្បី​ខាង​ប្រើ​កាំភ្លើង​បាញ់​គំរាម​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​ឬ​ដឹក​ជន្លង់ម្រេច​បន្តិចបន្តួច កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ បាន​អំពាវនាវ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ចាត់វិធានការ​ណែនាំ​ដល់​លោក ផាន សុភ​ក្ដ្រ​វាសនា ដើម្បី​កុំ​ឲ្យ​ប្រើ​អំណាច​កាំភ្លើង​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក ផាន សុភ​ក្ដ្រ​វាសនា ហ៊ាន​តែ​ជាមួយ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ដែល​ដឹកជញ្ជូន​ឈើ និង​ជន្លង់ម្រេច​បន្តិចបន្តួច ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ និង​រថយន្ត​ទំនើបៗ​មិនដែល​ឃើញ​លោក ផាន សុភ​ក្ដ្រ​វាសនា ហ៊ាន​ក្អក​ជាមួយ​ពួកគេ​ឡើយ​។

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​បង្ក្រាប​គោយន្ត​ដឹកឈើ​២​គ្រឿង ហើយ​នាំយក​គោយន្ត​និង​ឈើ​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង​។ បន្ទាន់​មក​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​គោយន្ត​ដឹកឈើ​បាន​ព្យាយាម​ចូលទៅ​សម្របសម្រួល​យក​គោយន្ត​មកវិញ តែ​ត្រូវ​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាង​កំរោល​ពី​សំណាក់​លោក ផាន សុភ​ក្ដ្រ​វាសនា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដោយ​ព្រមាន​វាយខ្នោះ​ទៀតផង ប្រសិនបើ​ពលរដ្ឋ​នៅតែ​ចេញចូល​ក្នុង​ទីបញ្ជាការ​។ បន្តិចក្រោយមក​ស្រាប់តែ​ឮសូរ​សំឡេង​គ្រាប់កាំភ្លើង​អាកា​២​គ្រាប់ ដែល​លោក ផាន សុភ​ក្ដ្រ​វាសនា បាញ់​ឡើងលើ​ធ្វើ​ឲ្យ​ផ្អើល​អ្នកស្រុក ហើយ​ម្ចាស់​គោយន្ត​ដឹកឈើ​រត់​បាតជើង​ស​ព្រាត​ចេញពី​ទីនោះ​។

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក ផាន សុភ​ក្ដ្រ​វាសនា ប្រើ​កាំភ្លើង​បាញ់​គំរាម​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​កន្លងមក​កាលពី​អំឡុង​ចុងខែ​មេសា ឆ្នាំ​២០១៦ ក៏​លោក ផាន សុភ​ក្ដ្រ​វាសនា ប្រើ​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់​ទៅលើ​ក្រុម​អ្នករកស៊ី​ដឹក​ជន្លង់ម្រេច​នៅ​ចំណុច​ខ្លា​ស្ទុះ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ផងដែរ​។ មានការ​រិះគន់ថា ក្នុងនាម​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ លោក ផាន សុភ​ក្ដ្រ​វាសនា ប្រើ​អំណាច​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​យ៉ាង​គឃ្លើន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ដូច្នេះ​អភិបាល​ខេត្តក្រចេះ លោក សរ ចំ​រ៉ុង ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ គួរពិនិត្យមើល​បញ្ហា​នេះ និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់លោក ផាន សុភ​ក្ដ្រ​វាសនា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​កងរាជអាវុធហត្ថ​ទាំងមូល​៕

fn-2016-05-22-10-52-52-21-1024x576 fn-2016-05-22-10-52-52-3-1