ក្រសួងសុខាភិបាល គួរ​ចាត់វិធានការ​តាមច្បាប់​លើ​ម្ចាស់​គ្លីនិក ឃឹម រ៉ានី ដែល​ប្រព្រឹត្ត​អំពើអាក្រក់​យូរ​មកហើយ​

កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ក្រសួងសុខាភិបាល ដែលមាន​លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី បានចេញ​លិខិត​ជា​ផ្លូវ​ការសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល ឃឹម រ៉ានី ទាំងស្រុង​។ ប៉ុន្តែ​ក្រសួងសុខាភិបាល មិនទាន់​ចាត់វិធានការ​ផ្លូវច្បាប់​រឿង​ព្រហ្មទណ្ឌ​ទៅលើ​ម្ចាស់​គ្លីនិក ឃឹម រ៉ានី នៅឡើយ​ទេ​បើទោះបី​កន្លងមក​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​មួយ​នេះ កើតមាន​រឿងអាស្រូវ​រាប់រយ​លើក​យ៉ាងណាក៏ដោយ​។ ហេតុនេះហើយ​ទើប​មហាជន​អំពាវនាវ​ឲ្យ​ក្រសួងសុខាភិបាល ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​គ្លីនិក ឃឹម រ៉ានី ដើម្បី​កុំ​ឲ្យ​ម្ចាស់​គ្លីនិក​នេះ បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​និង​ប្រព្រឹត្ត​អំពើអាក្រក់​យ៉ាង​គឃ្លើន​តទៅទៀត​។

សូម​រំ​ឡឹ​ក​ដែរ​ថា​កន្លងមក​គ្លីនិក ឃឹម រ៉ានី ដែលមាន​អ្នកស្រី ឃឹម រ៉ានី ជា​ម្ចាស់​បានកើត​មានរឿង​អាស្រូវ​មិន​អស់​មិន​ហើយ ទាំង​កំហុស​របស់​គ្រូពេទ្យ ទាំង​សេវា​ព្យាបាល​ថ្លៃ​ហួសហេតុ និង​ការយក​រថយន្ត​សង្គ្រោះ​របស់ខ្លួន​ទៅ​ដឹក​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បំពាន​លើ​បម្រាម​របស់​ក្រសួងសុខាភិបាល​។ ទោះជា​យ៉ាងណា​កន្លងមក​ក្រសួងសុខាភិបាល ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អំពើអាក្រក់​និង​អំពើ​ខុសច្បាប់​របស់​ម្ចាស់​គ្លីនិក ឃឹម រ៉ានី​។ ទាល់តែ​គ្រូពេទ្យ​នៅក្នុង​គ្លីនិក​នេះ ចាក់​ថ្នាំ​និង​ឲ្យ​អ្នកជំងឺ​ម្នាក់​លេបថ្នាំ ហើយ​ស្លាប់បាត់​បង់ជីវិត កាលពី​ថ្ងៃទី​២២ ខែឧសភា ទើប​នៅ​ថ្ងៃទី​២៣ ខែឧសភា ក្រសួងសុខាភិបាល ចេញ​លិខិត​សម្រេច​បិទ​គ្លីនិក​នេះ​តែម្តង​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ក្រសួងសុខាភិបាល ចាត់វិធានការ​តាមច្បាប់​ព្រហ្មទណ្ឌ​ទៅលើ​ម្ចាស់​គ្លីនិក ឃឹម រ៉ានី ថែមទៀត​ដើម្បី​ជាការ​ព្រមាន​ដល់​ជនខិលខូច​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ម្ចាស់​គ្លីនិក ឃឹម រ៉ានី ជា​មន្ត្រី​យោធា និង​មាន​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងការពារជាតិ ទើប​កន្លងមក​មិន​ខ្លាច​បម្រាម​របស់​ក្រសួងសុខាភិបាល ហើយ​ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ធ្លាប់មាន​ក្រុមគ្រួសារ​អ្នកជំងឺ​ទៅ​តវ៉ា​ដល់​មុខ​គ្លីនិក ឃឹម រ៉ានី ជា​ញឹកញាប់​នាពេល​កន្លងមក ដោយសារ​ការទារ​ថ្លៃ​សេវា​ព្យាបាល​ខ្ពស់​ហួសហេតុ ពី​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ អ្វីដែល​អាក្រក់​បំផុត​នោះ គឺមាន​សេចក្ដីរាយការណ៍​ថា​ម្ចាស់​គ្លីនិក ឃឹម រ៉ានី បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​គ្រប់​ខ​ណ្ឌ​ក្នុង​រាជរាជ​ធានី​ភ្នំពេញ ក្នុង​ការដឹក​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មក​សង្គ្រោះ ហើយ​បង្ខំ​ឲ្យ​បង់លុយ​យ៉ាងច្រើន​ហួសហេតុ​។ អំពើ​ដ៏​អាក្រក់​របស់​ម្ចាស់​គ្លីនិក ឃឹម រ៉ានី គឺ​ក្រោយពេល​ក្រសួងសុខាភិបាល សម្រេច​ប្រកា​សបិទ​ជា​ស្ថាពរ គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​គ្លីនិក​នេះ​ថែមទៀត ដើម្បី​ឲ្យ​មហាជន​ស្ងប់ចិត្ត​៕

images3លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល desw