លោក យឹម សុវណ្ណ បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រក​ទីតាំង​ថ្មី​សម្រាប់​ស្ថានីយ៍ទូរទស្សន៍​

​ក្រោយពី​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ហាមឃាត់​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំឡើង​អង់​តែ​ន​ស្ថានីយ៍​ទូ​រទ​ស្យន៍​ព្រះអាទិត្យ​នៅលើ​ទីតាំង​ដែល​បាន​គ្រោងទុក​ក្រោម​ហេតុផល​ថា​មាន​ការតវ៉ា​ពី​ប្រជា​ពល​ដ្ឋ​មូលដ្ឋាន​មក​នោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ដើម​សប្តាហ៍​នេះ ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រក​ដំណោះស្រាយ​បន្តទៀត​។​

លោក យឹម សុវណ្ណ បាន​ពន្យល់ថា​បច្ចុប្បន្ន​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វែងរក​ទីតាំង​ថ្មី​សម្រាប់​ការសាងសង់​អង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ បន្ទាប់ពី​ទីតាំង​ចាស់​ត្រូវ​អាជ្ញាធរ​ខេត្តកណ្តាល​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ដោយ​លើក​ហេតុផល​ថា មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់​ជា​សាធារណៈ​ដែរ ថា លោក និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផ្សេងទៀត​បាននិងកំពុង​ត្រួត​ពិនិត្យមើល​ទីតាំង​ថ្មី​សម្រាប់​សាងសង់​ទូរទស្សន៍​ព្រះអាទិត្យ ប៉ុន្តែ​លោក​ពុំទាន់​បានបញ្ជាក់​អំពី​ទីតាំង​នៅឡើយ​ទេ​។ លោក អេង ឆៃអ៊ាង ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល បាន​បញ្ជាក់ថា ការជ្រើសរើស​ទីតាំង​ថ្មី​នេះ ដោយសារ​ទីតាំង​ចាស់​ត្រូវ​អាជ្ញាធរ​ខេត្តកណ្តាល​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ដោយ​លើក​ហេតុផល​ថា​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​។​

តាម​គម្រោង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវគេ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាប់ផ្ដើម​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ដើមឆ្នាំ​២០១៦ បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​រហូត​មកដល់ពេលនេះ ហើយ​គម្រោង​បង្កើត​ស្ថានីយទូរទស្សន៍​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​បានសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ក្រុមហ៊ុន​ឯកជន បន្ទាប់ពី​មានការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​។ សេចក្តីសម្រេច​នោះ​អនុញ្ញាតឱ្យ​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា មាន​ស្ថានីយ៍ទូរទស្សន៍​ដំបូង​បំផុត ដែលមាន​កម្លាំង​ផ្សាយ​១០​គីឡូវ៉ាត់ នៅ​រាជធានី​ភ្នំពេញ និង​១​គីឡូវ៉ាត់ នៅតាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​៕

vayo​    ​