​លោក អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​រក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​រក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ហើយ​ការរក​អន្តរាគមន៍​ពី​អន្តរជាតិ​នេះ​ដោយសារ​ព្រះមហាក្សត្រ​មិនទាន់​ឆ្លើយតប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​។​

កាលពីពេល​ថ្មីៗ​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់ខ្លួន​អ្នកនយោបាយ សកម្មជន​ការពារ​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សមាជិក​ព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ​គណបក្សជំទាស់ ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​ប្តឹង​អ្នកវិភាគ​នយោបាយ​មួយចំនួន​។ យុទ្ធនាការ​គាបសង្កត់​របស់​រដ្ឋាភិបាល​លើ​អ្នក​រិះគន់​ខាងលើនេះ ត្រូវបាន​សហគមន៍ជាតិ និង​អន្តរជាតិ​រិះគន់ និង​ថ្កោលទោស​ជា​បន្តបន្ទាប់​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើលិខិត​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន និង​បណ្តា​ប្រទេស​ហត្ថលេខី ដើម្បី​ប្រាប់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​យើង​ក៏​ព្យាយាម ជំរុញ​យ៉ាងម៉េច​ឲ្យ​មាន​ការជួប​ជជែក​គ្នា​រវាង​គណបក្ស​ទាំងពីរ ដើម្បី​រក​ដំណោះស្រាយ​ផងដែរ​។ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា និង​អង្គការ​មួយចំនួន​បាន​ថ្កោលទោស​ទៅនឹង​ចំណាត់ការ​របស់​គណបក្ស​កាន់អំណាច​នេះ​ថា បាន​រំលោភច្បាប់ រំលោភសិទ្ធិ​មនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ​ជាដើម​។​

​គួរ​បញ្ជាក់ថា កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​ចរចា​រវាង​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ពិសេស​បញ្ហា​ប្រទេសជាតិ​។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្កត់ធ្ងន់ថា បើ​ស្ថានការណ៍​ដូច​បច្ចុប្បន្ន​នៅតែ​អូសបន្លាយ​បន្តទៀត ក៏​វា​មិនបាន​ផ្តល់​ផលចំណេញ​អ្វី​ដល់​ប្រទេសជាតិ​ដែរ ហើយ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​អាច​កើតឡើង ឬ​អត់​វា​អាស្រ័យ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​៕

Nita-A-5-5-Full-700x400